អន្តរជាតិ
ម៉ាឡេស៊ី រងការរិះគន់ដែលរៀបចំជំនួបមេដឹកនាំប្រទេសឥស្លាមក្រៅក្របខណ្ឌ OIC អគ្គលេខាធិការអង្គការកិច្ចសហប្រតិបត្តិការឥស្លាម Yousef al-Othaimeen ។ រូបភាព AFP
× ម៉ាឡេស៊ី នឹងធ្វើជាម្ចាស់ផ្ទះជំនួបមេដឹកនាំប្រទេសឥស្លាមដ៏ធំមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមរបសាសនាដ៏ធំមួយនេះ។ មេដឹកនាំអ៊ីរ៉ង់ តួកគី និងកាតាជាដើម មានវត្តមានក្នុងជំនួបក្នុងសប្ដាហ៍នេះ។ប៉ុន្តែជំនួបនៅទីក្រុងគូឡាឡាំពួ រងការរិះគន់ខ្លាំងពីអង្គការកិច្ចសហប្រតិបត្តិការឥស្លាម (OIC) និងអារ៉ាប៊ីសាអូឌីតដែលចាត់ទុកជំនួបនេះជាការធ្វើទន់ខ្សោយដល់សាសនា ទោះជាមេដឹកនាំម៉ាឡេស៊ីបានទាត់ចោលក្ដីបារម្ភក៏ដោយ។
មេដឹកនាំប្រទេសកាន់សាសនាឥស្លាមធំៗដូចជាប្រធានាធិបតីអ៊ីរ៉ង់ ហាសាន់ រូហានី, ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ និងស្ដេចកាតាផងដែរ នឹងមានវត្តមាននាជំនួបកំពូលឥស្លាមដែលម៉ាឡេស៊ីរៀបចំឡើងក្នុងសប្ដាហ៍នេះ។ មហាក្សត្រអារ៉ាប៊ីសាអូឌីត សាលម៉ាន បានបដិសេធការអញ្ជើញរបស់នាយករដ្ឋមន្ត្រី មហាធៀ មហាម៉ាត់ ឯនាយករដ្ឋមន្ត្រីប៉ាគីស្ថាន អ៊ីមរ៉ាន ខាន់ បានលុបចោលគម្រោងទស្សនកិច្ចភា្លមៗ។
បើមើលតាមសមាសភាពអ្នកចូលរួម មេដឹកនាំភាគច្រើន គឺមកពីប្រទេសដែលមានទំនាស់ជាមួយអារ៉ាប៊ីសាអូឌីតតែម្ដង។ ដូចនេះទើប ម៉ាឡេស៊ីរងការរិះគន់ថា ព្យាយាមបង្កើតប្លុកថ្មីជំនួសអង្គការកិច្ចសហប្រតិបត្តិការឥស្លាម (OIC)។ OIC នេះ ជាអង្គការមានសមាជិក៥៧ប្រទេស ហើយមានទីស្នាក់ការនៅទីក្រុង Jeddah របស់អារ៉ាប៊ីសាអូឌីត។ អគ្គលេខាធិការ OIC លោក Yousef al-Othaimeen ចាត់ទុកជំនួបនៅម៉ាឡេស៊ី ជាការធ្វើឲ្យសាសនាឥស្លាមធ្លាក់ចុះ។
«វាមិនមែនជាប្រយោជន៍សម្រាប់រដ្ឋឥស្លាមួយដែលរៀបចំកិច្ចប្រជុំនៅក្រៅក្របខណ្ឌ OIC ឡើយ ពិសេសនៅពេលដែលពិភពលោកជួបជម្លោះជាច្រើន។» នេះជាការលើកឡើងរបស់លោក al-Othaimeen តែមិនបាននិយាយដល់ឈ្មោះម៉ាឡេស៊ីឡើយ តែបន្តថា ការធ្វើឲ្យ OIC អន់ថយ នឹងធ្វើឲ្យសាសនាឥស្លាម និងអ្នកប្រតិបត្តិសាសនានេះចុះខ្សោយដែរ។
តាមពិតទៅ ម៉ាឡេស៊ី ក៏បានទាត់ចោលពាក្យរិះគន់នេះរួចហើយដែរ។ លោក មហាធៀ បានទូលមហាក្សត្រអារ៉ាប៊ីសាអូឌីតនាក្នុងកិច្ចសន្ទនាតាមទូរសព្ទនៅថ្ងៃទី១៧ ខែធ្នូ ថា ជំនួបនេះគ្មានគោលដៅបង្កើតប្លុកថ្មីអ្វីទេ។ ប៉ុន្តែប្រមុខរដ្ឋអារ៉ាប៊ីសាអូឌីតឆ្លើយថា បញ្ហារបស់ពិភពឥស្លាម គួរដោះស្រាយតាមយន្តការ OIC ដើម្បីរក្សាការរួបរួមគ្នា។
អ្វីដែលជាការបារម្ភនោះ គឺកិច្ចប្រជុំនៅគូឡាឡាំពួ អាចក្លាយជាវេទិការបស់ក្រុមប្រទេសឥស្លាមមកពីប្លុករបស់តួកគី អ៊ីរ៉ង់ ប្រើប្រាស់ប្រឆាំងនឹងឥទ្ធិពលអារ៉ាប៊ីសាអូឌីត។ ដូចដឹងស្រាប់ អ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត គឺជាសត្រូវចាស់ឆ្នាំ ហើយទំនាស់រវាងមហាអំណាចទាំងពីរ ធ្វើឲ្យរង្គោះរង្គើមជ្ឈិមបូព៌ាយ៉ាងខ្លាំង។ ក្រុងរីយ៉ាដ ក៏មើលមុខគ្នាមិនត្រូវជាមួយក្រុងអង់ការ៉ាបន្ទាប់ករណីឃាតកម្មអ្នកកាសែត Jamal Khasoggi លើទឹកដីតួកគី៕
Tag:
ម៉ាឡេស៊ី
OIC
អ៊ីរ៉ង់
អារ៉ាប៊ីសាអូឌីត
© រក្សាសិទ្ធិដោយ thmeythmey.com