​ពី​ស្រុក​ស្រែអំបិល យុវជន នី ប៊ុន​ថា ប្រើ Youtube ដើម្បី​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​កសិកម្ម
ជាតិ
បទសម្ភាសន៍
សង្គមជាតិ
២៥ខេត្ត/រាជធានី
​ពី​ស្រុក​ស្រែអំបិល យុវជន នី ប៊ុន​ថា ប្រើ Youtube ដើម្បី​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​កសិកម្ម
15, Dec 2019 , 8:30 pm        
រូបភាព
 ​រៀន​ដាំ​ក្រូច​? ល្ពៅ​? ត្រកួន​ទឹក​? ធ្វើ​មេជី​កំ​ប៉ុ​ស្ត​? របៀប​រៀបចំ​ទ្រុងមាន់​? កសិកម្ម​បែប​ជប៉ុន​? បែប​អឺរ៉ុប​? តាំងពី​ដើមឆ្នាំ​២០១៩​មក លោក នី ប៊ុន​ថា យុវជន​មួយរូប​នៅ​ស្រុក​ស្រែអំបិល ខេត្តកោះកុង បាន​បង្ហោះ​ជា​បន្តបន្ទាប់​អំពី​មេរៀន​កសិកម្ម​ដ៏​សម្បូរបែប​ទាំងនេះ នៅលើ​គណនី Youtube របស់ខ្លួន​។ រៀន​ដល់​ត្រឹម​ថ្នាក់​ទី​១០​ប៉ុណ្ណោះ ប៉ុន្តែ​កូន​កសិករ​រូបនេះ មានបទពិសោធន៍​ផ្នែក​កសិកម្ម​បន្ត​ពី​ឪពុកម្តាយ រួមទាំង​ការស្រាវជ្រាវ​បន្ថែម ដោយ​គេ​រំពឹងថា វា​នឹង​ជា​ចំណែក​មួយ​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​។​

 
«​រៀន​ដាំ ឬ Rean Dam» ជា​ឈ្មោះ​គណនី Youtube របស់​យុវជន នី ប៊ុន​ថា ដែល​បង្ហាញ​ពី​របៀប​ដាំ​ដុះ ចិញ្ចឹមសត្វ ការធ្វើ​ជី និង​ចំណី​សត្វ​ជាដើម​។ ផ្ដើមចេញពី​ការស្រឡាញ់​បរិស្ថាន​ធម្មជាតិ បទពិសោធន៍​ដាំ​ដុះ និង​ចំណេះដឹង​ពី​ការថត​វីដេអូ បាន​ជំរុញ​ឲ្យ​កូន​អ្នកស្រុក​ស្រែអំបិល ខេត្តកោះកុង​រូបនេះ ផលិត​វីដេអូ​និយាយ​ពី​កសិកម្ម​ចែកជូន​ប្រជាពលរដ្ឋ​ខ្មែរ​ទស្សនា​។
 
  
រូបភាព​ពីហ្វេសប៊ុករៀន​ដាំ

​ជា​កូនពៅ​នៅក្នុង​គ្រួសារ​ដែលមាន​បងប្អូន​៦​នាក់ លោក នី ប៊ុន​ថា បាន​សិក្សា​ត្រឹម​ថ្នាក់​ទី​១០​ប៉ុណ្ណោះ រួច​ចាក​ចេញពី​ស្រុកកំណើត​មក​រស់នៅ និង​ធ្វើការ​នៅ​ភ្នំពេញ​។ ក្រោយពី​បំពេញការងារ​នៅ​ភ្នំពេញ ដែល​ជាជាង​ជួសជុល​ទូរ​សព្ទ និង​ជា​អ្នក​ថតរូប​បាន​មួយរយៈ លោក ប៊ុន​ថា បាន​ត្រឡប់​ទៅ​ស្រុកកំណើត ដើម្បី​គ្រប់គ្រង​កសិដ្ឋាន​របស់​ឪពុកម្ដាយ​វិញ​។ បច្ចុប្បន្ននេះ លោក នី ប៊ុន​ថា ជា​អ្នកគ្រប់គ្រង​កសិដ្ឋាន​ល​ក្ខ​ណៈ​គ្រួសារ ដែល​ផ្ដោតលើ​ចម្ការ​ដូង បន្លែ​ចម្រុះ ចិញ្ចឹម​មាន់ និង​ចិញ្ចឹម​ត្រី សម្រាប់​លក់​ក្នុង​ទីផ្សារ​មូលដ្ឋាន នា​ស្រុក​ស្រែអំបិល ខេត្តកោះកុង​។​
 
