កូរ៉េ​ដំឡើង​ស្ថានីយឧតុនិយម និង​ឧបករណ៍​តាមដាន​អាកាសធាតុ​ស្វ័យប្រវត្តិ​ដល់​កម្ពុជា
ជាតិ
សង្គមជាតិ
កូរ៉េ​ដំឡើង​ស្ថានីយឧតុនិយម និង​ឧបករណ៍​តាមដាន​អាកាសធាតុ​ស្វ័យប្រវត្តិ​ដល់​កម្ពុជា
14, Dec 2019 , 9:41 am        
រូបភាព
លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម(ឆ្វេង) និង លោក​ Jongseok KIM ប្រធានរដ្ឋបាលឧតុនិយម នៃសាធារណរដ្ឋកូរ៉េ នាកិច្ចប្រជុំពិភាក្សាការងារ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩។(រូបភាពពីទំព័រហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម)
លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម(ឆ្វេង) និង លោក​ Jongseok KIM ប្រធានរដ្ឋបាលឧតុនិយម នៃសាធារណរដ្ឋកូរ៉េ នាកិច្ចប្រជុំពិភាក្សាការងារ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩។(រូបភាពពីទំព័រហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម)
 
​ភ្នំពេញ​៖ រដ្ឋបាល​ឧតុនិយម​នៃ​សាធារណរដ្ឋ​កូរ៉េ នឹង​ដំឡើង​ស្ថានីយឧតុនិយម​ស្វ័យប្រវត្តិ និង​ឧបករណ៍​ពិនិត្យ និង​តាមដាន​ធាតុអាកាស​នៅតាម​បណ្តា​ខេត្ត​នីមួយៗ ចំនួន​២៧​កន្លែង​។ ជំនួយ​ដែល​ផ្តល់​ឲ្យ​កម្ពុជា​នេះ​ត្រូវបាន​លើកឡើង​ដោយ Jongseok Kim ប្រធាន​រដ្ឋបាល​ឧតុនិយម​នៃ​សាធារណរដ្ឋ​កូរ៉េ និង លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​បាន​ចុះហត្ថលេខា​រួមគ្នា កាលពី​ថ្ងៃទី​៩ ខែ​ឆ្នូ​។ 


​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​លើកឡើងថា ការដំឡើង​ស្ថានីយឧតុនិយម និង​គ្រឿង​ឧបករណ៍​សម្រាប់​តាមដាន​អាកាសធាតុ​នេះ នឹង​ផ្តល់​ភាពងាយស្រួល​ដល់​ការទទួលបាន​ទិន្នន័យ​ព័ត៌មាន​ឲ្យ​កាន់តែ​ជាក់លាក់ និង​ទាន់ពេលវេលា​អំពី​គ្រោះធម្មជាតិ​ដែល​កើត​មាននៅ​កម្ពុជា​។ ជាពិសេស​សម្រាប់​ធ្វើការ​ស្រាវជ្រាវ​ធាតុអាកាស ដើម្បី​ប្រើប្រាស់​លើ​វិស័យ​ផ្សេងៗ​។ នេះ​បើតាម​ការផ្សាយ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។ 
 
​ការផ្សាយ​ព័ត៌មាន​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​បាន​ស្រង់​សម្តី​លោក លឹម គានហោ បាន​បញ្ជាក់ថា កូរ៉េ​ក៏​នឹង​បញ្ជូន​អ្នកបច្ចេកទេស​របស់​កូរ៉េ មកជួយ​បណ្តុះបណ្តាល និង​ពង្រឹងសមត្ថភាព​ដល់​ម​ន្ត្រី​ឧតុនិយម​កម្ពុជា​ផងដែរ​។ 
 
​ក្នុង​កិច្ច​ចុះហត្ថលេខា​ផ្តល់ជំនួយ​ដល់​កម្ពុជា​នេះ កូរ៉េ​ក៏បាន​សន្យាថា នឹង​បន្ត​ពង្រឹង​កិច្ចសហការ​លើ​វិស័យ​ឧតុនិយម​នៅ​កម្ពុជា តាមរយៈ​ការ​ផ្តល់ជំនួយ​ផ្សេងៗ និង​បង្កើតជា​កិច្ចពិភាក្សា​អំពី​ផ្កាយរណប​ឧតុនិយម​ថ្មី GK-2A របស់​កូរ៉េ​ក្នុងការ​ប្រើប្រាស់ វិភាគ និង​តាមដាន​អាកាសធាតុ​នៅ​កម្ពុជា​៕  
 

Tag:
 កូរ៉េ​
 ​ដំឡើង​
 ​ ឧបករណ៍​
 ​ អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com