ជាតិ
កូរ៉េ​បន្ត​ជួយ​កម្ពុជា​លើ​ការពង្រឹង​សុខភាព​និង​សុវត្ថិភាព​ការងារ​រយៈពេល​៣​ឆ្នាំ​ទៀត​
10, Dec 2019 , 9:39 pm        
រូបភាព
​សៀមរាប​៖ ទីភ្នាក់ងារ​សុខភាព និង​សុវត្ថិភាព​ការងារ​កូរ៉េ (KOSHA) បានសម្រេច​បន្ត​កិច្ចសហប្រតិបត្តិការ​ជួយ​ពង្រឹង​សុខភាព និង​សុវត្ថិភាព​ការងារ​ជាមួយ​កម្ពុជា​ជា​លើក​ទី​៤ រយៈពេល​៣​ឆ្នាំ​ទៀត (២០១៩-២០២២) ក្រោយ​អនុវត្ត​ចំនួន​៣​លើក​មកហើយ​តាំងពី​ឆ្នាំ​២០១០​។​

 
​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានរៀបចំ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ទីភ្នាក់ងារ​សុខភាព និង​សុវត្ថិភាព​ការងារ​កូរ៉េ​ជា​លើក​ទី​៤ បន្ទាប់ពី​កិច្ចសហប្រតិបត្តិការ​នេះ​ចាប់ផ្តើម​ពី​ឆ្នាំ​២០១០​មក​។ ការងារ​នេះ​ធ្វើឡើង​ក្នុង​បំណង​ដើម្បី​គាំទ្រ និង​កសាង​សមត្ថភាព​ដល់​ប្រទេស​កម្ពុជា​ក្នុង​វិស័យ​សុខភាព​និង​សុវត្ថិភាព​ការងារ ព្រមទាំង​រួមចំណែក​ក្នុងការ​លើកកម្ពស់​សុខ​ភាព​និង​សុវត្ថិភាព​ការងារ​របស់​កម្មករ​និយោជិត​នៃ​ប្រទេស​ទាំងពីរ​។​


 
​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ខាងលើនេះ ត្រូវបាន​ធ្វើឡើង​រវាង​លោក ហ៊ុយ ហាន​សុង រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជាមួយ​លោក Chuil-woo LEE អនុប្រធាន​ទីភ្នាក់ងារ KOSHA របស់​សាធារណរដ្ឋ​កូរ៉េ នា​ថ្ងៃទី​១០ ធ្នូ នៅ​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តសៀមរាប​។​
 
​លោក ឡេង តុង ប្រធាន​នាយកដ្ឋាន​ពេទ្យ​ការងារ នៃ​ក្រសួង​ការងារ បានឱ្យដឹងថា ការអនុវត្ត​គម្រោង​៣​លើក​កន្លងមក ភាគី​ទាំងពី​ក៏បាន​បញ្ជូន​អ្នកជំនាញ និង​បណ្ដុះបណ្ដាល​ជន​បង្គោល​ទៅវិញទៅមក​ផងដែរ​។ លោក ឡេង តុង បន្ថែមថា ដើម្បីឱ្យ​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​ប​ច្ចេកទេស​អនុវត្ត​ឱ្យបាន​ទទួលជោគជ័យ​បន្ថែមទៀត ក្រសួង​ការងារ បា​ស្នើសុំ​ដល់ទី​ភ្នាក់ងារ KOSHA និង​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ​គិតគូរ​នូវ​លទ្ធភាព ក្នុងការ​បណ្តុះបណ្តាល​ប​ន្ថែ​ម​ដល់​មន្ត្រី​អធិការកិច្ច​ការងារ​លើ​ការចុះ​អធិការកិច្ច​ការងារ​ក្នុង​វិស័យ​សំណង់ ការជួយ​ក្នុង​រៀបចំ​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​គ្រោះថ្នាក់​ការងារ និង​ជំងឺ​វិជ្ជាជីវៈ ផ្តល់​វគ្គ​បណ្តុះបណ្តាលរ​យៈ​វែង​ដល់​មន្ត្រី​នាយកដ្ឋាន​ពេទ្យ​ការងារ និង​មន្ត្រី​ពាក់ព័ន្ធ​អំពី​សុខភាព និង​សុវត្ថិភាព​ការងារ ព្រមទាំង​ផ្តល់​ការឧបត្ថម្ភ​នូវ​ឧបករណ៍ និង​បរិក្ខា​មន្ទីរពិសោធន៍​ដែល​ប្រើប្រាស់​រួច​ដល់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សម្រាប់​បម្រើការ​ងារ​សុខ​ភាព និង​សុវត្ថិភាព​ការងារ​។​
 
​គួរ​បញ្ជាក់ថា កិច្ចសហប្រតិបត្តិការ​នេះ​ក៏​ស្រប​នឹង​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឆ្នាំ​២០១៩-២០២៣ របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កម្ពុជា​ផងដែរ ដែល​ចង់​រៀបចំ​ប្រព័ន្ធ​សុខភាព និង​សុវត្ថិភាព​ការងារ​នេះ​ឱ្យបាន​ល្អប្រសើរ​ចាប់ពី​ថ្នាក់ជាតិ​រហូតដល់​សហ​គ្រាស​៕



Tag:
 ការងារ​
  សុវត្ថិភាព​ការងារ​
  កូរ៉េ​
© រក្សាសិទ្ធិដោយ thmeythmey.com