​ម្ចាស់​ចម្ការ​ដូង បន្លែ​ចម្រុះ និង​ចិញ្ចឹមសត្វ​រូបនេះ បាន​ផ្ដើមគំនិត​បង្កើត​វីដេអូ​និយាយ​ពី​កសិកម្ម ផ្ដោតលើ​ការដាំដុះ​, ចិញ្ចឹមសត្វ និង​ការធ្វើ​ចំណី​សត្វ​។ បុរស​វ័យ​២៥​ឆ្នាំ ដែលមាន​ស្រុកកំណើត​នៅ​ស្រុកស្រែ​អំបិល ខេត្តកោះកុង​រូបនេះ បញ្ជាក់​ពី​មូលហេតុ​នៃ​ការផលិត​វីដេអូ​កសិកម្ម​យ៉ាង​ដូច្នេះ​៖ «​ខ្ញុំ​មើលឃើញថា ការផលិត​វីដេអូ​កសិកម្ម​នៅ​កម្ពុជា នៅមាន​តិចតួច​នៅឡើយ​។ វីដេអូ​មួយចំនួន​ប្រាប់​ពី​វិធីសាស្ត្រ ដោយ​មិនបាន​បង្ហាញ​ពី​ដំណាក់កាល​នីមួយៗ ឲ្យ​បានច្បាស់លាស់​។ ទើប​ធ្វើ​ឲ្យ​ខ្ញុំ​ផលិត​វីដេអូ​ដែលមាន​គ្រប់​ដំណាក់កាល​។ ម្យ៉ាងទៀត ខ្ញុំ​ចង់​ចែករំលែក​ចំណេះដឹង​ពី​ការធ្វើ​កសិកម្ម​ដល់​ពល​រដ្ឋ​ឲ្យ​បាន​ទូលំទូលាយ​»​។​
 
 
 
​ឆ្លងឆ្លើយ​ជាមួយ​អ្នកសារព័ត៌មាន ThmeyThmey25 តាម​ទូរ​សព្ទ លោក ប៊ុន​ថា ប្រាប់​ឲ្យ​ដឹងថា រយៈពេល​១​ឆ្នាំ​ហើយ ដែល​លោក​បង្កើត​វីដេអូ​អំពី​កសិកម្ម ស្របពេល​លោក​មក​គ្រប់គ្រង​កសិដ្ឋាន និង​ចម្ការ​នៅ​ស្រុកកំណើត​។ បើទោះបីជា​រវល់​នឹង​ការងារ​នៅក្នុង​កសិដ្ឋាន លោក នី ប៊ុន​ថា តែងតែ​ឆ្លៀតពេល​ផលិត​វីដេអូ​សម្រាប់​ប្រជាពលរដ្ឋ ដែល​ស្រឡាញ់ និង​ចូលចិត្ត​កសិកម្ម​។ ក្នុង​វីដេអូ​មួយ លោក ប៊ុន​ថា ចំណាយពេល​ច្រើន សម្រាប់​ផលិត​វីដេអូ​ដែលមាន​គ្រប់​ដំណាក់កាល តាំងពី​ការរៀបចំ​ដី​ដាំ ការថែទាំ និង​ការប្រមូល​ផល ហើយ​វីដេអូ​ឃ្លី​ប​របស់លោក ប៊ុន​ថា មាន​រយៈពេល​ក្រោម​១០​នាទី និង​ខ្លះ​មាន​ដល់​២០​នាទី​ផងដែរ​។ 
 
«​តាមពិតទៅ ខ្ញុំ​មិនបាន​ចូលរៀន​ផ្នែក​កសិកម្ម​នៅ​សាកលវិទ្យាល័យ​នោះទេ ប៉ុន្តែ​ខ្ញុំ​ចេះ​ពី​របៀប​ដាំ​ដុះ និង​ចិញ្ចឹមសត្វ ពី​ឪពុកម្ដាយ​ខ្ញុំ​ដែលជា​កសិករ និង​តាមរយៈ​ការចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ខ្លីៗ រួម​នឹង​ការអនុវត្ត​ផ្ទាល់​នៅក្នុង​កសិដ្ឋាន​ខ្ញុំ​ប៉ុណ្ណោះ​»​។ លោក នី ប៊ុន​ថា ពន្យល់​បែបនេះ​ប្រាប់  ThmeyThmey25 ។ 
 
