ជនជាតិ​អាមេរិកាំង​ម្នាក់ ដាំ​ផ្លែឈើ​ធម្មជាតិ​ជាង​១០០​ហិកតា​នៅ​ខេត្តក្រចេះ ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ជនជាតិ​អាមេរិកាំង​ម្នាក់ ដាំ​ផ្លែឈើ​ធម្មជាតិ​ជាង​១០០​ហិកតា​នៅ​ខេត្តក្រចេះ ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​
15, Dec 2019 , 10:59 pm        
រូបភាព
លោក Chad Lehner និង ភរិយា ប្រមូលផលដំណាំរបស់ខ្លួននៅចម្ការជាង១០០ហិចតានៅខេត្តក្រចេះ
លោក Chad Lehner និង ភរិយា ប្រមូលផលដំណាំរបស់ខ្លួននៅចម្ការជាង១០០ហិចតានៅខេត្តក្រចេះ
 ភ្នំពេញ​៖ លោក Chad Lehner គឺជា​ជនជាតិ​អាមេរិកាំង​ម្នាក់ ដែល​បាន​បោះទុន​វិនិយោគ​លើ​ការដាំដុះ​បន្លែ​ផ្លែឈើ​ធម្មជាតិ លើ​ផ្ទៃដី​ជាង​១០០​ហិកតា​នៅ​ស្រុក​ស្នួល ខេត្តក្រចេះ​ក្នុង​ឆ្នាំ​២០១៦​។ ក្រោយ​ដំណើរ​បាន​រយៈពេល​៣​ឆ្នាំ បច្ចុប្បន្ន ផលិតផល​ផ្លែឈើ រួមមាន​៖ ផ្លែ​ផា​សិន ល្ពៅ ល្ហុង ខ្នុរ ស្រកានាគ និង​ដំណាំ​ផ្សេងទៀត ត្រូវបាន​ដាក់លក់​នៅតាម​ផ្សារ​នានា​នៅ​រាជធានី​ភ្នំពេញ​។​

 
​ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ លោក រ៉ឹ​ម ភា​រី ដូចតទៅ​៖ 



 
​មាន​រូបរាង​ខ្ពស់ស្រឡះ និង​មាន​សម្បុរ​ស លោក Chad Lehner ជា​ម្ចាស់​កសិដ្ឋាន​ឈ្មោះថា Toom Toom (​ទុំ​ទុំ​) ដែលមាន​ទំហំ​១០០​ហិកតា ស្ថិតនៅ​ស្រុក​ស្នួល ខេត្តក្រចេះ ក្បែរផ្លូវ​បំបែក​ទៅ​ខេត្តមណ្ឌលគិរី​។ ជា​អតីត​និស្សិត​ជំនាញ​កសិកម្ម ជនជាតិ​អាមេរិកាំង​រូបនេះ មានបំណង​ដាំ​បន្លែ​ផ្លែឈើ​ធម្មជាតិ​នាំចេញ​ទៅ​ប្រទេស​ចិន ប៉ុន្តែ ក្រោយមក លោក​បាន​ប្តូរ​គំនិត ដោយ​សម្រួច​គោលដៅ​ផលិត​សម្រាប់​លក់​ឲ្យ​អតិថិជន​ខ្មែរ​វិញ​។ 
 
​បើតាម​លោក Chad Lehner បច្ចុប្បន្ន​នៅ​កម្ពុ​ជាមាន​តម្រូវការ​ផ្លែឈើ​ធម្មជាតិ​ច្រើន ប៉ុន្តែ​ខ្វះ​ការផ្គត់ផ្គង់ ស្រប​ពេលដែល​ពលរដ្ឋ​ខ្មែរ​ជាទូទៅ​មាន​កង្វល់​ខ្លាំង ចំពោះ​ផ្លែឈើ និង​បន្លែ ដែល​លក់​នៅតាម​ទីផ្សារ​មាន​សារ​ធាតុគីមី​ប៉ះពាល់​ដល់​សុខភាព​។​
 
 
 
