ក្រុមវេជ្ជបណ្ឌិតជាង១០០នាក់ បានជួបជុំគ្នា ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០១៩ ស្តីពីអាល្លែកហ្ស៊ីពិភពលោក ក្រោមប្រធានបទ«ផលប៉ះពាល់នៃការបំពុលបរិយាកាស ធ្វើឲ្យអាល្លែកហ្ស៊ីច្រមុះ» ដោយមានការបង្ហាញពីភស្តុតាងគ្លីនិក។ កម្មវិធីនេះរៀបចំឡើងដោយក្រុមហ៊ុនសាណូហ្វីកម្ពុជា នាល្ងាចថ្ងៃទី១៣ ធ្នូ ឆ្នាំ២០១៩ នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនេះ មានការពិភាក្សាលើប្រធានបទផ្សេងៗគ្នាជាច្រើន ពីសំណាក់វាគ្មិនដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ មកពីបណ្តាប្រទេសនានាដូចជា អេស្បាញ ប្រេស៊ីល សហរដ្ឋអាមេរិក និងកាណាដាជាដើម តាមរយៈការផ្សាយបន្តផ្ទាល់ ពីទីក្រុងលីយ៉ុងប្រទេសបារាំង។ ប្រធានបទដែលលើកយកមកពិភាក្សា ក្នុងកិច្ចប្រជុំ មានដូចជា ប្រេវ៉ាឡង់នៃអាល្លែកហ្ស៊ីច្រមុះ មុខងារនៃការបំពុលបរិយាកាសក្នុងការធ្វើឲ្យមានភាពធ្ងន់ធ្ងរ នៃរោគអាល្លែកហ្ស៊ីច្រមុះ ការគ្រប់គ្រងព្យាបាលអាល្លែកហ្ស៊ីច្រមុះ ដែលធ្វើឲ្យមានភាពធ្ងន់ធ្ងរដោយការបំពុលបរិយាកាស៖ ការឯកភាពគ្នាជាអន្តរជាតិ ការរលាកច្រមុះដោយអាល្លែកហ្ស៊ី និងការបំពុលបរិយាកាស៖ ពីរោគរាតត្បាតដល់ភស្តុតាងគ្លីនិក រួមនឹងការសួរឆ្លើយ ពីសំណាក់ក្រុមវេជ្ជបណ្ឌិតផងដែរ។ ក្នុងនោះ ក៏មានការបង្ហាញពីលទ្ធផលនៃការសិក្សា ពី FEXPOLSAR ផងដែរ។
ថ្លែងក្នុងកិច្ចប្រជុំនេះ លោកស្រីវេជ្ជបណ្ឌិត Anne Ellis អ្នកវិភាគការសិក្សា ស្តីពី FEXPOLSAR ហើយក៏ជាសាស្ត្រាចារ្យ និងជាប្រធានផ្នែកអាល្លែកហ្ស៊ី និងភាពស៊ាំ នៃនាយកដ្ឋានឱសថ នៃសាកលវិទ្យាល័យ Queen’s University ក្នុងទីក្រុង Kingston Ontario និងជាប្រធានផ្នែក Environmental Exposure Unit (EEU) មកពីប្រទេសកាណាដា បានលើកឡើងពីលទ្ធផលនៃការសិក្សាយ៉ាងដូច្នេះថា៖«សម្រាប់អ្នកជំងឺអាល្លែកហ្ស៊ីច្រមុះ រោគសញ្ញាដូចជា តឹងច្រមុះ ឬហៀរសំបោរ រមាស់ភ្នែក ពិតជាបង្កផលរំខាន ចំពោះការងារ និងការរស់នៅប្រចាំថ្ងៃ របស់ពួកគេ»។ លោកស្រីវេជ្ជបណ្ឌិត បានបន្តថា៖«តាមរយៈការសិក្សាពី FEXPOLSAR បានបញ្ជាក់ថា ផលប៉ះពាល់នៃការបំពុលបរិយាកាស រួមចំណែកបង្កឲ្យមានរោគសញ្ញាអាល្លែកហ្ស៊ីច្រមុះ បង្កឡើងដោយអាល្លែកហ្សែន។ នេះជាលើកទី១ហើយ ដែលយើងមានភស្តុតាងគ្លីនិក ដែលបង្ហាញថា ការព្យាបាលអាល្លែកហ្ស៊ី អាចកាត់បន្ថយរោគសញ្ញាទាំងនេះបាន»។
