ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋមន្ត្រី​មហាផ្ទៃ ឲ្យ​ហ្វ៊ុនស៊ិនប៉ិច ដោះស្រាយ​ផ្ទៃក្នុង​សិន ទើប​អនុញ្ញាត​ឲ្យ​ធ្វើ​សមាជ​
19, Dec 2019 , 2:14 pm        
រូបភាព
ដោយ: ថ្មីៗ
​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ បានដាក់​សំណើ​ទៅ​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ធ្វើ​សមាជ​វិសាមញ្ញ នៅ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៩​។ តែ​សម្តេច ស ខេង មិនទាន់​អនុញ្ញាត​ឡើយ ដោយ​ប្រាប់ថា សុំ​ឲ្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ពន្យារពេល​សិន​។


 
​តាមរយៈ​លិខិត​ឆ្លើយតប​នឹង​សម្តេចក្រុមព្រះ ដែល​ចុះ​នៅ​ថ្ងៃទី​១៩ ខែធ្នូ សម្តេច ស ខេង ស្នើ​ឲ្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច «​សម្របសម្រួល​និង​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​របស់​គណបក្ស​ចប់សព្វគ្រប់​ជាមុនសិន​» មុននឹង​រៀបចំ​សមាជ​វិសាមញ្ញ​នេះ​។ ជាមួយគ្នានេះ សម្តេច​រដ្ឋមន្ត្រី ក៏​ស្នើ​ឲ្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច អនុវត្តតាម​ប្រកាស​២៤ នៃ​លក្ខន្តិកៈ​គណបក្ស​ខ្លួន​ផងដែរ​។ 
 
​លោក ផាន់ សិទ្ធិ អគ្គលេខាធិការរង​គ​ណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច មិន​បកស្រាយ​ឡើងទៅ​នឹង​ការណែនាំ​របស់​ក្រសួងមហាផ្ទៃ ដែល​ឲ្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​ជាមុនសិន មុ​នឹងធ្វើ​សមាជ​វិសាមញ្ញ ដោយ​លោក លើកឡើងថា កិច្ចការ​ទាំងអស់នេះ គឺ​លោក​លោក ឆឹង ចំរើន ដែលជា​អគ្គលេខាធិការ​គណបក្ស ជា​អ្នករៀបចំ ហើយ​ជា​អ្នកដឹង​ព័ត៌មាន​នេះ​លម្អិត​។ តែ​សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ឆឹង ចំរើន បាន​នោះទេ ដោយសារតែ​លោក មិន​លើក​ទូរស័ព្ទ​៕ 

Tag:
 ស ខេង​
  ហ្វ៊ុនស៊ិនប៉ិច​
  សមាជ​វិសាមញ្ញ​
© រក្សាសិទ្ធិដោយ thmeythmey.com