កីឡាអន្តរជាតិ
អន្តរជាតិ
ទូរទស្សន៍​ចិន​បិទ Live ជំនួប Arsenal-Man City ក្រោយ Ozil រិះគន់​ចិន រឿង​ជនជាតិភាគតិច​វី​ហ្គ័​រ​
16, Dec 2019 , 10:19 pm        
រូបភាព
​ទូរទស្សន៍​រដ្ឋ​ចិន CCTV បាន​បិទ​ការចាក់​បញ្ចាំង​ការប្រកួត​រវាង​ក្រុម Arsenal និង Manchester City ក្នុង​កម្មវិធី​ទូរទស្សន៍​របស់ខ្លួន បន្ទាប់ពី​ខ្សែបម្រើ​កាំភ្លើង​ធំ Mesut Ozil រិះគន់​ចិន ដោយ​បង្ហាញ​ការគាំទ្រ​ដល់​ជនជាតិ​មូស្លីម​ភាគតិច​វី​ហ្គ័​រ នៅក្នុង​ខេត្ត​ស៊ីន​ជាំ​ង ប្រទេស​ចិន​។​

 
Ozil ដែលមាន​ដើមកំណើត​តួ​ក​គី និង​ជា​ជនជាតិ​មូស្លីមមកពីតួកគី​ផង បាន​ថ្កោលទោស​ការបង្ក្រាប​របស់​ចិន ទៅលើ​ជនជាតិភាគតិច​វី​ហ្គ័​រ និង​ជនជាតិភាគតិច​ដទៃទៀត ក្នុង​ខេត្ត​ស៊ីន​ជាំ​ង ដោយ​បង្ហោះ​សារ​ក្នុង​បណ្តាញ​សង្គម Tweeter របស់ខ្លួន នៅ​ថ្ងៃទី​១៣ ខែធ្នូ​។ ក្នុង​សារ​នោះដែរ អតីត​សមាជិក​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ ក៏បាន​រិះគន់​ប្រទេស​មូស្លីម​ផ្សេងទៀត ដែល​មិន​ហ៊ាន​ហាមាត់ ប្រឆាំងនឹង​ការរំលោភបំពាន​នេះ​។​
 
​ជំនួប​ប្រកួត​ក្នុង​ក្របខណ្ឌ Premier League សប្តាហ៍​ទី​១៧ នៅ​យប់​ថ្ងៃទី​១៥ ខែធ្នូ ដែល​ម្ចាស់ផ្ទះ Arsenal ចាញ់ Man City ៣-០ នោះ ត្រូវ​គ្រោង​ផ្សាយ​បន្ត​ផ្ទាល់ លើ​កញ្ចក់​ទូរទស្សន៍​កីឡា CCTV ទៅតាម​តារាង​កាលវិភាគ​កម្មវិធី​រប​ស់​ពួកគេ​។ ប៉ុន្តែ​យ៉ាងណា CCTV មិនបាន Live ការប្រកួត​នេះឡើយ ហើយ​ជំនួស​ដោយ​ការចាក់ផ្សាយ​ការប្រកួត​រវាង Tottenham Hotspur និង Wolverhampton Wanderers ឡើយ​វិញ​។​
 
«​កូ​រ៉ា​ន​(​ក​ម្ពី​សាសនា​អ៊ីស្លាម​) ជិត​ត្រូវ​ដុតចោល​ហើយ​...​វិហារ​អ៊ីស្លាម​ជិត​ត្រូវ​បិទទ្វារ​...​សាលារៀន​មូស្លីម​ត្រូវ​ហាមឃាត់​...​អ្នកប្រាជ្ញ​ខាង​សាសនា ត្រូវបាន​សម្លាប់​ម្តង​មួយៗ​...​បងប្អូន​មូស្លីម​ត្រូវ​បញ្ជូនទៅ​ជំរុំ​នានា​»​។ ទាំងនេះ​ជា​សំណេរ​របស់ Ozil ជា​ភាសា​តួ​ក​គី ដែល​បង្ហោះ​លើ​គណនី Twitter របស់ខ្លួន​។​
 

 
​ជុំវិញ​ការ​ធ្វើទុក្ខបុកម្នេញ លើ​ជនជាតិ​មូស្លីម​ភាគតិច​វី​ហ្គ័​រ ចិន​កំពុង​ប្រឈម​នឹង​ការ​ថ្កោលទោស​ខ្លាំង​ឡើង ពី​សំណាក់​អន្តរជាតិ ជាពិសេស​អាមេរិក ចំពោះ​ការបង្កើត​បណ្តាញ​ជំរំ​កែប្រែ​ដ៏​ធំ​មួយ​នៅ​ស៊ីន​ជាំ​ង​។ ក្រុម​សិ​ទិ្ធ​មនុស្ស និង​អ្នកជំនាញ​លើកឡើងថា ជនជាតិភាគតិច​វី​ហ្គ័​រ និង​ប្រជាជន​ជន​ជា​ជនជាតិភាគតិច​មូស្លីម ជាង​មួយ​លាន​នាក់​ផ្សេងទៀត ស្ថិតនៅ​ផ្តុំគ្នា​ក្នុង​ជំរំ​ដោយមាន​ការគ្រប់គ្រង​យ៉ាង​តឹងរឹង​ពី​សំណាក់​ចិន​។​


 
​សភាតំណាងរាស្ត្រ​អាមេរិក កាលពី​ថ្ងៃទី​៤ ខែធ្នូ បានអនុម័ត លើ​សេចក្តីស្នើច្បាប់ ស្តីពី​ជនជាតិ​វី​ហ្គ័​រ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អាមេរិក ដាក់​សម្ពាធ និង​ដាក់ទណ្ឌកម្ម លើ​ក្រុង​ប៉េកាំង ពាក់ព័ន្ធ​ទៅនឹង​ការបង្ក្រាប​លើ​ជនជាតិ​មូស្លីម​ភាគតិច​វី​ហ្គ័​រ នៅក្នុង​ខេត្ត​ស៊ីន​ជាំ​ង​នេះ​។​
 
​ច្បាប់​ស្តីពី​ជនជាតិភាគតិច​វី​ហ្គ័​រ ឆ្នាំ​២០១៩ ត្រូវបាន​សភាតំណាងរាស្ត្រ​អាមេរិក​អនុម័ត ក្នុង​សំឡេង ៤០៧​ស្រប និង​១​សំឡេង​ប្រឆាំង​។ សេចក្តីស្នើច្បាប់​មួយ​នេះ ធ្វើឡើង​ក្នុង​បំណង​ប្រឆាំង​ការបង្ក្រាប និង​ការ​ឃុំឃាំង​ជនជាតិ​មូស្លីម​ភាគតិច នៅ​តំបន់​ស៊ីន​ជាំ​ង ពី​សំណាក់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​។ ប្រសិនបើ​សេចក្តីស្នើច្បាប់​នេះ ចូល​ជា​ធរមាន អាមេរិក នឹងដាក់​ទណ្ឌកម្ម​លើ​មន្ត្រីជាន់ខ្ពស់​ចិន ព្រមទាំង​រឹតត្បិត​ការនាំចេញ​ផលិតផល​មួយចំនួន ទៅ​ប្រទេស​ចិន​ទៀតផង​៕
 

Tag:
 ចិន​
  វី​ហ្គ័​រ​
  Mesut Ozil
© រក្សាសិទ្ធិដោយ thmeythmey.com