អន្តរជាតិ
អគ្គរដ្ឋទូត​ចិន​ប្រចាំ​អូស្ត្រាលី​៖ អូស្ត្រាលី គួរតែ​មើល​ចិន​ជា​ដៃគូ​អភិវឌ្ឍន៍ ជាជាង​ការគំរាមកំហែង​
19, Dec 2019 , 8:39 pm        
រូបភាព
រូបភាព៖ ABC News
រូបភាព៖ ABC News
​អូស្ត្រាលី គួរតែ​មើល​ចិន​ជា​ដៃ​ពាណិជ្ជកម្ម ជា​ឱកាស​សម្រាប់​អភិវឌ្ឍន៍ ជាជាង​ចាត់ទុក​ចិន ជា​ប្រទេស​គំរាមកំហែង​សន្តិសុខ​។ នេះ​បើតាម​ការលើកឡើង​រប​ស់អគ្គ​រដ្ឋទូត​ចិន Cheng Jingye ប្រចាំ​អូស្ត្រាលី បន្ទាប់ពី​ទីក្រុង​កង់​បេ​រ៉ា បាន​ចោទ​ទីក្រុង​ប៉េកាំង​ថា ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន ។


 
​ជាការ​បញ្ចេញមតិ​ដ៏​កម្រ​ជា​សាធារណៈ នា​ថ្ងៃទី​១៩ ខែធ្នូ លោក Cheng Jingye អគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​អូស្ត្រាលី បានចាត់ទុក​ឆ្នាំ ២០១៩​ថា «​ឆ្នាំច​ម្រុះ​» នៃ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​។ ប៉ុន្តែ​មន្ត្រី​ទូត​ចិន​រូបនេះ មិនបាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ទេ​ថា តើ​ឆ្នាំ​ចម្រុះ​នេះ មានន័យ​យ៉ាងដូចម្តេច​។ 
 
​ប្រាប់​អ្នកកាសែត​នៅក្នុង​ទីក្រុង​ស៊ីដនី អគ្គរដ្ឋទូត​ចិន​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​គិតថា វា​គឺ​សំខាន់​... ក្នុងការ​ចាត់ទុក​គ្នា​ទៅវិញទៅមក​ជា​ដៃគូ​អភិវឌ្ឍន៍ និង​ជា​ឱកាស ជាជាង​ការគំរាមកំហែង​»​។ ការអះអាង​របស់​មន្ត្រី​ចិន​រូបនេះ ទំនងជា​ចង់​បញ្ជាក់ប្រាប់​ទៅ​រដ្ឋាភិបាល​អូស្ត្រាលី​ថា ចិន មិនមែនជា​ប្រទេស​គំរាមកំហែង​ដូច​អូស្ត្រាលី​គិត​ឡើយ ហើយ​ចិន​ថែមទាំង​មិន​ចង់​ជ្រៀតជ្រែក កិច្ចការ​ផ្ទៃក្នុង​អូស្ត្រាលី​ថែមទៀត​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​កន្លងមក ទីក្រុង​កង់​បេ​រ៉ា បាន​ព្យាយាម​បន្ថយ ភាព​តានតឹង​ជាមួយ​ទីក្រុង​ប៉េកាំង​ជានិច្ច តាមរយៈ​ការព្យាយាម​មិន​រិះគន់​ចិន​ជា​សាធារណៈ​ឡើយ​។ ប៉ុន្តែ​មួយ​សប្តាហ៍​ចុងក្រោយ​នេះ មន្ត្រី​រដ្ឋាភិបាល​អូស្ត្រាលី បាន​ចេញមុខ​រិះគន់​ចិន​ពី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង និង​បញ្ហា​ឃុំឃាំង​ជនជាតិភាគតិច​វី​ហ្គ័​រ​ជាដើម​។ 
 
​ជាការ​ឆ្លង​តប​ទៅនឹង​ការរិះគន់​ទាំងនេះ លោក Cheng បាន​បដិសេធថា ការឃុំខ្លួន​ជនជាតិ​វី​ហ្គ័​រ គឺជា​រឿង​មិន​ពិត តាមរយៈ​ការបង្ហាញ​វី​ឌី​អូ ប្រាប់​អ្នកកាសែត ពី​ភាពជ្រុលនិយម​របស់​ជ​ន​ជាតិ​ភាគតិច​វី​ហ្គ័​រ​។​
 
​សូមបញ្ជាក់ថា ទំនាក់ទំនង​រវាង​ចិន និង​អូស្ត្រាលី មាន​លក្ខណៈ​ល្អក់កករ​ជាខ្លាំង ក្នុង​រយៈពេល​ចុងក្រោយ​នេះ បន្ទាប់ពី​ទីក្រុង​កង់​បេ​រ៉ា បាន​ចោទ​ទីក្រុង​ប៉េកាំង​ថា បាន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន តាមរយៈ​ការដាក់​ចារកិច្ច​ចូលមកក្នុង​ប្រព័ន្ធ​នយោបាយ​របស់ខ្លួន ៕ 

Tag:
 អូស្ត្រាលី​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com