​លោក​បាន​ពន្យល់​ពី​មូលហេតុ​នៃ​ការ​ចូលមក​វិនិយោគ​នៅ​កម្ពុជា​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​ចង់​ចាប់ផ្តើម​បង្កើត​ជំនួញ​ដែលមាន​និរន្តរភាព​។ ដូច្នេះ យើង​ចង់​ដាំ​ផ្លែឈើ​គ្មាន​ជាតិពុល ហើយ​លក់​ឲ្យ​អតិថិជន​ដោយ​ខ្លួនឯង​ផ្ទាល់ ដោយ​មិន​ត្រូវការ​ឈ្នួ​ញ​កណ្តាល​នោះទេ​។ ដូច្នេះ យើង​ព្យាយាម​យកចិត្តទុកដាក់​ការពារ​សុខភាព​ពលរដ្ឋ ដោយ​ផ្តល់​សាច់មាន់ សាច់គោ​ធម្មជាតិ និង​បន្លែ​ផ្លែឈើ​សរីរាង្គ​ដល់​ពួកគេ​។ វា​ជាគោលការណ៍​ប្រកបដោយ​និរន្តរភាព​របស់​ក្រុមហ៊ុន​យើង​»​។   
 
​បើទោះបី​មិនមាន​ដើមទុន​ច្រើន ប៉ុន្តែ លោក Chad Lehner ដែលមាន​ចរិត​រួសរាយ​រាក់ទាក់ បាន​ប្រឹងប្រែង​បង្កើត​កសិដ្ឋាន​ធម្មជាតិ​នៅ​ខេត្តក្រចេះ​ទាំង​លំបាក ដ្បិត​លោក​បាន​ចំណាយពេល​២​ឆ្នាំ ដោយ​មិនទាន់បាន​ចំណូល​ត្រឡប់មកវិញ​។ យ៉ាងណាក៏ដោយ នៅ​ឆ្នាំ​២០១៩​នេះ លោក​ផ្តើម​ដាក់លក់​ផលិតផល​របស់ខ្លួន រួមមាន​៖ ល្ហុង ល្ពៅ ផ្លែ​ផា​សិន ឪឡឹក​ពូជ​ហូ​ឡង់ ម្នាស់​ទឹកឃ្មុំ ស្រកានាគ ខ្នុរ ការ៉ុត និង​ដំណាំ​ផ្សេងទៀត​នៅលើ​ទីផ្សារ​ទូទៅ ផ្សារ​ទំនើប និង​សណ្ឋាគារ​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ​។  
 
​តាមពិតទៅ ក្រៅពី​លក់​ផ្លែឈើ​ស្រស់​ទៅក្នុង​ទីផ្សារ លោក​ក៏បាន​កែ​ច្នែ​ផ្លែឈើ ជា​ទឹក​ផ្លែឈើ ដំណាប់ និង​ស្ករ​គ្រាប់​ហើយ​ដែរ គ្រាន់តែ​បច្ចុប្បន្ន មិនទាន់​ចេញលក់​នៅ​ទីផ្សារ ព្រោះ​ត្រូវ​រង់ចាំ​ការត្រួតពិនិត្យ​គុណភាព ពី​ក្រសួង​ពាក់ព័ន្ធ​ជាមុនសិន​។  
 
​លោក Chad Lehner ក្នុង​វ័យ​៥០​ឆ្នាំ និង​មាន​ភរិយា​ជនជាតិខ្មែរ បាន​ជួល​ដី​របស់​ពលរដ្ឋ​ជាង​១០០​ហិកតា រយៈពេល​៣០​ឆ្នាំ ដើម្បី​បង្កើត​កសិដ្ឋាន Toom Toom នេះ​ឡើង​។ ជា​អតីត​និស្សិត​ជំនាញ​កសិកម្ម លោក​ទើបតែ​ចាប់ផ្តើម​វិនិយោគ​ចម្ការ​បន្លែ​ផ្លែឈើ​ធម្មជាតិ ជា​លើកដំបូង​នៅ​ប្រទេស​កម្ពុជា​។ 
 