សាស្ត្រាចារ្យ Ignacio J. Ansotegui ប្រធាន និងជាអ្នកគ្រប់គ្រង អង្គការអាល្លែកហ្ស៊ីពិភពលោក (WAO) មកពីប្រទេសអេស្បាញ បានសង្កត់ធ្ងន់ ពីប្រេវ៉ាឡង់នៃអាល្លែកហ្ស៊ីច្រមុះថា៖« មនុស្សជាច្រើនគិតថាអាល្លែកហ្ស៊ីច្រមុះ មិនសំខាន់នោះឡើយ។ ប៉ុន្តែរោគសញ្ញារបស់វា ពិតជាមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ចំពោះអ្នកដែលទទួលរងផលប៉ះពាល់ ដោយសារជំងឺនេះ។ ការបំពុលបរិយាកាស អាចបង្ករផលប៉ះពាល់យ៉ាងខ្លាំង លើអាល្លែកហ្ស៊ីច្រមុះ ដោយសារវាអាចធ្វើឲ្យស្ថានភាព នៃរោគសញ្ញានេះ កាន់តែធ្ងន់ធ្ងរបាន»។
បច្ចុប្បន្ននេះ មនុស្សប្រមាណ ៤០០ លាននាក់ទូទាំងពិភពលោក ទទួលរងពីអាល្លែកហ្ស៊ីច្រមុះ។ ត្រឹមឆ្នាំ២០៥០ គេរំពឹងថា អាល្លែកហ្ស៊ី នឹងប៉ះពាល់មនុស្សម្នាក់ ក្នុងចំណោម២នាក់ ពោលគឺ៥០% ទូទាំងសាកលលោក។ នេះបើយោងតាម Global Allergy and Asthma European Network។ អាល្លែកហ្ស៊ីអាចកើតឡើងជាញឹកញាប់ហើយធ្ងន់ធ្ងរ អាស្រ័យលើបរិស្ថានជុំវិញបុគ្គលម្នាក់ៗ។ ការបំពុលបរិយាកាស ក៏អាចបង្កឲ្យមានភាពធ្ងន់ធ្ងរ លើរោគសញ្ញាដែលបង្កឡើងដោយអាល្លែកហ្សែនផងដែរ។
ការសិក្សា ក៏បានបង្ហាញពីផលប៉ះពាល់ ដែលបណ្តាលមកពីសមាសភាគ នៃការបំពុលបរិយាកាស ពោលគឺផ្សែងចេញពីយានយន្ត ទៅលើភាពធ្ងន់ធ្ងរនៃរោគសញ្ញាអាល្លែកហ្ស៊ីច្រមុះ ដែលបង្កដោយអាល្លែកហ្សែន និងកំណត់ថាតើ Allegra®/Telfast® (fexofenadine hydrochloride) 180mg អាចផ្តល់សារប្រយោជន៍យ៉ាងសំខាន់ ដើម្បីកាត់បន្ថយរោគសញ្ញាអាល្លែកហ្ស៊ីច្រមុះ ដែលមានក្នុងលម្អងផ្កា និងផ្សែងចេញពីយានយន្ត។ ការសិក្សា ក៏បានបញ្ជាក់អំពីផលប៉ះពាល់ធ្ងន់ធ្ងរ នៃការបំពុលបរិយាកាស ទៅលើរោគសញ្ញាអាល្លែកហ្ស៊ីច្រមុះ បង្កដោយលម្អងផ្កា និងប្រសិទ្ធភាពជាវិជ្ជមាន របស់ Allegra®/Telfast® 180mg ក្នុងការកាត់បន្ថយរោគសញ្ញាទាំងនេះផងដែរ។
សេចក្តីថ្លែងការណ៍រួមជាអន្តរជាតិស្តីពី«ការគ្រប់គ្រងអាល្លែកហ្ស៊ីច្រមុះ ដែលបង្កឲ្យមានភាពធ្ងន់ធ្ងរដោយសារការបំពុលបរិយាកាស» ដែលត្រូវបានទទួលស្គាល់ដោយ អង្គការអាល្លែកហ្ស៊ីពិភពលោក (WAO) ក៏ត្រូវបានចេញផ្សាយជាផ្លូវការផងដែរក្នុងអំឡុងពេល នៃកិច្ចប្រជុំនេះ។ សេចក្តីថ្លែងការណ៍រួមជាអន្តរជាតិ ដែលសរសេរដោយអ្នកជំនាញចំនួន២៣រូប និងដឹកនាំដោយលោក Robert Naclerio មកពីសាកលវិទ្យាល័យ Jonh Hopkins, Baltimore, Maryland សហរដ្ឋអាមេរិក បានបង្ហាញពីលទ្ធផលសំខាន់ៗ នៃការសិក្សាពី FEXPOLSAR និងពន្យល់ពីតម្រូវការ ដែលត្រូវធ្វើឡើង ដើម្បីធ្វើឲ្យសុខភាពកាន់តែល្អប្រសើរឡើង សម្រាប់អ្នកជំងឺអាល្លែកហ្ស៊ីច្រមុះ និងផលប៉ះពាល់នៃស្ថានភាពនេះចំពោះសង្គមទាំងមូល។
