ពីនេះ ពីនោះ
ចង់បាន​ទិន្នផល​ខ្ពស់ គួរ​ដាំ​ល្ហុង​នៅ​ដើមរដូវ​វស្សា​!
12, Dec 2019 , 7:59 am        
រូបភាព
រូបភាពពី​ហ្វេសប៊ុក​លោក យ៉ង សាំងកុមារ
រូបភាពពី​ហ្វេសប៊ុក​លោក យ៉ង សាំងកុមារ
​ភ្នំពេញ​៖ កសិករ​គ្រប់រូប​តែង​គិតថា​ល្ហុង ជា​ដំណាំ​ដែល​មិន​រើស​រដូវ ដែល​អាច​ដាំ​បាន​នៅ​រដូវ​ណាមួយ​ក៏បាន​។ សម្រាប់​កសិករ​ជ្រើសរើស​ការដាំ​ដំណាំ​ល្ហុង​ជា​អាជីវកម្ម ដែល​ដាំ​ទៅ​ដើម្បី​ទទួលបាន​ទិន្នផល​ល្អ និង​មាន​ទីផ្សារ​នោះ កសិករ​គួរ​ដាំ​នៅ​រដូវភ្លៀង​។ ក្នុង​ការដាំ​កសិករ​ក៏ត្រូវ​ដឹង​ពី​ការត្រៀម និង​ជ្រើសរើស​ពូជ​ដាំ ការបណ្ដុះ​កូន ការរៀបចំ​ដី ការដាំ និង​ការថែទាំ​ជាដើម​។​


 
​សម្រាប់​ការជ្រើសរើស​ពូជ កសិករ​ត្រូវ​ពិនិត្យមើល​គ្រាប់ពូជ​ដែល​ចេញពី​ផ្លែ មាន​លក្ខណៈ​ធំ វែង ហើយ​ជា​ពូជ​ដុះ​ចេញពី​ដើម​មាន​សុខភាព​ល្អ និង​មាន​ផ្លែ​ច្រើន​មិន​ដាច់​។ កសិករ​ត្រូវ​ចេះ​ត្រៀម​ពូជ ដែល​នៅពេល​ផ្លែ​ទុំ​ត្រូវ​ពុះ​យក​គ្រាប់​ចេញពី​ផ្លែ​ទៅ​លាង​ទឹក​ឲ្យ​ជ្រះ​រំអិល រួចហើយ​យកទៅ​សំដិល​ហាល ២-៣​ថ្ងៃ​ឲ្យ​ស្ងួត​ល្អ​ទើប​យកទៅ​រក្សាទុក​។ 
 
​ក្រៅពី​ចេះ​ជ្រើសរើស​ពូជ កសិករ​ក៏ត្រូវ​ដឹង​ពី​ការបណ្ដុះ​កូន ដែល​ដំបូង​យក​គ្រាប់​ទៅ​បណ្ដុះ មុននឹង​យកទៅ​ដាំ​ក្នុង​ចម្ការ​។ បន្ទាប់មក​យក​ដី​ដែលមាន​ជីជាតិ​ដាក់ចូល​ក្នុង​ថង់​ខ្មៅ និង​យក​គ្រាប់​ទៅ​ត្រាំ​ទឹក​រយៈពេល​៣​ថ្ងៃ រួច​ផ្អាប់​ទុក​៧​ថ្ងៃ​ឲ្យ​ចេញ​ពន្លក​សៗ ហើយ​ទើប​យកទៅដាក់​ដាំ​នៅក្នុង​ថង់​ពី ៣-៤​គ្រាប់​ក្នុង​១​ថង់​។ ក្រោយពី​បណ្ដុះ​កូន​រួច កសិករ​ត្រូវ​ស្រោច​ទឹក​ឲ្យ​ជោក​រាល់ថ្ងៃ ដើម្បី​ឲ្យ​លូតលាស់​បានល្អ និង​សម្រាប់​ថ្នាល​បណ្ដុះ ត្រូវ​ប្រក់​សំណាញ់ កុំ​ឲ្យ​ត្រូវ​ពន្លឺ​ថ្ងៃ​ខ្លាំងពេក​។​
 