​បើទោះបី​បន្លែ​ផ្លែឈើ​ធម្មជាតិ មានតម្លៃ​ខ្ពស់ជាង​បន្លែ​ផ្លែឈើ ដែល​ដាក់លក់​លើ​ទីផ្សារ​ជាទូទៅ​មែន ប៉ុន្តែ​ការផ្គត់ផ្គង់​នៅតែ​ខ្វះខាត​នៅឡើយ​។ ម្យ៉ាង​ភូមិសាស្ត្រ​ចម្ការ​ដែល​ជាប់​ទន្លេ និង​ដី​មាន​ជីជាតិ​ល្អ ក៏បាន​ក្លាយជា​មូល​ហេតុដែល​ជនជាតិ​អាមេរិកាំង​រូបនេះ ចង់​បង្កើត​កសិដ្ឋាន​នៅ​ខេត្តក្រចេះ ដើម្បី​ដាំ និង​កែច្នៃ​ផ្លែឈើ ហើយ​ដាក់លក់​លើ​ទីផ្សារ​កម្ពុជា​។ 
 
​អ្នកស្រី សៅ សារឹម ភរិយា​របស់លោក Chad Lehner បានផ្តល់​បទ​សម្ភាស​ដ​ល់​សារព័ត៌មាន​ថ្មីៗ​ថា បច្ចុប្បន្ន ក្រៅពី​ដាំ​បន្លែ​ផ្លែឈើ កសិដ្ឋាន​របស់​អ្នកស្រី ក៏​កំពុង​ចិញ្ចឹម​មាន់ និង​គោ​ធម្មជាតិ​ផងដែរ​។ 
 
​ក្នុង​វ័យ​៣១​ឆ្នាំ នារី​សម្បុរ​ស្រអែម និង​មក​ខេត្តស្វាយរៀង បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖«​ដោយសារ យើង​យក​អាចម៍គោ និង​អាចម៍មាន់ ធ្វើជា​ជី​កំ​ប៉ុ​ស្ត​ដោយ​ខ្លួនឯង​។ ចំណែក ការធ្វើ​ទឹក​ផ្លែឈើ ដំណាប់ និង​ស្ករ​គ្រាប់ ហើយ​កាកសំណល់​ចេញពី​ទឹក​ផ្លែឈើ​ហ្នឹង យើង​យកទៅ​ធ្វើជា​ជី​កំ​ប៉ុ​ស្ត​។ ហើយ​បើសិន​អាចម៍គោ ឬ​អាចម៍មាន់ អត់​គ្រប់គ្រាន់ យើង​ទិញ​ពី​អ្នកជិតខាង​ដែល​ចិញ្ចឹម​គោ​។ គោ និង​មាន់ យើង​លក់​ឲ្យ​ខ្មែរ​យើង​នៅតាម​អូ​តែ​ល​»​។​
 
 
 
​បើតាម អ្នកស្រី សៅ សារឹម ការបង្កើត​កសិដ្ឋាន​នេះ មាន​ផល​លំបាក​ជាច្រើន ដ្បិត​ការដាំ​បន្លែ​ផ្លែឈើ​ធម្មជាតិ តម្រូវ​ឲ្យ​មានការ​ចំណាយ​ទាំង​ថវិកា ពេលវេលា និង​កម្លាំង​ជាច្រើន​លើ​ការបង្កើត​ជីធម្មជាតិ​ដោយ​ខ្លួនឯង ព្រមទាំង​ព្យាយាម​ទប់ស្កាត់​ការហូរចូល​ថ្នាំ​កសិកម្ម ពី​ចម្ការ​នៅក្បែរ​ខាង​។ 
 
​លោកស្រី​បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖ «​និយាយ​រួម​ទៅ បើ​ទីផ្សារ អត់​លំបាក​ទេ ព្រោះ​យើង​មាន​ម៉ូយ​ច្រើន​។ ហើយ​ឥឡូវ ប្រជាជន​ខ្មែរ​យើង​មានការ​យល់ដឹង​ច្រើន ដូច្នេះ​គាត់​ជួយ​គាំទ្រ​របស់​ខ្មែរ​យើង​ច្រើន​។ បើ​ផ្លែឈើ​ក៏​មិន​អី​ដែរ តែ​ផល​ពិបាក​ខ្លាំង គឺ​ការថែទាំ ដោយសារ​យើង​អត់​ប្រើ​ជាតិគីមី​»​។ 
 
​បើតាម​អ្នកស្រី សៅ សារឹម ការបណ្តាក់ទុន​វិនិយោគ​លើ​វិស័យ​កសិកម្ម​នេះ ក៏​បណ្តាលមកពី​អ្នកស្រី​ចង់​បង្កើត​ការងារ​ដល់​ប្រជាជន​កម្ពុជា និង​ស្របតាម​ចំណង់​ចំណូលចិត្ត​របស់​ស្វាមី​ខ្លួន ដែលមាន​ជំនាញ​ផ្នែក​កសិកម្ម​នេះ​ស្រាប់​។ 
 
