អន្តរជាតិ
ប្រមុខ​ការទូត​ជប៉ុន​និងរ​ស្ស៊ី បន្ត​ជួបគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ដែន​កោះ​Kuril
20, Dec 2019 , 7:19 pm        
រូបភាព
ប្រមុខការទូតរុស្ស៊ី លោក Sergei Lavrov (ខាងស្តាំ) ចាប់ដៃគ្នាជាមួយ សមភាគីជប៉ុន លោក Toshimutsu Motegi នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។ រូបភាព៖ Reuters
ប្រមុខការទូតរុស្ស៊ី លោក Sergei Lavrov (ខាងស្តាំ) ចាប់ដៃគ្នាជាមួយ សមភាគីជប៉ុន លោក Toshimutsu Motegi នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។ រូបភាព៖ Reuters
​ប្រមុខ​ការទូត​រុស្ស៊ី លោក Sergei Lavrov បាន​ជួបចរចា​ជាមួយ​សម​ភាគី​ជប៉ុន លោក Toshimutsu Motegi នៅ​ថ្ងៃទី​១៩ ខែធ្នូ ដែលជា​លើក​ទី​៣ ក្នុង​រយៈពេល ៤​ខែ​។ ជំនួប​ចរចា​នេះ​មាន​គោលដៅ​ដោះស្រាយ​ជម្លោះ​ទាមទារ​ទឹកដី​កោះ​គូ​រី​ល ដែល​នៅ​ភាគ​ខាងជើង​កោះ​ហុក​កៃ​ដូ (Hokkaido)​។


 
​រុស្ស៊ី ដែល​ពេលនោះ ត្រូវបាន​គេ​ស្គាល់​ថា​ជា​សហភាពសូវៀត បាន​ចូលទៅ​កាន់កាប់​តំបន់​យុទ្ធសាស្ត្រ​ដែន​កោះ​គូ​រី​ល​នៅពេល​បញ្ចប់​សង្គ្រាមលោក​លើក​ពីរ​។ ដោយបាន​គ្រប់គ្រង​ដែន​កោះ​មួយ​នេះ រុស្ស៊ី​បានដាក់​យោធា​ជាច្រើន ដើម្បី​ការពារ​ពី​ការវាយប្រហារ​ផ្សេងៗ​។  ជា​ដែន​កោះ​ស្ថិតនៅ​ភាគ​ខាងជើង​កោះ​ហុក​កៃ​ដូ​Kuril គឺជា​ឈ្មោះ ដែល​រុស្ស៊ី​បានដាក់ ស្របពេល​ជប៉ុន បាន​ហៅ​កោះ​នេះ​ថា ដែនដី​ភាគ​ខាងជើង​។​
 
​បន្ទាប់ពី​ជំនួប​ចរចា បាន​បិទ​បញ្ចប់ លោក Lavrov រដ្ឋមន្ត្រី​ការទូត​រុស្ស៊ី បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖«​កិច្ចចរចា​ប្រកបទៅដោយ​ផ្លែផ្កា និង​សំខាន់បំផុត​»​។ ក្នុងន័យនេះ ជំនួប​រវាង​ភាគី​ទាំងពីរ​ទំនងជា​មានការ​ឯកភាព​គ្នាច្រើន លើ​ការដោះស្រាយ​ជម្លោះ​ដែន​កោះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​
 
​ដូច​ទៅនឹង​ការលើកឡើង​របស់​រដ្ឋ​មន្ត្រី​ការបរទេស​រុស្ស៊ី អ្នកនាំពាក្យ​ក្រសួងការបរទេស​ជប៉ុន Atsushi Kaifu បាន​បញ្ជាក់ថា កិច្ចពិភាក្សា​រវាង​ប្រទេស​ទាំងពីរ បានទទួល​ផ្លែផ្កា​យ៉ាង​សមប្រកប​។ បើតាម​អ្នកនាំពាក្យ​រូបនេះ ជំនួប​ពិភាក្សា​រយៈពេល​ជាង​៥​ម៉ោង បាន​ផ្តោតទៅលើ​សន្ធិសញ្ញា​សន្តិភាព​រុស្ស៊ី​-​ជប៉ុន​។ ចាប់តាំងពី​ចប់​សង្គ្រាមលោកលើកទី​២​មក ទីក្រុង​តូ​ក្យូ និង​មូ​ស្គូ មិនទាន់បាន​ចុះហត្ថលេខា​ទេ ដោយសារ​ភាគី​ទាំងពីរ មាន​ជម្លោះ​ដែន​កោះ​នេះ​។ 
 
​បន្ទាប់ពី​កិច្ចប្រជុំ​នេះ រដ្ឋមន្ត្រីការបរទេស​ទាំងពីរ អាច​នឹង​ជួបគ្នា​ម្តងទៀត នា​សន្និសីទ​សន្តិសុខ នាទី​ក្រុង មូ​និក (Munich) ប្រទេស​អាល្លឺម៉ង់ ។​
 
​ពី​ទីក្រុង​មូ​ស្គូ តាមរយៈ​សន្និសីទកាសែត​ប្រចាំឆ្នាំ​នៅ​ថ្ងៃទី​១៩ ខែធ្នូ ប្រធានាធិបតី​រុស្ស៊ី វ៉ា្ល​ឌី​មៀ ពូ​ទីន បាន​លើកឡើងថា អ្វីដែល​សំខាន់​ជាងគេ រុស្ស៊ី​ចង់​ស្វែងរក​ដំណោះស្រាយ​នៃ​ជម្លោះ​រវាង​ប្រទេស​ទាំងពីរ​។ បើតាម​លោកពូ​ទីន ទីក្រុង​មូ​ស្គូ​មាន «​ទំនាក់ទំនង​ដ៏​ទុកចិត្ត​» ជាមួយ​ទីក្រុង​តូ​ក្យូ​។ 
 
​សូមបញ្ជាក់ថា បច្ចុប្បន្ន ដែន​កោះ​មួយ​នេះ មាន​ប្រជាជន​រស់នៅ​ប្រមាណ​ជា ២​ម៉ឺន​នាក់ ហើយ​រុស្ស៊ី បានដាក់​មូលដ្ឋាន​យោធា និង​ប្រព័ន្ធ​ខែល​មី​ស៊ី​ល​នៅលើ​កោះ​ផងដែរ​៕

Tag:
 ជប៉ុន​
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com