ជាតិ
នយោបាយជាតិ
អាមេរិកថា កំពុងតាមដានការកាត់ក្តីលោក កឹម សុខា លោក កឹម សុខា និង លោក Mike Pompeo
× រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានធ្វើសន្និសីទកាសែត នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ដោយបានលើពីបញ្ហាតាមបណ្តាប្រទេសនានាលើពិភពលោក រួមទាំងកម្ពុជាផងដែរ។
លោក Mike Pompeo ថ្លែងថា អាមេរិក មិនមែននិយាយតែមាត់នោះទេ តែបានចាត់វិធានការជាក់ស្តែង ក្នុងការការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋជុំវិញពិភពលោក។ លោក បានហៅ ការចូលរួមការពារសិទ្ធិសេរីភាពនេះ ថាជាកាតព្វកិច្ចរបស់អាមេរិក។ ប្រមុខទូតអាមេរិក បញ្ជាក់ដូច្នេះថា៖«ជាឧទាហរណ៍ យើង កំពង់តាមដានមើលកាត់ក្តីលើសំណុំរឿងរបស់លោក កឹម សុខា មេដឹកនាំប្រឆាំងនៅកម្ពុជា...»។
លោក Mike Pompeo បន្តថា ក្នុងសប្តាហ៍នេះ អាមេរិក បានដាក់ទណ្ឌកម្មលើបុគ្គលនិងអង្គភាពដល់ទៅ៦៨ នៅតាមប្រទេសនានា ដូចជា មីយ៉ាន់ម៉ា កម្ពុជា កុងហ្គោ ឡេតូនី ប៉ាគីស្ថាន ស៊ែប៊ី ស្លូវ៉ាគី និង ស៊ូដង់ខាងត្បូង ជាដើម។ បើតាមលោក Mike Pompeo អ្នកដែលរងទណ្ឌកម្មទាំងនោះ ជាទូទៅ គឺពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងការប្រព្រឹត្តអំពើពុករលួយ។ ទណ្ឌកម្មដែលដាក់លើពួកគេ មានដូចជា ការបង្កកទ្រព្យសម្បត្តិ ដែលផ្ញើនៅអាមេរិក និង ការមិនអនុញ្ញាតឲ្យចូលទឹកដីអាមេរិក។
ចំពោះសំណុំរឿងរបស់លោក កឹម សុខា តុលាការ បានសម្រេចលើកទៅបើកសវនាការជំនុំជម្រះអង្គសេចក្តី នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ក្រោយពីឆ្លងកាត់ការស៊ើបសួររយៈពេល២ឆ្នាំ។ សវនាការអង្គសេចក្តី គឺដើម្បីសម្រេចថាលោក កឹម សុខា មានទោសពីបទសន្ទិដ្ឋិភាពជាមួយបរទេស ដូចការចោទប្រកាន់ពិតមែន ឬក៏មិនមានទោស។
គេ មិនទាន់ដឹងឡើយថា លោក កឹម សុខា នឹងចូលរួមសវនាការឬមិនចូលរួម។ សារព័ត៌មានថ្មីៗ មិនអាចសុំការបញ្ជាក់ពីក្រុមមេធាវីរបស់លោក កឹម សុខា នោះទេ ដោយសារពួកគាត់ សុទ្ធតែមិនបានលើកទូរស័ព្ទ៕
© រក្សាសិទ្ធិដោយ thmeythmey.com