លោកវេជ្ជបណ្ឌិត ហ៊ីង គីម អ្នកគ្រប់គ្រងវេជ្ជសាស្ត្រប្រចាំក្រុមហ៊ុនសាណូហ្វីកម្ពុជាបានពន្យល់ថា អាល្លែកហ្ស៊ីច្រមុះកើតឡើងនៅពេលដែលប្រព័ន្ធភាពស៊ាំរបស់នរណាម្នាក់មានប្រតិកម្មទៅនឹងអាល្លែកហ្សែន ដូចជាលម្អងផ្កា រោមសត្វចិញ្ចឹមហើរតាមខ្សល់ លាមកសត្វល្អិតតូចៗ ផ្សិត ដែលមានក្នុងបរិយាកាស បង្កឲ្យរលាកភ្នាសខាងក្នុងច្រមុះ។ បើតាមលោកវេជ្ជបណ្ឌិត ហ៊ីង គីម រោគសញ្ញាទូទៅរួមមានតឹងច្រមុះ ហៀរសម្បោរ រមាស់ ឬហៀរទឹកភ្នែក កណ្តាស់ រមាស់ច្រមុះ និងបំពងកជាដើម។ ការបំពុលបរិយាកាសអាចធ្វើឲ្យរោគសញ្ញាទាំងនេះ កាន់តែធ្ងន់ធ្ងរ។ នេះជាការបន្ថែមរបស់លោកវេជ្ជបណ្ឌិត ហ៊ីង គីម។
សូមបញ្ជាក់ផងដែរថា អង្គការអាល្លែកហ្ស៊ីពិភពលោក (WAO) ប្រារព្ធកិច្ចប្រជុំប្រចាំឆ្នាំ ស្តីពីអាល្លែកហ្ស៊ីពិភពលោក (WAC) ជារៀងរាល់២ឆ្នាំម្តង។ ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ១៩៥១ ក្នុងទីក្រុង Zurich កិច្ចប្រជុំនេះ បានទាកទាញអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រជាង ៤,០០០នាក់ ដែលកំពុងធ្វើការ និងមានចំណាប់អារម្មណ៍ លើផ្នែកអាល្លែកហ្ស៊ី ភាពស៊ាំ និងផ្នែកពាក់ព័ន្ធផ្សេងៗទៀតជារៀងរាល់ឆ្នាំ ដើម្បីផ្លាស់ប្តូរយោបល់ និងចែករំលែកចំណេះដឹងថ្មីៗ។ ដោយឡែកក្នុងឆ្នាំ២០១៩ ក្រុមហ៊ុនសាណូហ្វី ក៏ជាអ្នកគាំទ្រកិច្ចប្រជុំនេះផងដែរ។
កញ្ញា Monsinee Sathirakawinskul អគ្គនាយិកាក្រុមហ៊ុនសាណូហ្វីកម្ពុជា បានមានប្រសាសន៍ថា ការចូលរួមក្នុងកិច្ចប្រជុំនេះ គឺជាផ្នែកមួយនៃការតាំងចិត្តរបស់ក្រុមហ៊ុន ដើម្បីរួមចំណែកធ្វើឲ្យគុណភាពជីវិត របស់អ្នកជំងឺអាល្លែកហ្ស៊ីកាន់តែល្អប្រើសើរឡើង តាមរយៈការព្យាបាល និងភស្តុតាងជាសាកល ដែលមានការទទួលស្គាល់ដោយអ្នកជំនាញសំខាន់ៗ។
ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនផលិតឱសថសាណូហ្វីកម្ពុជា តែងតែយកចិត្តទុកដាក់ និងចូលរួមចំណែកយ៉ាងសកម្ម ដើម្បីលើកកម្ពស់ការយល់ដឹង ចែករំលែកចំណេះដឹងវិទ្យាសាស្ត្រថ្មីៗជូនដល់អ្នកជំនាញថែទាំសុខភាព និងចូលរួមក្នុងសកម្មភាពសង្គមជាច្រើនទៀតផង៕
(អត្ថបទពាណិជ្ជកម្ម)