អន្តរជាតិ
លោក មូ​ន និង​អា​បេ នឹងមាន​ជំនួប​ទ្វេភាគី​នៅ​ប្រទេស​ចិន​
20, Dec 2019 , 9:59 pm        
រូបភាព
នាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ និងប្រធានាធិបតីកូរ៉េខាងត្បូង។ រូបភាព៖ AP
នាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ និងប្រធានាធិបតីកូរ៉េខាងត្បូង។ រូបភាព៖ AP
​វិមាន​រដ្ឋាភិបាល​កូរ៉េខាងត្បូង Cheong Wa Dae នៅ​ថ្ងៃទី​២០ ខែធ្នូ បានប្រកាសថា ប្រធានាធិបតី​កូរ៉េខាងត្បូង​មូ​ន ចេ​អ៊ី​ន និង​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ នឹងមាន​ជំនួប​មួយ​ទល់នឹង​មួយ​ជាមួយគ្នា នៅក្នុង​ប្រទេស​ចិន ក្នុងជំនួប​ប្រជុំ​ត្រីភាគី​។​


 
​កិច្ចប្រជុំ​ត្រីភាគី ចិន កូរ៉េខាងត្បូង ជប៉ុន នឹង​ចាប់ផ្តើម​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី ២៤ ខែធ្នូ ដើម្បី​ជជែក​ពី​បញ្ហា​ពាណិជ្ជកម្ម​សេរី បញ្ហា​កូរ៉េខាងជើង និង​ទំនាក់ទំនង​រវាង​ចិន និង​ជប៉ុន​ជាដើម​។ ក្នុងជំនួប​ក្រៅ​កិច្ចប្រជុំ​ត្រីភាគី​នេះ ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន និង​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ នឹងមាន​កិច្ចប្រជុំ​មួយ​ទល់​ជាមួយគ្នា ដើម្បី​ជជែក​ដោះស្រាយ​វិវាទ​រវាង​កូរ៉េខាងត្បូង និង​ជប៉ុន​។ 
 
​ប្រាប់​អ្នកកាសែត លោក Kim Hyun-chong អនុ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​កូរ៉េខាងត្បូង បាន​ប្រាប់​យ៉ាង​ដូច្នេះ​ថា លោក​មូ​ន និង​លោក អា​បេ នឹង​ដោះដូរ​គំនិត​គ្នា ជុំវិញ​បញ្ហា​ទំនាក់ទំនង​រវាង​ទីក្រុង​សេ​អ៊ូ​ល និង​ទីក្រុង​តូ​ក្យូ​។ បើតាម​ទីប្រឹក្សា​រូបនេះ ជំនួប​រវាង​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង និង​នាយករដ្ឋមន្ត្រី​ជប៉ុន គឺ​វា​សំខាន់​ណាស់ ដើម្បី​ដោះស្រាយ និង​កែលម្អ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​Yonhap​។ 
 
​បើតាម​ការរំពឹងទុក លោក​មូ​ន នឹង​លើកយក​បញ្ហា​ការ​រឹតត្បិត​ការនាំចេញ​ធាតុ​កម្រ​បី​ប្រភេទ​របស់​ជប៉ុន​ទៅ​កូរ៉េខាងត្បូង និង​បញ្ហា​ផ្សេងទៀត ទៅ​ពិភាក្សា​ជាមួយ​លោក​អា​បេ​។ ពិតណាស់ ការ​រឹតត្បិត​ធាតុ​កម្រ​នេះ គឺ​កើតចេញពី​រឿង​តុលាការ​កូរ៉េខាងត្បូង បានចេញ​សាលក្រម​ឲ្យ​ក្រុមហ៊ុន​ជប៉ុន សង​ថ្លៃ​ជំងឺ​ចិត្ត​ទៅ​ជនរងគ្រោះ​កូរ៉េ ដែល​ត្រូវបាន​គេ​ប​ង្វំ​ឲ្យ​ធ្វើការ​ក្នុងសម័យ​អាណានិគម​ជប៉ុន​។ 
 
​សូមបញ្ជាក់ថា ទំនាស់​នេះ បាន​បង្ក​ឲ្យ​ប្រទេស​កូរ៉េខាងត្បូង ដក​ជប៉ុន​ចេញពី​បញ្ជីពាណិជ្ជកម្ម​គួរ​ឲ្យ​ទុកចិត្ត​។ ចំណែក​ជប៉ុន​វិញ បាន​ដក​កូរ៉េខាងត្បូង​ចេញពី​បញ្ជីពាណិជ្ជកម្ម​មួយ​នេះ​ដូចគ្នា​។ ប៉ុន្តែ​ទើបតែ​មួយរយៈ​ចុងក្រោយ​នេះ​ទេ ទំនាក់ទំនង​ប្រទេស​ហាក់ដូចជា​ប្រសើរ​ឡើងវិញ បន្ទាប់ពី​កូរ៉េខាងត្បូង​សម្រេច មិន​ផ្តាច់​កិច្ចព្រមព្រៀង​ព័ត៌មាន​សំខាន់​យោធា​ជាមួយ​ជប៉ុន​៕  
 

Tag:
 ​កូរ៉េខាងត្បូង​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com