​អ្នកស្រី ខុន វឿន កម្មករ​ម្នាក់​ក្នុងចំណោម​កម្មករ​ទាំង​១០​នាក់ នៅក្នុង​កសិដ្ឋាន ToomToom ដែល​ទើប​ឡើង​មកពី​កាត់​ស្មៅ​ខ្នុរ​ក្នុង​ចម្ការ បាន​អះអាងថា ចម្ការ​នេះ មិន​ប្រើ​ជីគីមី​នោះទេ មានតែ​ប្រើ​ជី​អាចម៍គោ និង​ជី​អាចម៍មាន់​។ អ្នកស្រី និង​សមាជិកគ្រួសារ បាន​ចូលមក​ធ្វើការ​នៅក្នុង​ចម្ការ​នេះ បាន​៥​ខែ​មកហើយ ដោយ​ទទួលបាន​ប្រាក់ខែ​ម្នាក់ៗ ២០០​ដុល្លារ និង ស្នាក់​នៅក្នុង​កសិដ្ឋាន​នេះ​តែម្តង​។​
 
​ក្នុង​វ័យ​៥១​ឆ្នាំ អ្នកស្រី ខុន វឿន ដែលជា​អ្នក​ខេត្តកំពង់ចាម បាន​ពន្យល់​ការងារ​របស់ខ្លួន​ថា មូល​ហេតុដែល​អ្នកស្រី និង​គ្រួសារ​មក​ធ្វើ​ការងារ​នៅក្នុង​ចម្ការ គឺ​បណ្តាលមកពី​អ្នកស្រី​ចង់​រកលុយ​សងបំណុល​គេ និង​មិន​ចង់​ចំណាកស្រុក​ទៅ​ឆ្ងាយ​។ 
​អ្នកស្រី​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ក្នុង​ចម្ការ ខ្ញុំ​ជា​អ្នកយក​ស្មៅ​ម្នាស់ ស្មៅ​ខ្នុរ ដាំ​កូន​ផា​សិន ដាំ​កូន​ស្រកានាគ ដាំ​ល្ហុង ល្ពៅ​...​។ ខ្ញុំ​សូម​អរគុណ​គាត់​ដែរ​ហ្នឹង យើង​មក​នៅ​ជាមួយ​គាត់ គាត់​ទុកចិត្ត និង​ត្រេកអរ​ជាមួយ​យើង និង​កូនចៅ​។ យើង​មាន​កន្លែងដេក​ស្រួល បន្ទប់​ជា​ផ្ទះល្វែង គ្រាន់តែ​យើង​អត់​មាន​ភ្លើង​ប្រើ យើង​យ៉ាប់​តែ​ភ្លើង​មួយ​មុខ​ទេ​»​។ 
 
​បច្ចុប្បន្ន លោក Chad Lehner មិនទាន់មាន​គម្រោង​ពង្រីក​កសិដ្ឋាន​របស់ខ្លួន​នោះទេ ប៉ុន្តែ លោក​កំពុងតែ​ស្វែងរក​ម៉ូយ​បន្ថែមទៀត នៅតាម​ហាង​ទំនើបៗ ភោជនីយដ្ឋាន និង​សណ្ឋាគារ​នៅ​ប្រទេស​កម្ពុជា​។ លោក​បាន​សំណូមពរ​ឲ្យ​ពលរដ្ឋ​កម្ពុជា គាំទ្រ​ផលិតផល​ធម្មជាតិ បើទោះបីជា​មានតម្លៃ​ខ្ពស់​មែន តែ​វា​នឹង​ផ្តល់​សុខភាព​សម្រាប់​អ្នក​បរិភោគ និង​ជួយផ្តល់​ការងារ​ដល់​ប្រជាជន​កម្ពុជា ព្រមទាំង​ចូលរួម​លើកស្ទួយ​ផលិតផល​ក្នុងស្រុក​៕          
 
 
​ 

Tag:
 បន្លែ​គ្មាន​គីមី​
  ​អាមេរិកាំង​
© រក្សាសិទ្ធិដោយ thmeythmey.com