បទ ពាក្យ៧
ពេទ្យ ជាទេព្តារក្សាលោក ពេទ្យ កំចាត់រោគផ្តល់ប្រឹក្សា
ពេទ្យ បង្កើតបុត្រជួយបង្ការ
ពេទ្យ ជួយមាតាឲ្យរស់រាន។
ពេទ្យ ជួយផ្សំថ្នាំផ្សាំបណ្តុះ ពេទ្យ ពិនិត្យឆ្លុះថែមទូន្មាន
ពេទ្យ ជួយសង្គ្រោះទោះក្រមាន ពេទ្យ មិនបំពានហ៊ានបំភ្លៃ។
ពេទ្យ ជួយសង្គ្រោះមិនរើសអើង ពេទ្យ មិនឫកឆ្មើងឈ្មុលមមៃ
ពេទ្យ ជួយជីវិតទើបគិតលៃ ពេទ្យ លុយមិនភ័យលៃតាមក្រោយ។
ពេទ្យ ទីប្រឹក្សាជនគ្រប់គ្នា ពេទ្យ មិនរួញរាទុកបណ្តោយ
ពេទ្យ ពេញអំណត់ឃើញខ្សត់ឲ្យ ពេទ្យ ជួយអ្នកខ្សោយមិនគិតខ្សែ។
ពេទ្យ តែងរក្សាការសម្ងាត់ ពេទ្យ លាងវះកាត់មិនត្អូញត្អែរ
ពេទ្យ ជួយសង្គ្រោះទោះក្រុងស្រែ ពេទ្យ ស៊ូមើលថែទាំងយប់ថ្ងៃ។
ពេទ្យ ជួយអ្នកឈឺមិនរអើម ពេទ្យ ពិតជនឆ្នើមគ្មានសង្ស័យ
ពេទ្យ នោមលាមកជ្រលក់ដៃ ពេទ្យ អាជីពថ្លៃគួរស្ញប់ស្ញែង។
ពេទ្យ មិនដែលភ្លេចជនអាពាធ ពេទ្យ ជួយខ្មីឃ្មាតភ្លេចខ្លួនឯង
ពេទ្យ ទោះភ្លៀងខ្យល់ថ្ងៃក្តៅហែង ពេទ្យ មិនដែលថ្លែងថានឿយហត់។
ពេទ្យ សីលធម៌មិនដែលចោល ពេទ្យ ច្បាស់មិនច្បោលចេះប្រាកដ
ពេទ្យ ណាកាន់បានមានគេកត់ ពេទ្យ កុំបែរបត់បែកពីក្រម។
វិជ្ជាជីវៈពេទ្យមានជាក់ ស្មេរថាមិនលាក់លេងបន្លំ
ពេទ្យ ពិតអាជីពដ៏ឧត្តម ពេទ្យ អើយគួរខំពង្រឹងថែម៕