អន្តរជាតិ
«មច្ឆាលិង្គ» រាប់ពាន់ក្បាល ត្រូវប្រទះឃើញយ៉ាងព្រោងព្រាតលើឆ្នេរសមុទ្រនៅអាមេរិក
× «មច្ឆាលិង្គ» រាប់ពាន់ក្បាល ត្រូវបានគេប្រទះឃើញយ៉ាងព្រោងព្រាតលើឆ្នេរសមុទ្រ កាលីហ្វ័រនីញា ក្រោយពីព្យុះបានបោកបក់ពួកវាចេញពីរូងក្រោមបាតសមុទ្រ។ ទោះអាចជាការភ្ញាក់ផ្អើលសម្រាប់អ្នកដែលរស់នៅសហរដ្ឋអាមេរិក ក៏ប៉ុន្តែសត្វទាំងនោះ គឺជាម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់សម្រាប់បណ្តាប្រទេសក្នុងតំបន់អាស៊ីបូព៌ា។
សត្វមានទម្រង់ដូចសាច់ក្រក ដែលគេស្គាល់ថា «ដង្កូវធាត់» ឬ «មច្ឆាលិង្គ» ត្រូវបានគេមើលឃើញលើឆ្នេរសមុទ្រ Drakes ក្នុងរដ្ឋ កាលីហ្វ័រញា ព្រោះតែធាតុអាកាសមិនល្អ កាលពីសប្តាហ៍មុន។ បើតាមការពន្យល់របស់ទស្សនាវដ្តីធម្មជាតិមួយ សត្វប្រវែង២៥សង់ទីម៉ែត្រនេះ ជាធម្មតារស់នៅក្នុងរូងរាងជាអក្សរ «U» ក្រោមខ្សាច់ ឆ្ងាយពីជើងរបស់អ្នកដើរលេងតាមឆ្នេរសមុទ្រ ក៏ប៉ុន្តែព្យុះកាលពីពេលថ្មីៗនេះ បានបង្កើតជារលកធំៗហើយបោកបក់ស្រទាប់រូងរបស់វាចេញអស់ ដោយធ្វើឲ្យពួកវាលេចចេញមកខាងក្រៅដូច្នេះ។
តាមការចុះផ្សាយរបស់ទស្សនាវដ្តី Bay Nature អ្នកជំនាញសត្វសមុទ្រម្នាក់ បានពន្យល់ថា បាតុភូតស្រដៀងគ្នានេះ ក៏ធ្លាប់កើតឡើងពីមុនមកផងដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅឆ្នេរសមុទ្រផ្សេងៗទៀត ក្នុងសហរដ្ឋអាមេរិក។ លោក បន្តថា សត្វដែលគ្មានធ្មេញនេះ អាចជាភស្តុតាងផូស៊ីលមួយ ដែលប៉ាន់ស្មានថាមានអាយុកាលជាង៣០០លានឆ្នាំ។ ជាមធ្យម សត្វដង្កូវនេះ អាចរស់បានរយៈពេល២៥ឆ្នាំ។
មែនទែនទៅ «មច្ឆាលិង្គ» ទាំងនេះ គឺជាម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់មួយ ក្នុងតំបន់អាស៊ីបូព៌ា។ ជាទូទៅ ក្នុងប្រទេសកូរ៉េខាងត្បូង ជប៉ុន និងចិន សត្វសមុទ្រ«មច្ឆាលិង្គ» ដែលមានឈ្មោះជាភាសាកូរ៉េថា «gaebul» នេះ ត្រូវបានគេយកទៅធ្វើម្ហូបយ៉ាងឆ្ងាញ់ពិសា ដោយការអាំង ហើយរោយអំបិល ម្រេចនិងប្រេងបន្ថែមរសជាតិផ្សេងៗជាដើម។ សត្វនេះ ត្រូវបានគេដាក់លក់ជាហូរហែនៅទីផ្សារក្នុងប្រទេសទាំងបីនេះ៕
Tag:
សហរដ្ឋអាមេរិក
មច្ឆាលិង្គ
សមុទ្រ
© រក្សាសិទ្ធិដោយ thmeythmey.com