ជាតិ
ចិន​រៀបចំ​វេទិកា​សារព័ត៌មាន ១០+៣ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្សព្វផ្សាយ​ក្នុង​តំបន់​
20, Dec 2019 , 6:11 pm        
រូបភាព
រូបថត៖ People s Daily
រូបថត៖ People s Daily
Chengdu-ចិន៖ កាសែត People’s Daily របស់​ចិន កាលពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៨ កន្លងមក បានរៀបចំ​វេទិកា​នៃ​កិច្ចសហប្រតិបត្តិការ​សារព័ត៌មាន ១០+៣ លើក​ទី​១០ (The Tenth 10+3 Media Cooperation Forum) នៅ​ក្រុង Chengdu ខេត្ត​ស៊ី​ឈួន​។ តំណាង​សារព័ត៌មាន​ជាង​១០០​នាក់ ពី​បណ្តា​ស្ថាប័ន​ជាង​៦០​នៅ​តំបន់​អាស៊ាន ចិន ជប៉ុន និង​កូរ៉េខាងជើង រួមទាំង​ពី​ប្រទេស​៦​ទៀត​នៅ​អាស៊ី​ខាងត្បូង បាន​ចូលរួម​ក្នុង​វេទិកា​នេះ ដោយ​កម្ពុ​ជាមាន​សមាស​ភាព​ពី​សារព័ត៌មាន ThmeyThmey មជ្ឈមណ្ឌល​ព័ត៌មាន​ដើមអម្ពិល និង​កាសែត​កោះសន្តិភាព​។​



«​ចិន​មានការ​អភិវឌ្ឍ​ជាមួយ​ទ្វារ​ដ៏​បើកចំហរ​ចំពោះ​ការផ្លាស់ប្តូរ​ជា​លក្ខណៈ​អន្តរជាតិ​»​។ នេះ​ជាការ​លើកឡើង​របស់លោក Fang Jiangshan និពន្ធ​នាយករង​សារព័ត៌មាន People’s Daily ក្នុង​សុន្ទរកថា បើក​វេទិកា 10+3 Media Cooperation Forum កាលពី​ថ្ងៃទី​១៥ ខែធ្នូ​។​



​លោក Fang ក៏បាន​លើកឡើង​ផងដែរ​ពី​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​វិថី​មួយ (Belt and Road Initiative)  របស់លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ដែល​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​សម្រេចបាន​នូវ​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ ជាពិសេស​ការចែករំលែក​ឱកាស​អភិវឌ្ឍ និង​សេដ្ឋកិច្ច​បើកចំហរ​ជាមួយ​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​។​

«​អ្វីដែល​សារព័ត៌មាន​អាច​ធ្វើបាន​បន្ថែម​នោះ គឺ​ការធ្វើជា​ស្ពាន​សម្រាប់​ពលរដ្ឋ​នៅលើ​ពិភពលោក ឲ្យ​យល់​ពីគ្នា​ទៅវិញទៅមក​។ សារព័ត៌មាន​គួរតែ​ប្រាប់​រឿងរ៉ាវ​នានា​នៅ​អាស៊ី និង​ភ្ជាប់​ទំនាក់ទំនង​អរិយធម៌​ដ៏​ស្រស់បំព្រង​ទៅកាន់​ពិភពលោក បម្រើការ​អភិវឌ្ឍន៍ និង​ភាពរុងរឿង​ក្នុង​តំបន់​។ យើង​គប្បី​ប្រើប្រាស់​សារព័ត៌មាន​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​មិន​យល់​ពីគ្នា និង​សាង​ភាពជឿជាក់​រវាង​គ្នា និង​គ្នា​»​។ នេះ​ជាការ​លើកឡើង​របស់ Fang​។​



​លោកស្រី Cao Jing អគ្គលេខាធិការរង​នៃ​អគ្គលេខាធិការដ្ឋាន​កិច្ចសហប្រតិបត្តិការ​ត្រីភាគី (​ចិន​-​ជប៉ុន​-​កូរ៉េខាងត្បូង​) ក៏បាន​កត់សម្គាល់​ផងដែរ ពី​ការសម្រេចបាន​នានា​តាមរយៈ​កិច្ចសន្ទនា​ក្នុង​ក្របខណ្ឌ ១០+៣ ។ លោកស្រី បាន​អះអាង​ពី​កិច្ចប្រឹងប្រែង​របស់​ចិន​-​ជប៉ុន និង​ក​រ៉េ​ខាងត្បូង ក្នុងការ​ចែករំលែក​ប​ទ​ពិសោធន៍ និង​បច្ចេកវិទ្យា​ផ្សេងៗ​សម្រាប់​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ី ដើម្បី​កសាង​សេដ្ឋកិច្ច​ដ៏​រឹងមាំ ការការពារ​ប្រព័ន្ធ​អេកូឡូស៊ី ការទប់ស្កាត់​គ្រោះមហន្តរាយ និង​ភាពក្រីក្រ​ជាដើម​។​

