ជាតិ
សេដ្ឋកិច្ច
សហព័ន្ធ​ស្រូវ​អង្ករ​ស្នើ​ធនាគារ​បញ្ចេញ​កម្ចី​ឲ្យ​បាន​ច្រើន និង​ការប្រាក់​សមរម្យ​ដល់​វិស័យ​កសិកម្ម​
16, Dec 2019 , 8:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​(CRF) បានស្នើ​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ផ្ដល់​លំហូរ​ទុន​ឲ្យ​បាន​ច្រើនជាង​សព្វថ្ងៃ ជាមួយនឹង​អត្រា​ការប្រាក់​សមស្រប ដល់​វិស័យ​កសិកម្ម​ទាំងមូល​។

 
 
​លោក ចាន់ សុ​ឃាំង អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានស្នើ​ឲ្យ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ចូលរួម​ឲ្យ​បាន​ប្រសើរ​ជាង​សព្វថ្ងៃ​ក្នុងការ​បញ្ចេញ​កម្ចី​ដល់​វិស័យ​កសិកម្ម​។ «​យើង​អំពាវ​ឲ្យ​ដៃគូ​ហិរញ្ញវត្ថុ​ទាំងអស់ ទាំង​ធនាគារពាណិជ្ជ មីក្រូ សូម​ពិ​ចារ​បន្ធូរបន្ថយ​ការប្រាក់ និង​រក​ដំណោះស្រាយ​មួយ​ដែល​អាច​ឲ្យ​កសិករ និង​វិស័យ​ឯកជន​ទាំងអស់​ក្នុង​វិស័យ​កសិកម្ម​នេះ អាច​ទទួលបាន​ប្រភព​ទុន​សម្រាប់​ពង្រីក​មុខរប​រ​អាជីវកម្ម​របស់ខ្លួន និង​មាន​ថ្លៃដើម​ប្រកួតប្រជែង​នឹង​ដៃគូ​ប្រទេសជិតខាង​»​។ នេះ​ជា​ប្រសាសន៍​លោក ចាន់ សុ​ឃាំង ដែល​បាន​ថ្លែងប្រាប់​អ្នកកាសែត​នាឱកាស​ដែល​លោក​ចូលរួម​ជា​វាគ្មិន​ក្នុង​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​ប្រចាំឆ្នាំ​លើក​ទី​៦​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ស្ដីពី វិស័យ​កសិកម្ម​ក្នុង​បរិបទ​នៃ​ការផ្លាស់ប្ដូរ​យ៉ាង​ឆាប់រហ័ស​នៃ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច និង​ភាពមិន​ប្រកា​ដ​ប្រជា​នៃ​ពាណិជ្ជកម្ម​ពិភពលោក នៅ​ថ្ងៃទី​១៦​ខែវិច្ឆិកា​។​
 
​បើតាម​លោក ចាន់ សុ​ឃាំង វិស័យ​កសិកម្ម​បានរួម​ចំណែក​ក្នុង​ផលិតផល​ក្នុងស្រុក​សរុប (GDP) ពី ២៥​ទៅ​៣០​ភាគរយ តែ​ឥណទាន​ចូលទៅក្នុង​វិស័យនេះ​បានតែ​១០​ភាគរយ​នៃ​ទំហំ​ឥណទាន​ទូទៅ​ប៉ុណ្ណោះ​។ លោក​បន្ថែមថា អត្រា​ការប្រាក់​សម្រាប់​ប្រជាកសិករ និង​ពាណិជ្ជករ​ខ្នាតតូច មានតម្លៃ​ខ្ពស់​ណាស់ ដែលមាន​ពី​១២​ទៅ​១៨​ភាគរយ​ក្នុង​មួយឆ្នាំ​។ ដោយឡែក​ពាណិជ្ជករ​ក្នុង​វិស័យ​កសិកម្ម​ធំៗ ទទួលបាន​ប្រាក់កម្ចី​ក្នុង​អត្រា​ការប្រាក់​ពី ៦,៥​ភាគរយ ទៅ​៨,៥​ភាគរយ​។​
 
