កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ សៀង ច​ន្ធា បំបែក​កំណត់ត្រា​ខ្សែប្រយុទ្ធ​ឥណ្ឌូណេស៊ី Patrich Wanggai
11, Dec 2019 , 3:03 pm        
រូបភាព
កាលពីឆ្នាំ២០១១ ខ្សែប្រយុទ្ធឥណ្ឌូណេស៊ី Patrich Wanggai ស៊ុតបាល់បញ្ចូលទីលើសិង្ហបុរី ក្រោយប្រកួតបាន៤៤វិនាទី តែនៅឆ្នាំ២០១៩ នេះ ខ្សែប្រយុទ្ធវ័យក្មេងកម្ពុជា សៀង ចន្ធា សម្រេចបានគ្រាប់បាល់នៅមុខមីយ៉ាន់ម៉ា ក្រោយដំណើរការប្រកួតត្រឹម១៧វិនាទីប៉ុណ្ណោះ។ រូបថត FFC និង AFP
កាលពីឆ្នាំ២០១១ ខ្សែប្រយុទ្ធឥណ្ឌូណេស៊ី Patrich Wanggai ស៊ុតបាល់បញ្ចូលទីលើសិង្ហបុរី ក្រោយប្រកួតបាន៤៤វិនាទី តែនៅឆ្នាំ២០១៩ នេះ ខ្សែប្រយុទ្ធវ័យក្មេងកម្ពុជា សៀង ចន្ធា សម្រេចបានគ្រាប់បាល់នៅមុខមីយ៉ាន់ម៉ា ក្រោយដំណើរការប្រកួតត្រឹម១៧វិនាទីប៉ុណ្ណោះ។ រូបថត FFC និង AFP
ដោយ: រួបរួម
U22 កម្ពុជា​ខក​ឱកាស​ទទួល​មេដាយ​ជា​លើកដំបូង​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ប៉ុន្តែ​ក្រុមបាល់ទាត់​មួយ​នេះ បានផ្តល់​ស្នាមញញឹម​សម្រាប់​អ្នកគាំទ្រ​។ ក្រៅពី​កំណត់ត្រា​ចូលដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជា​លើកដំបូង​ក្នុងការ​ប្រកួត​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​នេះ ខ្សែប្រយុទ្ធ​វ័យក្មេង សៀង ច​ន្ធា បាន​បង្កើត​កំណត់ត្រា​ពិសេស​ផ្ទាល់ខ្លួន តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​នាំមុខ​មី​យ៉ាន់​ម៉ា ១-០ នា​ការ​ប្រកួត​ដណ្តើម​មេដាយ​សំរឹទ្ធ ខណៈ​ការប្រកួត​ដំណើរ​បានតែ​១៧​វិនាទី​ប៉ុណ្ណោះ​។​

 
​វ័យ​ត្រឹម​១៧​ឆ្នាំ សៀង ច​ន្ធា បាន​ក្លាយជា​កីឡាករ​បាល់ទាត់​ដ៏​អស្ចារ្យ​សម្រាប់​ក្រុម​អ្នកគាំទ្រ មិន​ថា ឈុត​យុវជន ឈុត​ជម្រើសជាតិ ឬ​ឈុត​ស៊ី​ហ្គេម​នេះឡើយ​។ ក្រោយ​អវត្តមាន​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជាមួយ​វៀតណាម ដោយសារ​ការជាប់​ពិន័យ ច​ន្ធា ស្ថិតក្នុង​ជម្រើស​ដំបូង​នា​ជំនួប​ដណ្តើម​មេដាយ​សំរឹទ្ធ​ជាមួយ​មី​យ៉ាន់​ម៉ា កាលពី​រសៀល​ថ្ងៃទី​១០ ខែធ្នូ​។​
 
