សម្ដេច ហ៊ុន សែន ប៉ង​វាយ​កូន​ហ្គោល​ជាមួយ​លោក ត្រាំ នៅ​អាមេរិក​
ជាតិ
សម្ដេច ហ៊ុន សែន ប៉ង​វាយ​កូន​ហ្គោល​ជាមួយ​លោក ត្រាំ នៅ​អាមេរិក​
11, Dec 2019 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ នាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​វាយ​កូន​ហ្គោល​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ ក្រោយ​កិច្ចប្រជុំ​រវាង​អាមេរិក​-​អាស៊ាន នៅ​អាមេរិក នា​ឆ្នាំ​២០២០​ខាងមុខ​។ សម្ដេច ហ៊ុន សែន ថ្លែង​បែបនេះ នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា (CUS) នា​ព្រឹក ថ្ងៃទី​១១ ធ្នូ​។​


 
«​ខ្ញុំ​ត្រៀម​ប្រដាប់​វាយ​កូន​ហ្គោល​ទៅហើយ ព្រោះ​លោក ត្រាំ ពូកែ​វាយ​កូន​ហ្គោល​។ ចង់​មិន​ចង់ ខ្ញុំ​វាយ​កូន​ហ្គោល​ឱ្យបាន​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន ដែល​ឆ្លើយតប​បែប​ចំអក ទៅ​អ្នក​រិះគន់​លោក​ថា អាមេរិក​កំពុង​ដាក់​សម្ពាធ​មកលើ​រដ្ឋាភិបាល​កម្ពុជា​។​



 
​ដោយ​មិនទាន់​អស់ចិត្ត ប្រមុខ​រដ្ឋាភិបាល បាន​អះអាង​បន្ថែមថា រដ្ឋាភិបាល​អាមេរិក គ្មាន​ហេតុផល​អ្វី​មក​សង្កត់​«​ក​» សម្ដេច​ឡើយ ខណៈ​ប្រទេស​ទាំងពីរ​កំពុង​ពង្រឹង​ទំនាក់ទំនង​គ្នា តាមរយៈ​សេចក្តីថ្លែងការណ៍​ប្រកាស​ពី​ជំហរ​ភាគី​ទាំងសងខាង ទៅវិញទៅមក កាលពីពេល​ថ្មីៗ​នេះ ។ «​អញ​ទៅលេង​កូន​ហ្គោល​ជាមួយ ត្រាំ ។ អញ​ទៅ​ប្រជុំ​ជាមួយ ត្រាំ ។ រឿង​អី ត្រាំ មក​សង្កត់​«​ក​» ហ៊ុន សែន​»​។ នេះ​ជាការ​លើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី ដែល​ចង់​សាក​ថ្វីដៃ​វាយ​កូន​ហ្គោល​ជាមួយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ក្រោយ​ឮដំណឹង​ពី​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្ស៊ូ អា​បេ ថា លោក ត្រាំ ពូកែ​វាយ​កូន​ហ្គោល​។​
 
​កាលពី​រសៀល​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩ ប្រធានាធិបតី​អាមេរិក បាន​បញ្ជូន​លិខិត​ចំនួន​ពីរ​ច្បាប់​មក​សម្ដេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន តាមរយៈ​លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​។ ក្នុង​លិខិត​ទី​១ គឺ​អាមេរិក និយាយ​ពី​ការពង្រឹង​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​អាមេរិក​។ ជាពិសេស​គាំទ្រ​ដល់​កម្ពុជា និង​គោរព​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា រួមទាំង​មិន​គាំទ្រ​ឲ្យ​មានការ​ផ្លាស់ប្តូរ​របប​នៅ​កម្ពុជា​ឡើយ​។ ដ្បិត​លោក ត្រាំ លើកឡើង​បែបនេះ​ក្តី ប៉ុន្តែ​ក្នុង​លិខិត​នោះ ក៏បាន​តំ​លេច​ឃ្លា ដែល​លោក ត្រាំ ជំរុញ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នាំ​នាវា​កម្ពុជា ឆ្ពោះទៅកាន់​ប្រជាធិបតេយ្យ​ដែរ​។​
 
​ដោយឡែក​លិខិត​ទី​ពីរ គឺ​លោក ដូ​ណា​ល់ ត្រាំ អញ្ជើញ​សម្តេចនាយករ​ដ្ឋ​មន្ត្រី ទៅ​ចូលរួម​ប្រជុំ​កំពូល​រវាង​អាមេរិក និង​អាស៊ាន ដែល​រៀបចំ​លើ​ទឹកដី​អាមេរិក នៅ​ឆ្នាំ​២០២០​។ សម្ដេច ហ៊ុន សែន យល់ព្រម​តាម​លិខិត​របស់​ប្រធានាធិបតី​អាមេរិក​នេះ​៕

Tag:
 ហ៊ុន សែន​
  ដូ​ណា​ល់ ត្រាំ
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com