​អ្នក​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​មួយចំនួន​បានចាត់ទុក​វិស័យ​កសិកម្ម​មាន​ហានិភ័យ​ខ្ពស់ សម្រាប់​ការបញ្ចេញ​កម្ចី​របស់ខ្លួន​។ ត្រង់ចំណុច​នេះ​អាចជា​បញ្ហា​ដែល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ខ្លះ​រារែក​ក្នុងការ​បញ្ចេញ​កម្ចី​ដល់​វិស័យ​កសិកម្ម ឬ​ផ្ដល់​កម្ចី​ក្នុង​អត្រា​ការប្រាក់​ខ្ពស់​។​
 
​តែ​លោក ចាន់ សុ​ឃាំង អះអាងថា ការចាត់ទុក​កសិកម្ម​ថា​មាន​ហានិភ័យ​ខ្ពស់ គឺជា​ផ្នត់គំនិត​ចាស់ ដែល​បច្ចុប្បន្ន​វិស័យនេះ​គួរ​ទទួលបាន​ទុន​សមស្រប​។ «​វា​ជា​បរិបទ​មួយ​ដែល​កើតឡើង​ពីមុនមក ដែល​វិស័យ​កសិកម្ម​ក្នុងប្រទេស​កម្ពុ​ជាមាន​ហានិភ័យ​ខ្ពស់ ទៅតាម​កត្តា​អាកាសធាតុ ទីផ្សារ និង​គុណភាព​ផលិតផល ប៉ុន្តែ​ជាក់ស្ដែង​យើង​មើល​ត្រឡប់មកវិញ​អំពី​ការគ្រប់គ្រង​ហានិភ័យ​ក្នុងការ​ផ្ដល់​កម្ចី​ដល់​កសិករ​ខ្នាតតូចៗ​នេះ​គឺថា ការបាត់បង់ (​កម្ចី​សង​មិនទាន់​ពេល​) មាន​អត្រា​ទាប​មែនទែន​ប្រហែល​៣​ទៅ​៥​ភាគរយ​»​។ នេះ​ជាការ​គូសបញ្ជាក់​របស​លោក សុ​ឃាំង​។ លោក​បន្ត​ដូច្នេះ​ថា​៖​ដោយឡែក​យើង​នៅតែ​បន្ត​បរិបទ​ហ្នឹង ដោយ​និយាយថា​វិស័យ​កសិកម្ម​នៅ​កម្ពុជា ជា​វិស័យ​មួយ​ដែលមាន​ហានិភ័យ​ខ្ពស់ ហើយ​ថ្ងៃនេះ​ខ្ញុំ​បាន​សង្កត់ធ្ងន់​ត្រង់ចំណុច​នេះ​ដើម្បី​ផ្លាស់ប្ដូរ​ការមើល​ឃើញថា​វិស័យនេះ​ជា​វិស័យ​មាន​សុវត្ថិភាព​ក្នុងការ​ផ្ដល់​កម្ចី​»​។​
 
​អនុប្រធាន CRF រូបនេះ ឲ្យ​ដឹងថា អំឡុង​ពេលដែល​សហភាព​អឺរ៉ុប​ដាក់​ពន្ធ​លើ​អង្ករ​កម្ពុជា​ចាប់ផ្ដើម​ពី​ដើមឆ្នាំ​២០១៩ ធនាគារពាណិជ្ជ​មួយចំនួន​បាន​កាត់បន្ថយ​ទំហំ​នៃ​ការបញ្ចេញ​សរុប​របស់ខ្លួន​ប្រមាណ ៤០​ភាគរយ ដែលជា​ផ្នែក​មួយ​ប៉ះពាល់​ដល់​ប្រ​ទុន​ក្នុង​វិស័យ​ស្រូវ​អង្ករ​។ ភ្ជាប់​ជាមួយគ្នានេះ លោក សុ​ឃាំង លើកឡើងថា វិស័យ​ស្រូវ​អង្ករ​ត្រូវការ​ទុន​បន្ថែម​ប្រមាណ​២០០​លាន​ដុល្លារ​សម្រាប់​ការ​បង្វិល​ទិញស្រូវ​ស្តុក​នាំចេញ ជាពិសេស​ដើម្បី​សម្រេច​គោលដៅ​នាំចេញ​អង្ករ​១​លាន​តោន​នាពេលខាងមុខ​។ ទន្ទឹមនឹងនេះ តំណាង​សហព័ន្ធ​ស្រូវ​អង្ករ​រូបនេះ បានស្នើ​ឲ្យ​ធនាគារពាណិជ្ជ​ពិចារណា​ផ្ដល់​កម្ចី​ដល់​រោង​ម៉ាស៊ីនកិនស្រូវ ដោយ​យក​ស្តុក​ស្រូវ​ជាវ​ត្ថុ​ធានា​បំណុល ពោលគឺ​បន្ថែម​ជម្រើស​ក្រៅពី​ការដាក់​ធានា​ជា​អចលនទ្រព្យ​។​
 
