អត្ថបទ៖ ស៊ីធី
អ្នកលេងក្បាច់គុនយូដូ មាស ម៉ើ ដែលមានបទពិសោធន៍នៅសង្វៀន ONE Championship ចំនួន៣លើក បានដាក់គោលដៅឡើងប្រកួតលើសង្វៀនវិញបន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេម បញ្ចប់ទៅនាថ្ងៃទី ១១ ខែធ្នូ។ មាស ម៉ើ បានខកបំណងក្នុងការយកមេដាយជូនជាតិ និង សម្រាប់ខ្លួនឯង។ រូបគេបានយកឈ្នះកីឡាករម៉ាឡេស៊ី នៅជុំទី១ ប៉ុន្តែបែរចាញ់កីឡាករម្ចាស់ផ្ទះហ្វីលីពីន នៅជុំទី២ហើយមិនអាចឆ្លងទៅដល់វគ្គយកមេដាយជូនកម្ពុជាឡើយ។
ម្ចាស់ខ្សែក្រវាត់ Khmer Warrior Challenge វគ្គ២ និង ជាកីឡាករមានបទពិសោធន៍ក្រាស់ក្រែល នៅសង្វៀនគុនចម្រុះក្នុងស្រុក និងអន្តរជាតិ បានផ្អាករបរបើកបររថយន្តឈ្នួល ជិត១ឆ្នាំមកហើយ ដើម្បីត្រៀមខ្លួនប្រកួតនៅស៊ីហ្គេម ប៉ុន្តែមិនអាចទទួលបានលទ្ធផលល្អ ព្រោះនេះជាលើកទី១ សម្រាប់រូបគេនៅព្រឹត្តិការណ៍កីឡាកម្រិតអាស៊ានមួយនេះ។ មាស ម៉ើ បង្ហាញភាពសោកស្ដាយ ដែលធ្វើមិនបានល្អនៅស៊ីហ្គេមសម្រាប់ខ្លួនឯងយ៉ាងដូច្នេះ៖«ខ្ញុំសោកស្ដាយ ក្នុងការប្រកួតលើកដំបូងនៅស៊ីហ្គេមរបស់ខ្ញុំ ពេលចាញ់កីឡាករម្ចាស់ផ្ទះហ្វីលីពីននៅជុំទី២។ ខ្ញុំចង់ឈ្នះមេដាយ ដើម្បីគ្រួសារខ្ញុំ និងជូនអ្នកគាំទ្រ។ ខ្ញុំបានប្រឹងខ្លាំងណាស់ តែលទ្ធផលវាមិនដូចការគិតទុកនោះទេ»។
មាស ម៉ើ ដែលខកខានឡើងសង្វៀន និង ហ្វឹកហាត់តាំងពីចុងខែ វិច្ឆិកា ឆ្នាំ២០១៨ បានគូសបញ្ជាក់ថា៖«ខ្ញុំសម្រាកនៅជាមួយគ្រួសារ ប្រពន្ធកូនរបស់ខ្ញុំរយៈពេល ១ អាទិត្យ ២ អាទិត្យសិន ព្រោះតាំងពីហ្វឹកហាត់មកជិត១ឆ្នាំពេញ ដែលខ្ញុំមិនសូវបាននៅជុំប្រពន្ធកូនជាប់លាប់នោះទេតាំងពីមុន រហូតដល់ចប់ស៊ីហ្គេម។ ខ្ញុំនឹងស្វែងរកក្លិបហាត់ ដើម្បីឡើងប្រកួតវិញមិនថាក្នុងស្រុក ឬអន្តរជាតិឡើយ»។
កីឡាករវ័យ២៩ឆ្នាំសង្កត់ធ្ងន់ថា៖«ប្រពន្ធខ្ញុំតែងតែឃាត់ខ្ញុំមិនឲ្យឡើងប្រកួត ប៉ុន្តែដោយសារខ្ញុំស្រលាញ់ និង ធ្លាប់ឡើងវ៉ៃ ក៏នៅតែចង់ឡើងសង្វៀនរហូត ទោះកាលខ្ញុំនៅរត់ឡានក៏ដោយ។ ឥឡូវ គីឡូខ្ញុំត្រឹម៦៥គីឡូ បន្ទាប់ពីសម្រកតាំងពី ៨២ គីឡូក្រាមមក។ ក្បាច់គុន ឬ គុនចម្រុះជាក្ដីស្រលាញ់របស់ខ្ញុំ។ ខ្ញុំរក្សាទម្ងន់នេះដើម្បីប្រកួតលើសង្វៀន មិនឲ្យឡើងទម្ងន់ច្រើនទៀតទេ»។
មាស ម៉ើ ជាកីឡាករកំពូលយូដូម្នាក់សម្រាប់កម្ពុជា ព្រោះរូបគេបានធ្វើតេស្តប្រកួតឆ្លងកាត់កីឡាករចំនួន ៤ រូបទើបអាចមានឈ្មោះជាកីឡាករ មានសមត្ថភាពទៅប្រកួតនៅស៊ីហ្គេមឆ្នាំ ២០១៩នេះ។
អតីតកូនសិស្សលោក ឡាច វុទ្ធី បានបន្ថែមថា៖«ខ្ញុំមិនទាន់ទាក់ទងក្លិបហ្វឹកហាត់ទេ។ ប៉ុន្តែបើហ្វឹកហាត់ដើម្បីឡើងប្រកួតលើសង្វៀន ខ្ញុំអាចនឹងទៅហ្វឹកហាត់នៅខេត្តសៀមរាប។ ខ្ញុំបានត្រៀមរួចហើយ។ វាឆ្ងាយគ្រួសារបន្តិច ប៉ុន្តែអាចហ្វឹកហាត់ល្អ ប្រមូលអារម្មណ៍បានល្អ ហើយមានមិត្តភ័ក្ដិច្រើននៅទីនោះ»។
គួរបញ្ជាក់ថា មាស ម៉ើ ជាម្ចាស់ខ្សែក្រវាត់គុនចម្រុះ Khmer Warrior Challenge វគ្គ២ ក្នុងប្រភេទទម្ងន់ ៦៥ គីឡូក្រាមពេលមានការប្រកួតវ៉ៃដាក់ទ្រុងនៅកម្ពុជា រៀបចំដោយស៊ីធីអិន និង MyTV។ មាស ម៉ើ ជាកីឡាករគុនចម្រុះប្រកួតក្នុងស្រុកមិនដែលចាញ់ ហើយរូបគេមានបទពិសោធន៍ប្រកួតគុនចម្រុះនៅថៃ រហូតដល់សង្វៀនលំដាប់ពិភពលោក ONE Championship។ មាស ម៉ើ ឡើងប្រឡូកលើឆាកអន្តរជាតិចំនួន ៨ ដង ក្នុងនោះឈ្នះ ៥ ដង និង ចាញ់ ៣ ដង ក្រោយឡើងប្រកួតគុនចម្រុះតាំងពីឆ្នាំ ២០១៣។ ប៉ុន្តែកំណត់ត្រាចាញ់ ៣ លើកជាប់គ្នានោះ គឺចាញ់នៅសង្វៀន ONE ទាំង ៣ ដង នៅឆ្នាំ២០១៨។
កុំភ្លេចទស្សនា កម្មវិធីបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនា ONE: A NEW TOMORROW នៅថ្ងៃទី ១០ មករា ចាប់ពីវេលាម៉ោង ៧ ល្ងាចតទៅ ដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