ជាតិ
សង្គមជាតិ
ចិន​១០​នាក់ និង​ខ្មែរ​៤​នាក់ ត្រូវ​ចាប់ខ្លួន ពីបទ​បង្ខាំង​មនុស្ស និង​លួច​នាំចូល​អាវុធ​
17, Dec 2019 , 4:36 pm        
រូបភាព
ជនល្មើសទាំង៧នាក់ ដែលត្រូវចាប់ខ្លួនក្នុងប្រតិបត្តិការលើកទី២
ជនល្មើសទាំង៧នាក់ ដែលត្រូវចាប់ខ្លួនក្នុងប្រតិបត្តិការលើកទី២
ដោយ: ថ្មីៗ
​កម្លាំង​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ ចេញ​ប្រតិបត្តិការ​២​លើក ដោយបាន​ចាប់​ជនជាតិខ្មែរ​៤​នាក់ និង​ជនជាតិ​ចិន​១០​នាក់ ក្រោយ​ការសង្ស័យថា ពួកគេ បាន​ប្រព្រឹត្ត​បទល្មើស​មួយចំនួន រួមមាន ការឃុំ​ឃាំង​មនុស្ស ការ​លួច​នាំចូល​អាវុធ​មក​កម្ពុជា និង ការផ្តល់​ទីតាំង​សម្រាប់​ប្រព្រឹត្ត​បទឧក្រិដ្ឋ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៩​។


 
​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​ឲ្យ​ដឹងថា ក្នុង​ប្រតិបត្តិ​ការលើក​ទី​១ កាលពី​ថ្ងៃទី​៦ ខែធ្នូ សមត្ថកិច្ច បាន​ចាប់​ជនល្មើស​ជា​បុរស​ជនជាតិ​ចិន​៧​នាក់ នៅ​ចំណុច​ផ្ទះសំណាក់​មួយ ស្ថិត​ក្នុងភូមិ​២ សង្កាត់​២ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ព្រមទាំង​បាន​ដកហូត​កាំភ្លើងខ្លី​២​ដើម កាំភ្លើង​វែង​១​ដើម គ្រាប់កាំភ្លើង និង​គ្រឿងញៀន​មួយចំនួនធំ​ទៀត​។ 
 
​ក្នុង​ប្រតិបត្តិ​ការលើក​ទី​២ នៅ​ថ្ងៃទី​១៣ និង​ថ្ងៃទី​១៤ ខែធ្នូ សមត្ថកិច្ច បាន​ចាប់​ជនជាតិខ្មែរ​៤​នាក់ និង ជនជាតិ​ចិន​៣​នាក់ (​ស្រី​១​នាក់​) បន្ថែមទៀត ដែលជា​បក្សពួក​តែមួយ ដោយ​ក្នុងនោះ អ្នកខ្លះ ត្រូវ​ចាប់​ខ្លួ​នៅ​ខេត្ត​ព្រះសីហនុ និង​អ្នកខ្លះ ត្រូវ​ចាប់​ខ្លួ​នៅ​រាជធានី​ភ្នំពេញ​។ 
 
​ក្នុង​ប្រតិបត្តិ​ការលើក​ទី​២​នេះ សមត្ថកិច្ច ក៏បាន​ដកហូត​វត្ថុតាង​ដែរ​ពី​ពួកគេ​ដែរ រួមមាន កាំភ្លើង​វែង​១​ដើម កាំភ្លើងខ្លី​៤​ដើម បង់​កាំភ្លើង​ប្រភេទ​១៥​គ្រាប់ ចំនួន​៤​បង់ បង់​កាំភ្លើង​ប្រភេទ​៣០​គ្រាប់ ចំនួន​២​បង់ គ្រាប់កាំភ្លើង​១៨១​គ្រាប់ តួ​កាំភ្លើង​ម៉ាក​GLOCK ចំនួន​១ និង គ្រឿងបន្លាស់​កាំភ្លើង​មួយចំនួន​។ 
 
​ជនសង្ស័យ​ទាំង​១៤​នាក់ និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​ព្រះសីហនុ​ហើយ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ 


ជនល្មើសទាំង៧នាក់ ដែលត្រូវចាប់ខ្លួន ក្នុងប្រតិបត្តិការលើកទី១


Tag:
 បទល្មើស​
  ជនជាតិ​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com