 
 
​ការផលិត​វីដេអូ​នេះ ក៏មាន​ផល​លំបាក សម្រាប់​លោក ប៊ុន​ថា ដែរ ព្រោះ​លោក​ត្រូវ​ចំណាយពេល​មក​ធ្វើ​វីដេអូ​ផង និង​ចំណាយពេល​គ្រប់គ្រង​កសិដ្ឋាន​ផង​។ កសិករ​វ័យក្មេង​រូបនេះ អះអាងថា​៖ «​មុននឹង​ផលិត​វីដេអូ​ពីអ្វី​មួយ ខ្ញុំ​តែងតែ​ពិសោធ​ខ្លួនឯង និង​ឆ្លងកាត់​លទ្ធផល​ល្អ​សិន​។ ទើប​ខ្ញុំ​ចែករំលែក ដើម្បី​ផ្ដល់​ជា​ប្រយោជន៍​បន្ថែម​»​។ បើតាម​ម្ចាស់​កសិដ្ឋាន​រូបនេះ វីដេអូ​ដែល​ផ្សព្វផ្សាយ​កន្លងទៅ មាន​អ្នកទស្សនា​សរសើរ និង​អរគុណ​លោក​ដែល​បាន​បង្កើត​វីដេអូ​តាមបែប​នេះ​។​
 
​ការផលិត​វីដេអូ​កសិកម្ម​នេះ លោក នី ប៊ុន​ថា មិន​រំពឹង​លើ​ចំណូល និង​ផលប្រយោជន៍​ត្រឡប់មកវិញ​ឡើយ ប៉ុន្តែ​កសិករ​រូបនេះ គ្រាន់តែ​ចង់​ចែករំលែក​ប៉ុណ្ណោះ​។ លោក នី ប៊ុន​ថា លើកឡើង​យ៉ាង​ដូច្នេះ​៖ «​ប្រសិនបើ​ខ្ញុំ​ព្យាយាម​ធ្វើ​វា​ទៅ​ថ្ងៃក្រោយ​ទៀត ហើយ​ខ្ញុំ​ព្យាយាម​ទៅលើ​វីដេអូ​ច្រើន នោះ​ប្រាកដ​ជាមាន​ផលប្រយោជន៍​។ តែបើ​ថា​រាល់ថ្ងៃ​ឲ្យ​ខ្ញុំ​រំពឹង​ពី​វា គឺ​ខ្ញុំ​អត់​បាន​រំពឹង​ទេ ព្រោះ​ខ្ញុំ​មាន​ការងារ​ប្រចាំថ្ងៃ​ដែរ​»​។​
 
 
 
​សម្រាប់​លោក នី ប៊ុន​ថា ការយល់ដឹង​ពី​បច្ចេកទេស​កសិកម្ម ពិតជា​មាន​សារសំខាន់​សម្រាប់​ប្រជាពលរដ្ឋ ជាពិសេស​កសិកម្ម ដែល​ចង់ដឹង​ពី​ការវិវត្ត​ថ្មីៗ​។ ជាមួយគ្នានេះ គោលដៅ​ចុងក្រោយ​របស់​កសិករ​វ័យ​ក្មេង​រូបនេះ គឺ​ចង់​ក្លាយជា YouTuber ម្នាក់ ដែលជា​កូន​អ្នកស្រែ​ចម្ការ​ផលិត​រឿង​កសិកម្ម​សម្បូរបែប និង​ចង់បង្ហាញ​ដល់​បរទេស​ដែល​ទស្សនា​តាមរយៈ YouTube ថា​ខ្មែរ​ក៏​អាច​ផលិត​វីដេអូ​កសិកម្ម​ដ៏​ល្អ​មួយ​បានដែរ​៕ 
 
  
  
  
  

Tag:
 កសិកម្ម​
  កោះកុង​
  ចម្ការ​
  ដំណាំ​
© រក្សាសិទ្ធិដោយ thmeythmey.com