​ក្រោយ​លោក​អាជ្ញាកណ្តាល​តៃវ៉ាន់ Chen Hsin-chuan ផ្លុំ​កញ្ចែ​ផ្តើម​ការប្រកួត ស៊ិន សុ​ផា​ណាត់ បាន​ទាត់​បាល់​ចេញ​ដំបូង​ហើយ​កីឡាករ​កម្ពុជា​បាន​បញ្ជូន​ឲ្យ​គ្នា​ទៅវិញទៅមក ដោយ​ឆ្លងកាត់​៦​ប៉ះ មុនពេល កែវ សុខ​ផេង បញ្ជូនទៅ​ឲ្យ សៀង ច​ន្ធា​។​
 
 
​ច​ន្ធា បាន​ប្រើ​ល្បឿន ប្រជែង​យក​បា​ល់ពី​ខ្សែការពារ​មី​យ៉ាន់​ម៉ា Soe Moe Kyaw​។ ខ្សែប្រយុទ្ធ​វ័យក្មេង​រូបនេះ បន្ត​នាំ​បាល់​ទៅ​ប្រអប់​គ្រោះថ្នាក់ ហើយ ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​អស្ចារ្យ​នៅត្រឹម​១៧​វិនាទី​ដំបូង ខណៈ​កីឡា​ករមី​យ៉ាន់​ម៉ា Aung Wunna Soe, Ye Min Thu, Ye Yint Aung និង​អ្នកចាំទី Sann Satt Naing បាន​ត្រឹម​ឈរ​ស្រឡាំងកាំង​។​
 
​គ្រាប់​បាល់​បញ្ចូល​ទី​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម មិន​ត្រូវបាន​កត់ត្រា​ប​ញ្ចូ​ល​ទាំងអស់​នោះឡើយ ប៉ុន្តែ​សារព័ត៌មាន ThmeyThmey ពឹងផ្អែក​តែ​ទៅលើ​លទ្ធផល​មួយចំនួន​ដែល​ជាមួយនឹង​ពេលវេលា​នៃ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​តែប៉ុណ្ណោះ​។​
 
​កំណត់ត្រា​បានបង្ហាញ​ថា សៀង ច​ន្ធា ធ្វើបាន​ល្អប្រសើរ​ជាង​ខ្សែប្រយុទ្ធ​ឥណ្ឌូណេស៊ី Patrich Wanggai ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​៤៤​វិនាទី​ដំបូង នា​ជ័យជម្នះ ២-០ លើ​សិង្ហ​បុរី នា​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​កាលពី​ឆ្នាំ​២០១១ ។​
 
​កីឡាករ និង​អតីត​កីឡាករ​ផ្សេងទៀត​ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ក្នុង​រយៈពេល​២​នាទី​ដំបូង​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម មានដូចជា កីឡាករ​ម៉ាឡេស៊ី James Wong នា​ជ័យជម្នះ ៩-១ លើ​មី​យ៉ាន់​ម៉ា (​ឆ្នាំ​១៩៧៧), Fandi Ahmad គ្រូបង្វឹក U22 សិង្ហ​បុរី​បច្ចុប្បន្ន ពេល​ឈ្នះ​ហ្វីលីពីន ៥-០ (​ឆ្នាំ​១៩៨៣), Sarayuth Chaikamdee គ្រូបង្វឹក​បច្ចុប្បន្ន​នៃ​ក្លិប Khon Kaen United  ពេល​ថៃ​ឈ្នះ​ឡាវ ៦-០ (​ឆ្នាំ​២០០៣) ខ្សែបម្រើ​ថៃ Thitipan Puangchan នា​ជ័យជម្នះ ៣-១ លើ​ទី​ម័​រ​ខាងកើត (​ឆ្នាំ​២០១៣), ខ្សែបម្រើ​ថៃ Pokklaw Anan ពេល​ឈ្នះ​ឥណ្ឌូណេស៊ី ៤-១ (​ឆ្នាំ​២០១៣) និង​ខ្សែប្រយុទ្ធ​សិង្ហ​បុរី Taufik Suparno ពេល​ឈ្នះ​ឡាវ ២-០ កាលពី​ឆ្នាំ​២០១៧៕

Tag:
 បាល់ទាត់​
  ស៊ី​ហ្គេម​
  SEAGames
  សៀង ច​ន្ធា​
© រក្សាសិទ្ធិដោយ thmeythmey.com