អន្តរជាតិ
សមាជិក​ព្រឹទ្ធសភា​អាមេរិក​ពិភាក្សា​អំពី​ទំនាក់ទំនង​យោគយល់​គ្នា និង​អំពី​ដំណើរការ​សន្តិភាព​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​
17, Dec 2019 , 7:59 pm        
រូបភាព
រូប​ឯកសារ៖ លោក Lindsey Graham ធ្វើ​សន្និសីទ​កាសែត​មួយ​នៅ​ស្ថានទូត​អាមេរិក​ក្នុង​ក្រុង​អ៊ីស្លាម៉ាបាដ ប្រទេស​ប៉ាគីស្ថាន កាលពី​ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩។
រូប​ឯកសារ៖ លោក Lindsey Graham ធ្វើ​សន្និសីទ​កាសែត​មួយ​នៅ​ស្ថានទូត​អាមេរិក​ក្នុង​ក្រុង​អ៊ីស្លាម៉ាបាដ ប្រទេស​ប៉ាគីស្ថាន កាលពី​ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩។
ដោយ: VOA
​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​លោក Lindsey Graham បាន​ជួប​ជាមួយ​ក្រុមមន្ត្រី​នានា​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​ចន្ទ ដើម្បី​ពិភាក្សា​អំពី​ទំនាក់ទំនង​ទ្វេភាគី​ទូលំទូលាយ​មួយ ដោយ​ផ្តោត​ជាពិសេស​ទៅលើ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​កិច្ចប្រឹងប្រែង​កសាង​សន្តិភាព​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។ នេះ​បើ​យោងតាម​មន្ត្រី​។​

 
​ការិយាល័យ​លោកនាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ប៉ា​គី​ស្ថាន​បានប្រកាសថា នៅក្នុង​ជំនួប​រវាង​លោក Graham និង​លោក Imran Khan នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន លោក Graham បាន​ថ្លែងថា ប្រធានាធិបតី​អាមេរិក​លោក Donald Trump កោតសរសើរ​យ៉ាងខ្លាំង​ដល់​ការបន្ត​ជួយ​គាំទ្រ​របស់​ប៉ា​គី​ស្ថាន​ចំពោះ​ដំណើរការ​សន្តិភាព​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។​
 
​ក្រុម​ន្ត្រី​ក៏បាន​ដកស្រង់​សម្តី​របស់​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​រូបនេះ ដែល​បាន​សរសើរ​ប្រទេស​ប៉ា​គី​ស្ថាន ដែល​បាន​សង់​របង​ព្រំដែន​ដើម្បី​ពង្រឹង​សន្តិសុខ​នៅតាម​ព្រំដែន​ជាមួយនឹង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។​
 
​ស្របពេល​ដែល​ប៉ា​គី​ស្ថាន​កំពុង​ផ្តោត​ខ្លាំង​លើ​សារៈសំខាន់​នៃ​សន្តិភាព​និង​ស្ថិរភាព​ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន លោក Khan បានបញ្ជាក់​ឡើងវិញ​ថា ប៉ា​គី​ស្ថាន​នឹង​បន្ត​ដើរតួនាទី​ជា​អ្នកសម្របសម្រួល​នៅក្នុង​ដំណើរការ​សន្តិភាព​និង​ការស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ឡើងវិញ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។​
 
​លោក Graham ក៏​ធ្លាប់​បានធ្វើ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ខែកុម្ភៈ ដែល​ទស្សនកិច្ច​នោះ​គឺជា​ការត្រួសត្រាយ​ផ្លូវ​ដ​ល់​កិច្ចប្រជុំ​រវាង​លោក Khan និង​លោក Trump នៅ​សេត​វិមាន​កាលពី​ខែកក្កដា​កន្លងទៅ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com