អន្តរជាតិ
កូរ៉េខាងជើង​ថា អាមេរិក​គ្មាន​ធ្វើ​សម្បទាន​អ្វី​ទេ​សម្រាប់​កិច្ចចរចា​នុយក្លេអ៊ែរ​
13, Dec 2019 , 8:39 pm        
រូបភាព
មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន, រូបភាព៖ KCNA
មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន, រូបភាព៖ KCNA
​កូរ៉េខាងជើង នៅ​ថ្ងៃទី​១២ ខែធ្នូ បាន​បញ្ឈឺ​អាមេរិក​ថា ទីក្រុង​វ៉ាស៊ីនតោន គ្មាន​ធ្វ​ល​សម្បទាន​អ្វី​ទេ ជាមួយ​ទីក្រុង​ព្យុងយ៉ាង​ក្នុងការ​បង្កើត​កិច្ចចរចា​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​ជាថ្មី​។ ការ​ឌឺដង​របស់​កូរ៉េខាងជើង​បែបនេះ គឺ​បន្ទាប់ពី​ឯកអគ្គរដ្ឋទូត​អាមេរិក​នៅ​អង្គការសហប្រជាជាតិ លោកស្រី Kelly Craft បាន​លើកឡើងថា អាមេរិក និង​ក្រុមប្រឹក្សាសន្តិសុខ ជំរុញ​ឲ្យ​កូរ៉េខាងជើង​ចូល​តុ​ចរចា​ជាថ្មី​។


 
​នា​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​នា​ថ្ងៃទី​១១ ខែធ្នូ លោកស្រី Kelly Craft ឯកអគ្គរដ្ឋទូត​អាមេរិក​នៅ​អង្គការសហប្រជាជាតិ បាន​ជំរុញ​ឲ្យ​កូរ៉េខាងជើង​ចូល​តុ​ចរចា​ជាថ្មី​។ ជាការ​ឆ្លើយតប អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងជើង បាន​និយាយថា អាមេរិក​តែង​និយាយ​ពី​កិច្ចចរចា​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ ប៉ុន្តែ​អាមេរិក មិនមាន​អ្វី​ទាំងអស់​មក​ធ្វើជា​សម្បទាន យកមក​ចរចា​ជាមួយ​កូរ៉េខាងជើង​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​ដែល​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន KCNA​។ 
 
​ក្រៅពី​កិច្ចចរចា​ជាមួយ​កូរ៉េខាងជើង អាមេរិក ក៏បាន​លើកឡើង​ផងដែរ ពី​លទ្ធភាព​នៃ​ការ​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​។  បើតាម​ការលើកឡើង​លោកស្រី Kelly នា​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ អាមេរិក បាន​ត្រៀមខ្លួន រួចហើយ​សម្រាប់​ចំណាត់ការ​បន្ទាប់ ប្រសិនបើ​កូរ៉េខាងជើង​នៅតែ​ផ្គើន​សាកល្បង​មី​ស៊ី​ល​ម្តង​ហើយ​ម្តងទៀត​។ ជាមួយគ្នានេះដែរ លោកស្រី​អគ្គរដ្ឋទូត​អាមេរិក​រូបនេះ បាន​បន្ថែមទៀតថា  ក្រុមប្រឹក្សាសន្តិសុខ​ក៏បាន​ត្រៀមខ្លួន​រួចហើយ​ដែរ ដើម្បី​ឆ្លើយតប​ទៅនឹង​សកម្មភាព​អរិភាព​របស់​ទីក្រុង​ព្យុងយ៉ាង​។ 
 
​ជាការ​ឆ្លើយតប​ទៅនឹង​ពាក្យ​ព្រមាន​របស់​អាមេរិក អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងជើង បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​៖ «​ដូចដែល​កូរ៉េខាងជើង​ធ្លាប់​លើកឡើង យើង​[​កូរ៉េខាងជើង​] គ្មានអ្វី​ត្រូវ​បាត់បង់​ច្រើនជាង​នេះ​នោះទេ​។ យើង បាន​ត្រៀមខ្លួន​រួចហើយ សម្រាប់​វិធានការ​ឆ្លើយតប​ទៅនឹង​អ្វី ដែល​អាមេរិក ជ្រើស​យក​»​។ ក្នុងន័យនេះ កូរ៉េខាងជើង ទំនងជា​ចង់​បញ្ឈឺ​ដាក់​អាមេរិក​ថា គ្មាន​ឥទ្ធិពល​អ្វី​បន្តិច​ទេ​មកលើ​ប្រទេស​ខ្លួន​។ 
 
​តាមរយៈ​សេចក្តី​សេចក្តីថ្លែងការណ៍​ក្រសួងការបរទេស​ដដែល កូរ៉េខាងជើង​បានចាត់ទុក​អាមេរិក​ថា​ជា «​មនុស្ស​ខូច​» ដែល​ចូល​លេង​ខ្សែលើ​ជាមួយ​អ្នកដទៃ​។ 
 
​សូមបញ្ជាក់ថា កូរ៉េខាងជើង​នៅតែ​រង់ចាំ​ដល់​ដំណាច់ឆ្នាំ រហូតដល់​អាមេរិក​ទម្លាក់ចោល​គោលនយោបាយ​បង្ក​សត្រូវ​ជាមួយ​ទីក្រុង​ព្យុងយ៉ាង​ចោល​។ បានសេចក្តីថា អាមេរិក​ត្រូវតែ​ធ្វើ​សម្បទាន ជាជាង​ការទាមទារ​ពី​កូរ៉េខាងជើង​។ បើ​មិន​ដូច្នោះ​ទេ កូរ៉េខាងជើង នឹង​ចាត់វិធានការ​ដ៏​ធំ​មួយ​ទៅលើ​ទីក្រុង​វ៉ាស៊ីនតោន ប៉ុន្តែ​មិនបាន​បញ្ជាក់​ច្បាស់​ទេ​ថា ជា​វិធានការ​អ្វី​នៅឡើយ​ទេ​៕ 

Tag:
 កូរ៉េខាងជើង​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com