កីឡាអន្តរជាតិ
អន្តរជាតិ
Minamino ក្លាយជា​កីឡាករ​ជប៉ុន​ទី​១ របស់ Liverpool ក្រោយ​ទិញ​បាន​ពី Salzburg
20, Dec 2019 , 10:20 am        
រូបភាព
Liverpool នៅ​ថ្ងៃទី​១៩ ខែធ្នូ អះអាងថា​ខ្លួន​បាន​ឈានដល់​កិច្ចព្រមព្រៀង​ជាមួយ​ក្លិប Red Bull Salzburg ក្នុងការ​ផ្ទេរ​យក​ខ្សែប្រយុទ្ធ Takumi Minamino​។ តាម​សេចក្តីប្រកាស​លើ​វេ​ប​សាយ​ផ្ទាល់​របស់​ក្លិប​ក្នុង​ក្របខណ្ឌ Premier League មួយ​នេះ Minamino ក្លាយជា​កីឡាករ​សញ្ជាតិ​ជប៉ុន​ទីមួយ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ហង្ស​ក្រហម ។​


 
​ខ្សែប្រយុទ្ធ​វ័យ​២៤​ឆ្នាំ​របស់ Salzburg ក្រុម​មកពី​លី​គ​កំពូល​អូទ្រីស បានធ្វើ​ឲ្យ Liverpool ចាប់អារម្មណ៍​ខ្លាំង​អំឡុង​ការបង្ហាញ​ខ្លួន​នា​ការប្រកួត​វគ្គ​ជម្រុះ​តាម​ពូ​ល Champions League រដូវ​កាល​នេះ​។ ដោយសារ​ភាពលេច​ធ្លោរ​បស់ Minamino បានធ្វើ​ឲ្យ​អ្នកចាត់ការ​ទូទៅ​លោក Jurgen Klopp សម្រេចយក​រូបគេ​មកកាន់ Anfield ជាមួយ​កិច្ចសន្យា​រយៈពេល​៤​ឆ្នាំកន្លះ​។​
 
​ជុំវិញ​ការផ្ទេរ​នេះ ហង្ស​ក្រហម​មិនបាន​បង្ហើប​ប្រាប់​ពី​តម្លៃ​ខ្លួន​របស់ Minamino នោះទេ ប៉ុន្តែ​បណ្តាញសារព័ត៌មាន​អង់គ្លេស​រាយការណ៍​ថា​ប្រហែលជា ៧,២៥​លាន​ផោន (៩,៤៤​លាន​ដុល្លារ​អាមេរិក​)​។ ដោយសារ​ទីផ្សារ​ដោះដូរ​កីឡាករ​មិន​បើកទ្វារ​ផ្លូវការ អតីត​សមាជិក​ក្រុម Cerezo Osaka រូបនេះ នឹងត្រូវ​ធ្វើដំណើរ​ទៅ​អង់គ្លេស នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២០​។​


 
​ក្រោយ​ចុះ​កិច្ចព្រមព្រៀង​រួចរាល់ Minamino បានបង្ហាញ​អារម្មណ៍​ប្រាប់ liverpoolfc.com ថា​៖«​នេះ​ជា​សុបិន​មួយ ដែល​ខ្ញុំ​ធ្លាប់​សុបិន​ថា​បាន​ក្លាយជា​កីឡាករ​របស់​ក្រុម​ហង្ស​ក្រហម Liverpool ។ ហើយ​ខ្ញុំ​ពិតជា​រំភើប​ណាស់​ដែល​ពេលនេះ​អ្វីៗ​បានក្លាយ​ជាការ​ពិត​។ ការលេង​នៅ Premier League គឺជា​គោលដៅ​មួយ​ដ៏​ធំ​របស់ខ្ញុំ​»​។​
 
​ដោយឡែក​លោក Klopp ក៏បាន​សរសើរ Minamino ថា​ជា​កីឡា​ដែលមាន​ភាព​អង់អាច​ក្លាហាន​ផងដែរ​។ «​គាត់​រហ័ស​ហើយ​ជា​កីឡាករ​ក្លាហាន​។ គាត់​ក្លាហាន​ជាមួយ​បាល់ ប៉ុន្តែ​ក៏​ក្លាហាន​នៅពេល​គ្មាន​បាល់​ដែរ​»​។​
 
Minamino បានបង្ហាញ​ខ្លួន​ឲ្យ Salzburg ១៩៩​ប្រកួត និង​ស៊ុត​បញ្ចូល​ទី​បាន​៦៤​គ្រាប់ ក្រោយ​ចាក​ចេញពី Cerezo Osaka លី​គ​នៅ​ជប៉ុន​នៅ​ឆ្នាំ​២០១៤​។ សម្រាប់​ក្រុម​ជម្រើសជាតិ​ជប៉ុន រូបគេ​បានបង្ហាញ​ខ្លួន​សរុប​២២​លើក និង​រក​គ្រាប់​បាល់​បាន​១១​គ្រាប់​៕

Tag:
 Takumi Minamino
  Liverpool
  Salzburg
© រក្សាសិទ្ធិដោយ thmeythmey.com