ជាតិ
ពោតរបស់កសិករ ពឹងលើអ្នកទិញស្តុកក្នុងស្រុក ព្រោះថៃបិទការនាំចូល ដល់ខែកុម្ភៈ ឆ្នាំ២០២០ រូបពីមន្ទីរកសិកម្មខេត្តព្រះវិហារ
× ភ្នំពេញ៖ ប្រទេសថៃ កំពុងបិទការនាំចូលពោតក្រហមពីកម្ពុជា រហូតដល់់ខែកុម្ភៈឆ្នាំ២០២០។ នេះបើតាមលោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ដោយលោកបានបញ្ជាក់ថា ក្នុងរយៈពេលនេះ តម្លៃពោតនឹងធ្លាក់ថ្លៃនៅត្រឹម៥០០ទៅ៦៥០រៀលក្នុងមួយគីឡូក្រាម ព្រោះកសិករត្រូវពឹងលើឈ្មួញក្នុងស្រុក។
លោក គឹម ហួត អះអាងថា ហេតុដែលប្រទេសថៃ ផ្អាកនាំចូលពោតនេះ គឺដោយសារកសិករថៃ ក៏ដល់រដូវប្រមូលផលពោតដែរ។ ស្របនឹងថៃបិទទីផ្សារបែបនេះ ប្រទេសវៀតណាម និងក្រុមហ៊ុនស៊ីភី ក៏កាត់បន្ថយការបញ្ជាទិញ និងទម្លាក់ថ្លៃពោតរបស់កសិករផងដែរ ដោយលោក ហួត អះអាងថា វាជាចរិតលក្ខណៈទីផ្សារសេរី ដែលអ្នកទិញចង់ទទួលបានទំនិញមានគុណភាពជាមួយនឹងតម្លៃទាប។ លោកបានបន្តថា បញ្ហាបិទទីផ្សារ និងធា្លក់ថ្លៃពោតនេះ ប្រជាកសិករ តែងតែជួបរាល់ឆ្នាំ ក៏ប៉ុន្តែពោតទាំងនោះ គឺមិនដែលសល់នៅលើទីផ្សារឡើយ ព្រោះឈ្មួញឬសៃឡូ បានទិញពោតទាំងនោះស្តុកទុកសម្រាប់នាំទៅថៃនៅពេលដែលថៃបើកការនាំចូលពោតពីកម្ពុជាវិញ។
ប្រធានមន្ទីរពាណិជ្ជកម្ម រូបនេះ បានប្រាប់សារព័ត៌មានThmeyThmey តាមទូរសព្ទ នាថ្ងៃទី១២ធ្នូ ថា បច្ចុប្បន្នអ្នកប្រមូលទិញទាំងនោះ មិនហ៊ានទិញពោតពីក្រជាកសិករ ក្នុងតម្លៃខ្ពស់បានឡើយ ពោលគឺ តម្លៃ៥៥០រៀលក្នុងគីឡូក្រាម ជាពោតដែលកាចពីដើមភ្លាមៗ និង៦៥០ក្នុងមួយគីឡូក្រាម ឬលើសពីនេះជាពោតស្ងួត ដែលអាស្រ័យទៅលើកម្រិតស្ងួតរបស់ពោត តែតម្លៃទាំងនោះកសិករអាចទទួយកបាន។ លោក គឹម ហួត ប្រាប់ដូច្នេះថា៖«មូលហេតុដែលសៃឡូ មិនហ៊ានទិញពោតពីកសិករលើសតម្លៃនេះ ព្រោះការទិញពោតស្តុកក្នុងរយៈពេលជាង២ខែនេះ នឹងធ្វើឱ្យពោតទិញស្តុកនោះ ស្រកទម្ងន់ច្រើន។ ព្រោះពោតទុកកាន់តែកាន់យូរ ការបាត់បង់ទម្ងន់កាន់តែច្រើន»។
រូបពីមន្ទីរកសិកម្មខេត្តព្រះវិហារ
លោក គឹម ហួត បានបន្តថា សម្រាប់ពោតក្រហមដែលកសិករតាមបណ្តាខេត្តជាប់ព្រំប្រទល់ថៃផលិតបាន នៅខេត្តបាត់ដំបងនោះ និងខេត្តផ្សេងទៀតដូចជា ប៉ៃលិន ឧត្តរមានជ័យ បន្ទាយមានជ័យជាដើម ការប្រើប្រាស់ និងកែច្នៃ(ធ្វើជាចំណីសត្វ) នៅក្នុងស្រុកប្រចាំឆ្នាំបានត្រឹម៣០ភាគរយប៉ុណ្ណោះ តាមរយៈក្រុមហ៊ុនស៊ីភី ចំណែកបរិមាណ ៧០ភាគរយទៀត ស្ទើរតែទាំងស្រុង គឺនាំទៅប្រទេសថៃ។ បើតាមលោក គឹម ហួត បច្ចុប្បន្ននេះ មន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរពាក់ព័ន្ធ កំពុងស្វែងរកដៃគូវិស័យឯកជននានា ឱ្យបង្កើតរោងចក្រកែច្នៃពោតក្នុងស្រុក ដើម្បីរក្សាតម្លៃ និងបង្កើតតម្លៃពោតរបស់ប្រជាកសិករ ក្នុងតំបន់។
អ្នកស្រី អ៊ុំ សម្បត្តិ ជាកសិករដាំពោតក្រហមមួយកន្លែងក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានលក់ពោតខ្លួនទៅឱ្យសៃឡូ ជារៀងរាល់ឆ្នាំ។ បើតាមកសិកររូបនេះ អ្នកស្រីលក់ពោតបានតម្លៃ៨០០-៩០០រៀលក្នុងមួយគីឡូក្រាម មុនពេលប្រទេសថៃមិនទាន់បិទការនាំចូលពោតពីកម្ពុជា តែតម្លៃនេះបានធ្លាក់នៅត្រឹម៦០០-៧០០រៀលក្នុងគីឡូក្រាម បន្ទាប់ពីថៃបិទទីផ្សារ។
កសិករដែលនៅសល់ចម្ការពោត២០ហិកតាទៀត ដែលនឹងប្រមូលផល នៅចុងឆ្នាំនេះ បាននិយាយដូច្នេះ៖«ពោតធ្លាក់ថ្លៃ ក្នុងកំឡុងពេលថៃបិទការនាំចូលនេះ វាជារឿងធម្មតា ដែលតែងតែកើតឡើងជារៀងរាល់ឆ្នាំ។ តម្លៃចន្លាះ៥០០ទៅ៧០០រៀលនេះ ថ្វីដ្បិតថាឈ្មួញទម្លាក់តម្លៃក៏ពិតមែន ប៉ុន្តែវាជាតម្លៃមួយ ដែលកសិករដូចខ្ញុំ នៅអាចបានចំណេញតិចតួចផងដែរ។
តម្លៃក្នុងរយៈពេលគេបិទទីផ្សារនេះ កសិករដូចជាពួកខ្ញុំចង់ឬមិនចង់ គឺត្រូវតែលក់ឱ្យសៃឡូ ព្រោះយើងមិនអាចរក្សាឬសម្ងួតពោតដែលប្រមូលបានដោយខ្លួនឯងបានឡើយ»៕
© រក្សាសិទ្ធិដោយ thmeythmey.com