អន្តរជាតិ
ចិន ដាក់​ឲ្យ​ប្រើប្រាស់​នាវា​ដឹក​យន្តហោះ​ចម្បាំង​ផលិត​ក្នុងស្រុក​ជា​លើកដំបូង​
18, Dec 2019 , 11:23 am        
រូបភាព
នាវាដឹកយន្តហោះចម្បាំងចិន Shandong ,រូបភាព៖ Reuters
នាវាដឹកយន្តហោះចម្បាំងចិន Shandong ,រូបភាព៖ Reuters
​មហា​យក្ស​ចិន នៅ​ថ្ងៃទី​១៧ ខែធ្នូ បានដាក់​ឲ្យ​ប្រើប្រាស់​នាវា​ដឹក​យន្តហោះ​ចម្បាំង​មួយគ្រឿង ដែល​ត្រូវបាន​ផលិតផល​នៅក្នុង​ស្រុក​ជា​លើកដំបូង នៅឯ​មូលដ្ឋាន​យោធា​ដ៏​សំខាន់​មួយ ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​ការដាក់​ឲ្យ​ប្រើប្រាស់​លើក​នេះ ត្រូវបាន​គេ​មើលឃើញថា គឺជា​ការធ្វើ​ទំនើបកម្ម​យោធា​ដ៏​ធំ​មួយ​របស់​ចិន​។


 
​នាវា​ដឹក​យន្តហោះ​ចម្បាំង ដែល​ត្រូវបាន​ចិន​ដាក់​ឲ្យ​ប្រើប្រាស់​នេះ គឺ​ត្រូវបាន​ផលិតឡើង​ដោយ​យកតាម​គំរូ​នាវាចម្បាំង​ទីមួយ​របស់ខ្លួន Liaoning ដែល​បាន​ទិញ​ពី​អ៊ុយ​ក្រែ​ន កាលពី​ឆ្នាំ ១៩៩៨​។ ជា​ផលិតផល​ក្នុងស្រុក​ទីមួយ នាវា​ដឹក​យន្តហោះ​ប្រភេទ​នេះ ត្រូវបាន​គេ​ដាក់ឈ្មោះថា Shandong ជាទី​ដែល​នាវា​នេះ​ត្រូវបាន​ផលិតឡើង​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ។​
 
​កម្មវិធី​ដាក់​សម្ពោធ​នាវា​ដឹក​យន្ត​ហោះនា​មូលដ្ឋាន​យោធា ក្នុង​ទីក្រុង Sanya ភាគខាងត្បូង​ខេត្ត Hainan ត្រូវបាន​ធ្វើឡើង ដោយមាន​ការចូលរួម​ពី​សំណាក់​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ដែលជា​ប្រធាន​គណៈកម្មការ​យោធា​មជ្ឈិម​។ ដោយមាន​វត្តមាន​នៅលើ​នាវា​ផលិត​យន្តហោះ​ក្នុងស្រុក​មួយ​នេះ​ផ្ទាល់ លោក ស៊ី បានបញ្ជាក់​យ៉ាង​មុតមាំ ពី​ភាពជោគជ័យ​របស់​ទីក្រុង​ប៉េកាំង ដែល​អាចមាន​សមត្ថភាព​ផលិត​នាវា​ដ៏​ធំ​មួយ​បាន​។ 
 
​បើទោះបីជា នាវា​ដឹក​យន្តហោះ​នេះ អាច​ផលិត​បាន​ដោយ​ចិន​ក៏ពិតមែន ប៉ុន្តែ​វា​នៅ​ខ្វះ​បញ្ហា​បច្ចេកទេស​ច្រើនណាស់ បើ​ធៀប​ទៅនឹង​នាវា​របស់​អាមេរិក​។ ដូចនេះ​វា​ទាមទារ​ឲ្យ​ទីក្រុង​ប៉េកាំង អភិវឌ្ឍ​នាវា​មួយ​នេះ បន្ថែមទៀត ទើប​អាចមាន​សមត្ថភាព​ដូច​នាវាចម្បាំង​របស់​ទីក្រុង​វ៉ាស៊ីនតោន​។ ចំណែកឯ​ចំនួន​នាវា​ដឹក​យន្តហោះ​ចម្បាំង​នេះ​ទៀតសោត ចិន​នៅមាន​ចំនួន​តិច​ណាស់​។ ពោលគឺ​ចិន មាន​ត្រឹមតែ​ពីរ​គ្រឿង​ប៉ុណ្ណោះ ខណៈពេល​អាមេរិក​មាន​រហូតដល់​ទៅ​១០​គ្រឿង​ឯណោះ​។ ការណ៍​នេះ អ្នកជំនាញ​បានទាមទារ​ឲ្យ​ចិន មាន​នាវា​ប្រភេទ​នេះ យ៉ាងហោចណាស់ ក៏​៦​គ្រឿង​ដែរ​។​
 
​ពាក់ព័ន្ធ​ទៅ​បញ្ហា​ផលិត​នាវា​ដឹក​យន្តហោះ​ចម្បាំង​នេះ រូបភាព ដែល​ចាប់បាន​ពី​ផ្កាយរណប​បាន​បង្ហាញថា ចិន​កំពុងតែ​សាងសង់​នាវា​ដឹក​យន្តហោះ​ថ្មី​មួយទៀត ដែល​ធំ​ជាង​នេះ នៅ​កន្លែង​ផលិត​នាវា ក្នុង​តំបន់ Jiangnan ។ យ៉ាងណាក៏ដោយ វា​មិនទាន់មាន​សេចក្តីប្រកាស​ផ្លូវការ​ពី​យោធា​ចិន​នៅឡើយ​ទេ ខណៈ​អ្នកសារព័ត៌មាន​រដ្ឋ​ចិន​ថា នាវា​នោះ កំពុង​ត្រូវបាន​គេ​ផលិត​។ រហូតមកទល់​ពេលនេះ ការផលិត​នាវា​ទី​បី នៅតែ​មិនទាន់​ច្បាស់​នៅឡើយ​ទេ ព្រោះ​វា​គឺជា​ព័ត៌មាន​សម្ងាត់​របស់រ​ដ្ឋ​ចិន​។ 
 
​សូមបញ្ជាក់ថា នាវា​ក្នុងស្រុក​របស់​ចិន Shandong កាលពី​មួយខែ​មុន បាន​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់ ដើម្បី​សាកល្បង​បញ្ហា​បច្ចេកទេស​របស់​នាវា​។ ប៉ុន្តែ​ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​តៃវ៉ាន់ ក្តៅស្លឹកត្រជៀក​ជាខ្លាំង ព្រោះ​វា​ប្រៀបដូចជា​ការ​គំរាម​របស់​ទីក្រុង​ប៉េកាំង ខណៈពេល​ការបោះឆ្នោត​ប្រធានាធិបតី​តៃវ៉ាន់​ជិត​មកដល់​៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com