ជាតិ
នយោបាយជាតិ
ការព្យួរ EBA ជិតមកដល់ អឺរ៉ុប តឿនកម្ពុជា ឲ្យឆាប់បើកចំហបរិយាកាសនយោបាយឡើងវិញ ជំនួបរវាងលោក ប្រាក់ សុខុន និង លោក Josep (រូបពីក្រសួងការបរទេសកម្ពុជា)
× លោក Josep Borrell តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប ទទួលបន្ទុកផ្នែកគោលនយោបាយសន្តិសុខ និងកិច្ចការបរទេស និងជាអនុប្រធានគណៈកម្មការអឺរ៉ុប បានជំរុញឲ្យភាគីកម្ពុជា គិតគូរឡើងវិញ ពីការស្តារស្ថានភាពនយោបាយ។ លោក លើកពីបញ្ហានយោបាយនេះ ក្នុងជំនួបជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩។
គេហទំព័ររបស់សហភាពអឺរ៉ុប បានចុះផ្សាយដូច្នេះថា៖«[លោក Josep] តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប បានរម្លឹកជាថ្មី អំពីសារសំខាន់របស់អាជ្ញាធរកម្ពុជា ក្នុងការចាត់វិធានការជាបន្ទាន់ ដើម្បីបើកចំហបរិយាកាសនយោបាយ និងបង្កើតលក្ខខណ្ឌចាំបាច់ ដល់គណបក្សប្រឆាំង ដែលគួរឲ្យទុកចិត្តបាននិងមានលក្ខណៈប្រជាធិបតេយ្យ ហើយចាប់ផ្តើមដំណើរការផ្សះផ្សារជាតិ តាមរយៈកិច្ចសន្ទនាពិតប្រាកដ»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា មិនបញ្ចេញមតិឡើយ ដោយលោក លើកឡើងថា មិនបានដឹងសាច់រឿងនៃជំនួបរវាងលោក Josep និង លោក ប្រាក់ សុខុន។ លោក រុញឲ្យទៅសួរក្រសួងការបរទេស តែអ្នកនាំពាក្យនៃក្រសួងនេះ ហៅទូរស័ព្ទមិនចូល។
លោក Josep សរសេរក្នុងបណ្តាញសង្គម Twitter ដូច្នេះថា៖«ខ្ញុំ បានប្រជុំជាមួយលោក ប្រាក់ សុខុន។ ពួកយើង បានជជែកគ្នាពីលទ្ធភាពនៃការដកប្រព័ន្ធអនុគ្រោះព័ន្ធ EBA. កិច្ចប្រឹងប្រែងរបស់កកម្ពុជា គឺនៅតែសំខាន់ ដើម្បីស្តារស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ»។
លោក Josep រម្លឹកពីសារនេះ ស្របពេលដែលការសម្រេចរបស់សហភាពអឺរ៉ុប អំពីការព្យួរឬមិនព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA នៅកម្ពុជា ជិតនឹងឈានមកដល់ ពោលគឺនៅសល់ប្រមាណតែពីរខែទៀតប៉ុណ្ណោះ (ខែកុម្ភៈ ឆ្នាំ២០២០)។ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ក្រសួងការបរទេសកម្ពុជា បានឆ្លើយតបនឹងរបាយការណ៍បឋមរបស់សហភាពអឺរ៉ុប។
ក្នុងការឆ្លើយតបនោះ ក្រសួងការបរទេសកម្ពុជា បានស្នើឲ្យសហភាពអឺរ៉ុប ពិចារណាពីការប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តអនុសញ្ញាអន្តរជាតិនានា ក្រោមលក្ខខណ្ឌនៃការទទួលបាន EBA។ ក្រសួងការបរទេសកម្ពុជា ក៏សង្ឃឹមផងដែរថា សហភាពអឺរ៉ុប នឹងពិចារណាពីផលប៉ះពាល់ដល់កម្មការិនីកម្ពុជាជិតមួយលាន បើព្យួរ EBA។
សាររបស់ក្រសួងការបរទេសកម្ពុជា ដែលឆ្លើយតបនឹងសហភាពអឺរុប ហាក់ផ្ទុយនឹងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យឯកទេសកម្ពុជា (CUS ) កាលពីថ្ងៃទី១១ ខែធ្នូ ប្រមុខរដ្ឋាភិបាលកម្ពុជា ប្រកាសថា មិនខ្វល់ពីការបាត់ EBA ឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com