អន្តរជាតិ
អង្គការសហប្រជាជាតិ អនុម័ត​សេចក្តីសម្រេច​ស្តីពី​សិទ្ធិមនុស្ស​កូរ៉េខាងជើង​លើក​ទី​១៥​ឆ្នាំ​ជាប់​គ្នា​​
19, Dec 2019 , 7:39 pm        
រូបភាព
អគ្គរដ្ឋទូតកូរ៉េខាងជើង Kim Song មានវត្តមានក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ, រូបភាព៖ Yonhap
អគ្គរដ្ឋទូតកូរ៉េខាងជើង Kim Song មានវត្តមានក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ, រូបភាព៖ Yonhap
​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី ១៨ ខែធ្នូ បានអនុម័ត​លើ​សេចក្តីសម្រេច​មួយ ដែល​ស្នើ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង ជុំវិញ​បញ្ហា​រំលោភបំពាន​សិទ្ធិមនុស្ស លើក​ទី​១៥ ជាប់ៗ​គ្នា​។ ការអនុម័ត​នេះ ត្រូវបាន​សម្រេច​ជា​ឯកច្ឆន្ទ​។ ប៉ុន្តែ​អគ្គរដ្ឋទូត​កូរ៉េខាងជើង​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ បាន​ទាត់ចោល​សេចក្តីសម្រេច​មួយ​នេះ និង​អះអាងថា​ផ្ទុយ​ពី​ការពិត​។



​តាមរយៈ​កិច្ចប្រជុំ​នៅ​ថ្ងៃទី​១៨ ខែធ្នូ មហាសន្និបាត​អង្គការសហប្រជាជាតិ បានអនុម័ត​ជា​ឯកច្ឆន្ទ​លើ​ឯកសារ​មួយ ដែល​ទាមទារ​ឲ្យ​ទីក្រុង​ព្យុងយ៉ាង​ទទួលខុសត្រូវ​ចំពោះ​សកម្មភាព​រំលោភបំពាន​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​ខ្លួន​។ 
 
​ដោយ​ផ្អែក​ទៅតាម​សេចក្តីព្រាង​របស់​សមាជិក​សហភាព​អឺរ៉ុប មហាសន្និបាត​អង្គការសហប្រជាជាតិ ថ្កោលទោស​ចំពោះ​សកម្មភាព​របស់​កូរ៉េខាងជើង ដែល​ប្រព្រឹត្ត​អំពើ​រំលោភបំពាន​សិទ្ធិមនុស្ស​ជា​ប្រព័ន្ធ ក្នុងនោះ​រួមបញ្ចូល​ទាំង​ការប្រព្រឹត្ត​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​ផងដែរ​។ ក្នុងន័យនេះ មហាសន្និបាត​អង្គការសហប្រជាជាតិ បាន​ទទូច​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ (UNSC) ចាត់វិធានការ​សមស្រប​ណាមួយ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។ 
 
​ក្នុង​ចំណាត់ការ​នេះ មហាសន្និបាត បានស្នើ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ ពិចារណា​ដាក់​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​កូរ៉េខាងជើង​ទៅ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) និង​ការដាក់ទណ្ឌកម្ម​លើ​ជន​ដែល​ពាក់ព័ន្ធ​ខ្លាំងជាងគេ​បំផុត​។ ជន​ពាក់ព័ន្ធ​នេះ ទំនងជា​សំដៅទៅ​ដល់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ផ្ទាល់​តែម្តង​។​
 
​ជាការ​ឆ្លើយតប លោក គីម សុង (Kim Song) អគ្គរដ្ឋទូត​កូរ៉េខាងជើង​ប្រចាំ​អង្គការសហប្រជាជាតិ បាន​ទាត់ចោល​សេចក្តី​សេចក្តីសម្រេច​មួយ​នេះ និង​អះអាងថា ផ្ទុយ​ពី​ការពិត​។ បើតាម​លោក គីម ការរំលោភ​សិទ្ធិមនុស្ស គឺជា​រឿង​មិន​ពិត​នៅក្នុង​កូរ៉េខាងជើង ហើយ​សេចក្តីសម្រេច​នេះ​ទៀតសោត គ្រាន់តែ​ធ្វើឡើង ដើម្បី​បំផ្លាញ​មុខមាត់​កូរ៉េខាងជើង និង​រចនា​សម្ពន្ធ​ដឹកនាំ​របស់​ប្រទេសមួយ​នេះ​តែប៉ុណ្ណោះ​។​
 
​សូមបញ្ជាក់ថា ការអនុម័ត​របស់​ម​ហាស​ន្និបាត​អង្គការសហប្រជាជាតិ ធ្វើឡើង​តែមួយ​សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់ពី​ក្រុមប្រឹក្សាសន្តិសុខ បាន​បើក​កិច្ចប្រជុំ​ស្តីពី​បញ្ហា​កូរ៉េខាងជើង ស្របពេល​ទំនាស់​រវាង​អាមេរិក និង​កូរ៉េខាងជើង​ចាប់ផ្តើម​ក្តៅ​ឡើងវិញ ៕​

Tag:
 កូរ៉េខាងជើង​
  មហាសន្និបាត​អង្គការសហប្រជាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com