​កសិករ​ត្រូវ​រៀបចំ​ដី​សម្រាប់​ដាំ​ដោយ​ភ្ជួរ​ហាល​ពី​៤-៥​លើក ដោយ​ចន្លោះ​ពីមួយ​លើក​ទៅមួយ​លើក​មាន​រយៈពេល​១០​ថ្ងៃ​។ ក្នុងពេល​ភ្ជួរ​លើកដំបូង កសិករ​ត្រូវដាក់​ជី​លាមក​សត្វ​ពុកផុយ  បន្ទាប់ពី​ភ្ជួរ​រួច កសិករ​ត្រូវ​លើក​រង​ដែល​ទទឹង ១,៥​ម៉ែត្រ និង​បណ្ដោយ​ទៅតាម​ស្ថានភាព​នៃ​ដី​។ កសិករ​ក៏ត្រូវ​ជីករណ្ដៅ​ជា​ជួរៗ មាន​ទំហំ ៣​តឹក ៤​ជ្រុង និង​ជម្រៅ ៣​តឹក ទុកចន្លោះ​ពីរ​ណ្ដៅ​មួយ​ទៅ​រណ្ដៅ​មួយ​ប្រវែង ២​ម៉ែត្រ​ហើយ​នៅក្នុង​រណ្ដៅ កសិករ​ក៏ត្រូវ​ដាក់​ជី​លាមក​សត្វ​ពុកផុយ​ច្របល់​ជាមួយ​ដី​ឲ្យ​សព្វ​។​
 
​ខែមេសា ឬ​ឧសភា ជា​ខែ​ដែល​ល្អ​បំផុត​សម្រាប់​ដាំ​កូន​ល្ហុង ព្រោះ​ជាដើម​រដូវវស្សា ដែល​កសិករ​អាច​កាត់​បន្ថយ​ការ​ស្រោច​ទឹក​។ កូន​ល្ហុង​ដែល​យកមក​ដាំ​ត្រូវមាន​អាយុ ៤៥​ថ្ងៃ ដាក់​ដាំ​ក្នុង​រណ្ដៅ បន្ទាប់មក​យក​ដី​នៅ​មាត់​រណ្ដៅ​លុប​សង្កត់​ឲ្យ​ណែន រួច​យក​កំទេច​ចំ​ប៉ើង​គ្រប​គល់ និង​ស្រោច​ទឹក​ឲ្យ​ជោគ​។ 
 
​ក្នុងការ​ថែទាំ​ពេល​ល្ហុង​នៅ​តូច កសិករ​ត្រូវ​ស្រោច​ទឹក​ម្ដង​ក្នុង​១​ថ្ងៃ ប្រើ​ទុយោ​បាញ់​លើ​ស្លឹក​រហូតដល់​ធំ​ចេញ​ផ្កា ហើយក៏​ត្រូវ​បញ្ចូល​ទឹក​តាម​ចន្លោះ​រង ៣​ថ្ងៃ​ម្ដង កុំ​ឲ្យ​ដី​ស្ងួត​ពេក ក៏​មិនត្រូវ​ឲ្យ​សើម​ពេក​ដែរ​។ នៅពេល​ឃើញ​មាន​ឫស​ល្ហុង​ដុះ​លើ​ផ្ទៃដី កសិករ​ត្រូវ​ឧស្សាហ៍​ពូន​គល់​។ ក្រៅពី​ដាំ​បាន​នៅ​រដូវភ្លៀង ល្ហុង​ក៏​ជា​ដំណាំ​ត្រូវការ​ពន្លឺ​ថ្ងៃ ដូច្នេះ​កសិករ​ត្រូវ​កាច់​មែក​ដែល​ងាប់​ចោល និង​ធ្វើ​ស្មៅ​ក្បែរ​គល់ ដើម្បី​ឲ្យ​ពន្លឺ​ចាំង​ចូល​គ្រប់គ្រាន់​។ កសិករ​ត្រូវដាក់​ជី​ឲ្យ​កែង ៥​គីឡូក្រាម​នៅ​គល់​រណ្ដៅ សម្រាប់​បំប៉ន​ដំណាំ​។ 
 
​សូមបញ្ជាក់ថា ដំណាំ​ប្រភេទ​នេះ​តែង​ជួបប្រទះ​នូវ​សត្វល្អិត និង​ជំងឺ​មួយចំនួន​ដូចជា ជំងឺ​រលួយ​គល់ ធ្វើ​ឲ្យ​ស្លឹក​ស្រពោន​រលួយ​ឫស ជំងឺ​ពុក​ឫសកែវ​ស្លឹក​ឡើង​លឿង លែងចេញ​ផ្លែ ជំងឺ​ឆ្កូត​ត្រួយ ធ្វើ​ឲ្យ​ត្រួយ​រួញ​និង​ផ្អាក​ការចេញ​ផ្លែ​។ បន្ថែម​ពីលើ​នេះដែរ សម្រាប់​ការ​កម្ចាត់ កសិករ​ត្រូវ​ដក​ដើម​ចោល​បើ​ល្ហុង​នៅ​តូច ឬ​កាច់​ស្លឹក និង​ត្រួយ​ដែលមាន​ជំងឺ​នោះ​ចោល​តែម្ដង​៕
 
(​សារព័ត៌មាន​ថ្មីៗ​ដកស្រង់​ចេញពី​សៀវភៅ​ដំណាំ​ឈើ​ហូប​ផ្លែ​នៃ​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា​)

Tag:
 កសិកម្ម​
  ល្ហុង​
© រក្សាសិទ្ធិដោយ thmeythmey.com