អន្តរជាតិ
ទីក្រុង​ប៉េកាំង ទាត់ចោល​របាយការណ៍​ដែលថា ខ្លួន​ដាក់គុក​អ្នកកាសែត ៤៨​នាក់​
12, Dec 2019 , 9:39 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួរ ឈុនអ៊ីង ធ្វើសន្និសីទកាសែត​ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០១៩។ រូបភាព៖ ក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួរ ឈុនអ៊ីង ធ្វើសន្និសីទកាសែត​ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០១៩។ រូបភាព៖ ក្រសួងការបរទេសចិន
​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី ហួរ ឈុន​អ៊ីង (Hua Chunying) នៅ​ថ្ងៃទី ១១ ខែធ្នូ បាន​ច្រានចោល​របាយការណ៍​រប​ស់​គណៈកម្មាធិការ​ការពា​រ​អ្នកកាសែត ដែលថា​ចិន​បានដាក់​ពន្ធនាគារ​អ្នកកាសែត​ចំនួន ៤៨​នាក់​។ ប៉ុន្តែ​លោកស្រី​ក៏បាន​អះអាងថា អ្នកប្រព្រឹត្ត​ខុសច្បាប់ ត្រូវតែ​ទទួល​ទណ្ឌកម្ម​។


 
​របាយការណ៍​របស់​គ​ណៈ​ក​ម្មា​ធិ​ការការពារ​អ្នកកាសែត ដែលមាន​មូលដ្ឋាន​នៅ​អាមេរិក បាន​បង្ហាញថា យ៉ាងហោចណាស់​មាន​អ្នកកាសែត​ចំនួន ២៥០​រូប ត្រូវបាន​គេ​ដាក់ពន្ធនាគារ ក្នុង​ឆ្នាំ ២០១៩ ខណៈពេល​ឆ្នាំ ២០១៨ មាន ២៥៥ នាក់​។ ក្នុង​របាយការណ៍​នេះ  គណៈកម្មាធិការ​ការពា​រ​អ្នកកាសែត បាន​មើលឃើញថា ចិន​បាន​ដាក់គុក​អ្នកកាសែត​ចំនួន ៤៨​នាក់ ដែល​ចំ​នួ​នេះ គឺមាន​ការកើនឡើង​លើ​ស​ពី​ឆ្នាំមុន ស្របពេល​មានការ​ពង្រឹង​អំណាច​នយោបាយ​របស់លោក​ប្រធានាធិបតី​ស៊ី ជិន​ភីង​។ 
 
​ពាក់ព័ន្ធ​បញ្ហា​នេះ លោកស្រី​ហួរ ឈុន​យី​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​ច្រានចោល​ថា របាយការណ៍​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​ខាងលើ គឺ​មិនអាច​ទុកចិត្តបាន ដោយសារតែ​អង្គការ​នេះ មាន​អាមេរិក​នៅ​ពីក្រោយ​ខ្នង​។ លោកស្រី បាន​សំអាងថា មាន​អ្នកកាសែត​បរទេស​ជិត ៦០០​នាក់ កំពុង​រស់នៅ​ដោយមាន​សុភមង្គល​នៅក្នុង​ប្រទេស​ចិន ហើយ​ពួកគេ​មានសំណាង​ណាស់ ដែល​បានធ្វើការ​នៅក្នុង​ទីក្រុង​ប៉េកាំង​ជាជាង​នៅ​ទីក្រុង​វ៉ាស៊ីនតោន​។ នេះ​បើតាម​ការលើកឡើង​រប​ស់​អ្នកនាំពាក្យ​រូបនេះ​ក្នុង​សន្និសីទកាសែត នៅ​ថ្ងៃទី​១១ ខែធ្នូ​។ 
 
​ដោយ​អះអាងថា​មិនបាន​ដឹង​ពី​របាយការណ៍​ខាងលើ អ្នកនាំពាក្យ​រូបនេះ ឆ្លើយ​ប្រាប់​អ្នកកាសែត​ថា ខ្លួន​មិនអាច​បញ្ជាក់​ពី​តួលេខ​ក្នុង​របាយការណ៍​បានទេ ប៉ុន្តែ​អ្វីដែល​សំខាន់ គឺ​ចិន​ជា​ប្រទេស​គោរព​នីតិរដ្ឋ ហើយ​គ្មាន​នរណា​អាច​នៅលើ​ច្បាប់​បានឡើយ​។ ក្នុងន័យនេះ លោកស្រី​ហួរ បានចង្អុលបង្ហាញ​ថា បុគ្គល​ទាំងឡាយណា ដែល​បំពាន​ច្បាប់ អ្នក​ទាំងនោះ​ត្រូវតែ​ទទួល​ទណ្ឌកម្ម​។ 
 
​ទំនងជា​ចង់​ឌឺដង​ដាក់​គណៈកម្មាធិការ​ការពា​រកា​សែត អ្នកនាំពាក្យ​ក្រសួងការបរទេស​រូប​នេះ បាន​និយាយ​បន្ថែមទៀតថា ក្នុងអំឡុងពេល​ភាពវឹកវរ​នៅក្នុង​ទីក្រុង​ហុងកុង មាន​អ្នកកាសែត​ក្លែងក្លាយ​មួយចំនួន បាន​សរសេរ​ព័ត៌មាន​មិន​ពិតជា​ច្រើន​។ ការណ៍​នេះ បាន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​សហគមន៍​អ្នកកាសែត​យ៉ាងខ្លាំង ប៉ុន្តែ​ទីក្រុង​ប៉េកាំង មិនឃើញ​មាន​អង្គការ​ពាក់ព័ន្ធ​ណាមួយ រិះគន់​ពី​បញ្ហា​នេះ​ទេ​។ 
 
​សូមបញ្ជាក់ថា តាមរយៈ​របាយការណ៍​គណៈកម្មាធិការ​ការពារ​អ្នកកាសែត នៅ​ពីក្រោយ​ចិន គឺ​តួ​ក​គី​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២ ដែល​បាន​ឃុំខ្លួន​អ្នកកាសែត ៤៧​នាក់ ហើយ​អា​រ៉ា​ប៊ី​សា​អូឌីត និង​អេ​ហ្ស៊ី​ប ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣ ដែល​បានដាក់​ពន្ធនាគារ​អ្នកកាសែត ២៦​នាក់​ដូចគ្នា​។ រីឯ​ចំណាត់ថ្នាក់​ទី​៤ គឺ​អេ​រី​ត្រេ ១៦​នាក់ និង​ទី​៥ វៀតណាម ១២​នាក់​។ ក្នុង​ចំនួន​នោះ អ្នកសារព័ត៌មាន​ត្រូវ​ជាប់​មាន​ចំនួន​ស្ត្រី ៨​ភាគរយ ដែល​ធ្លាក់​ពី ១៣​ភាគរយ​ក្នុង​ឆ្នាំ ២០១៨ ៕

Tag:
 ចិន​
  គណៈកម្មាធិការ​ការពា​រ​អ្នកកាសែត
© រក្សាសិទ្ធិដោយ thmeythmey.com