​សេដ្ឋវិទូ​ជាន់ខ្ពស់​ធនាគារពិភពលោក លោក លី សូ​ដេ​ត ដែលជា​វាគ្មិន​ក្នុង​សន្និសីទ​ខាងលើ​នេះដែរ  បានផ្ដល់​អនុសាសន៍​ថា ដើម្បី​បន្ទាប​ការប្រាក់​ចំពោះ​កម្ចី​ដែល​ផ្ដល់​ឲ្យ​វិស័យ​កសិកម្ម ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​កាត់បន្ថយ​ហានិភ័យ​របស់​វិស័យ​មួយ​នេះ​។ លោក សូ​ដេ​ត បាន​ថ្លែង​ដូច្នេះ​ថា​៖«​កាលណា​វិស័យ​នោះ​មាន​ហានិភ័យ​ខ្ពស់ គឺ​គាត់​យក​អត្រា​ការប្រាក់​ខ្ពស់ ហើយ​បើ​យើង​(​រដ្ឋាភិបាល​)​ចង់​បង្ខំ​ឲ្យ​ទីផ្សារ​យកការប្រាក់​ទាប​គឺ​យើង​លូកដៃ​ចូល​ទីផ្សារ ដែល​សេដ្ឋកិច្ច​ទីផ្សារសេរី​គឺ​មិនល្អ​។ អ៊ីចឹង​យើង​ត្រូវ​សិក្សា​ថា​ហេតុអ្វី​កសិកម្ម​របស់​យើង​មាន​ហានិភ័យ​ខ្ពស់​? គឺ​ដូច​និយាយ​ពី​ខាងដើម គឺ​កសិកម្ម​យើង​នៅ​ទន់ខ្សោយ ចង្វាក់​ផ្គត់ផ្គង់​របស់​យើង​អត់​មាន​ទេ គឺ​ធ្វើ​ដាច់​ដោយ​ដុំ​»​។ លោក​បន្ថែម​បែបនេះ​ទៀតថា​៖«​ហើយ​ម្យ៉ាងទៀត​ប្រទេស​យើង​គឺ​ដុល្លារ​រូបនីយកម្ម ដែល​យើង​អត់​មាន​គោលនយោបាយ​រូបិយវត្ថុ​ក្នុង​ដៃ​របស់​យើង​ទេ ដែល​យើង​ចង់​ដំឡើង​ឬ​កាត់បន្ថយ​ការប្រាក់ គឺមាន​ការលំបាក​»​។​
 
​គួរ​បញ្ជាក់ថា រដ្ឋាភិបាល ក្នុងពេល​ថ្មីៗ​នេះ បាន​ទម្លាក់​ទុន​៥០​លាន​ដុល្លារ​បន្ថែមទៀត សម្រាប់​ផ្ដល់​កម្ចី​ដល់​រោង​ម៉ាស៊ីនកិនស្រូវ តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ បន្ទាប់ពី​មានការ​លើកឡើង​របស់​អ្នក​ក្នុង​វិស័យនេះ ដែលថា​ខ្វះខាត​ទុន​១០០​ទៅ​២០០​លាន​ដុល្លារ​សម្រាប់​រដូវ​ប្រមូល​ផល​ស្រូវ​ខែធ្នូ​និង​ខែមករា​៕
 

Tag:
 ចាន់ សុ​ឃាំង​
  លី សូ​ដេ​ត​
  កសិកម្ម​
  ស្រូវ​អង្ករ​
  កម្ចី
© រក្សាសិទ្ធិដោយ thmeythmey.com