លោក Zinedine Zidane និយាយបែបកំប្លែងលេងថាក្រុមរបស់លោក Real Madrid នឹងមិនមានបញ្ហាអ្វីទេក្នុងការទម្លាក់ក្រុមម្ចាស់ការពារតំណែងជើងឯក Liverpool នៅត្រឹមវគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ UEFA Champions League ប្រសិនបើក្រុមទាំងពីរប៉ះគ្នា។
ក្រុមយក្សអេស្ប៉ាញនៃក្របខណ្ឌ LaLiga មួយនេះ ទទួលកៅអីឡើងទៅវគ្គ១/៨ផ្តាច់ព្រ័ត្ររួចហើយដោយបញ្ចប់ទៅក្នុងចំណាត់ថ្នាក់ទី២ ពូល A ជាមួយ Paris Saint-Germain ដែលឈរកំពូលតារាង។
Real ក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិបារាំង Zidane នឹងត្រូវចាប់ឆ្នោតរើសក្រុមដើម្បីប៉ះគ្នានៅវគ្គ១៦ក្រុមចុងក្រោយ ជាមួយក្រុមដែលបញ្ចប់ទៅនៅកំពូលតារាងផ្សេងទៀត លើកលែងតែក្រុមមកលីគដូចគ្នា។ ក្រុមដែលមានភាគរយខ្ពស់អាចនឹងត្រូវជួប Real គឺ Liverpool ដែលមានលោក Jurgen Klopp ជាអ្នកចាត់ការ។ ហង្សក្រហមបញ្ចប់ទៅក្នុងចំណាត់ថ្នាក់ទី១ពូល E។
ការចាប់ឆ្នោតរើសក្រុម វគ្គ១/៨ផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី១៦ ខែធ្នូ នាក្រុង Nyon ប្រទេសស្វ៊ីស។
នៅពេលសួរថាតើ Liverpool ជាក្រុមដែលត្រូវចៀសវាងសម្រាប់ Real នៅវគ្គ១៦ក្រុម ដែលឬទេ? Zidane ញញឹមហើយឆ្លើយថា ប្រសិនបើយើងលេងទល់ Liverpool យើងនឹងទម្លាក់ពួកគេ។
បុរសវ័យ៤៧ឆ្នាំ ដែលបានជួយ Real លើកពាន Champions League បីរដូវកាលជាប់គ្នា បានបង្ហាញពីការជឿជាក់លើកូនក្រុមរបស់លោក បើទោះផ្តើមរដូវកាលជាមួយភាពរអាក់រអូលបន្តិចក៏ដោយ។
«យើងសប្បាយចិត្តជាមួយនឹងជ័យជំនះ និងរបៀបលេងរបស់យើង។ យើងមានការលំបាកខ្លះនៅពេលប្តូរទម្រង់លេង។ យើងត្រូវចំណាយពេល ១០ទៅ១៥ នាទីសម្រាប់កីឡាករកែសម្រួល»។ នេះជាការលើកឡើងរបស់ Zidane។
ម្ចាស់ជើងឯកក្របខណ្ឌកំពូលអឺរ៉ុបច្រើនជាង Real បច្ចុប្បន្នឈរនៅលេខរៀងទី២ក្នុងតារាង La Liga ដោយទទួលបាន៣៤ពិន្ទុ ពីការប្រកួត១៥លើក ស្មើក្រុមគូប្រជែង Barcelona ដែលនៅកំពូលតារាង ដោយចាញ់តែគ្រាប់ស៊ុតប៉ុណ្ណោះ។
ដោយឡែក Liverpool ឯណោះវិញ ពួកគេបានក្លាយជាក្រុមខ្លាំងបំផុតនៅលីគកំពូលអង់គ្លេស។ ក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ Liverpool មានពិន្ទុដាច់គេក្នុងតារាង Premier League រដូវកាលនេះ ដោយរកបាន៤៦ពិន្ទុ ពីការប្រកួត១៦លើក លើស Leicester City ដែលនៅលេខ២ចំនួន៨ពិន្ទុ និងម្ចាស់ជើងឯកចាស់ Manchester City ដល់ទៅ១៤ពិន្ទុ។
តាមរយៈទម្រង់លេងដ៏អស្ចារ្យចាប់តាំងពីរដូវកាលមុនមកនោះ Liverpool ត្រូវបានគេជឿងជាក់ថានឹងអាចលើកពាន Premier League រដូវកាល២០១៩-២០ នេះមិនខាន៕