​លោក Gan Lin សមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍ និង​ជា​ប្រធាន​ផ្នែក​ផ្សព្វផ្សាយ​នៃ​បក្ស​កុំម្មុយនីស្ត​ចិន ប្រចាំខេត្ត​ស៊ី​ឈួន បានលើកឡើង​ពី​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​របស់​ខេត្ត​ស៊ី​ឈួន​ទាំងមូល​នា​រយៈពេល​៧០​ឆ្នាំ​ចុង​ក្រោយនេះ ដោយ​លោក​បានកត់សម្គាល់​ពី​ការប្រឹងប្រែង​រួមគ្នា​គ្រប់​ដំណាក់កាល​។​



ក្រោម​ការសម្របសម្រួល​របស់លោក​ស្រី Hu Guo អគ្គនាយិកា​នៃ​នាយកដ្ឋាន​ទំនាក់ទំនង​ខាងក្រៅ​របស់ People’s Daily ថ្នាក់ដឹកនាំ​ស្ថាប័ន​ព័ត៌មាន​ធំៗ​ប្រចាំ​តំបន់ ក៏​សុទ្ធតែ​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការបន្ត​កិច្ចការ​រួមគ្នា​លើកកម្ពស់​ការផ្សព្វផ្សាយ​ព័ត៌មាន​ផងដែរ​។ អ្នក​ទាំងនោះ​មានដូចជា លោក Gong Xixiang ពី​ទីភ្នាក់ងារ​ព័ត៌មាន Xinhua, លោក Liu Xiaolong (China Media Group), លោកស្រី Lee Huay Leng (Singapore Press Holdings Ltd,), លោក Ko Ko (Yangon Media Group) និង​លោក Thonglor Duangsavanh (Lao Press in Foreign Language)​។​

​បន្ទាប់មក​ក្នុង​រយៈពេល​ប្រមាណ​២​ម៉ោង តំណាង​សារព័ត៌មាន​ផ្សេងទៀត ត្រូវបាន​ស្វាគមន៍​ឲ្យ​ចូលរួម​បញ្ចេញមតិ​យោបល់​លើ​ប្រធានបទ​សំខាន់ៗ​មួយចំនួន ដូចជា​ការផ្លាស់ប្តូរ និង​រៀនសូត្រ​ពីគ្នា​ក្នុង​សហគមន៍​អាស៊ី​សម្រាប់​ការចែករំលែក​អនាគត​រួមគ្នា ការលើកកម្ពស់​សេដ្ឋកិច្ច ដោយ​ផ្តោតលើ​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ និង​តួនាទី​សារព័ត៌មាន​ក្នុង​ផ្សារភ្ជាប់​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​រវាង​ប្រជាជន និង​ប្រជាជន​ក្នុង​តំបន់​អាស៊ី​ទាំងមូល​។​


តំណាងសារព័ត៌មានកម្ពុជា រួមមាន​លោក អ៊ឹង ចំរើន និពន្ធនាយកសារព័ត៌មានថ្មីៗ កញ្ញា សៅ សុខអេង អ្នកយកព័ត៌មានថ្មីៗ លោក សយ សុភា និពន្ធនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងអ្នកស្រី ថុង សុវណ្ណរង្សី ថ្នាក់ដឹកនាំ​សារព័ត៌មានកោះសន្តិភាព

ចន្លោះ​ពីថ្ងៃ​ទី​១៦ ដល់​ថ្ងៃទី​១៨ ខែធ្នូ ប្រតិភូ​សារព័ត៌មាន​អាស៊ាន ចិន ជប៉ុន កូរ៉េខាងត្បូង និង​ពី​ប្រទេស​នៅ​អាស៊ី​ខាងត្បូង​មួយចំនួន​ដូចជា បង់​ក្លា​ដែ​ស ឥណ្ឌា ម៉ា​ល់​ឌី​វ ណេ​ប៉ាល់ ប៉ា​គី​ស្ថាន និង​ស្រីលង្កា ត្រូវ​បានរៀបចំ​សម្រាប់​ដំណើរ​ទេសចរណ៍​ទៅកាន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ និង​ទីតាំង​សេដ្ឋកិច្ច​មួយចំនួន​នៅក្នុង​ខេត្ត​ស៊ី​ឈួន ដែល​ស្ថិតនៅ​ភាគ​នីរ​តី​នៃ​ប្រទេស​ចិន​។​



​ទីតាំង​ទាំងនោះ​មានដូចជា សារមន្ទីរ Sangxingdui, ផែ​ស្ថានីយ​រថភ្លើង​អន្តរជាតិ Chengdu International Railway Port, សួន​ខ្លាឃ្មុំ​ផែន​ដា Chengdu Research Base of Giant Panda Breeding, ពុទ្ធបដិមា​យក្ស Leshan Giant Buddha និង​សារមន្ទីរ​ឬ​ស្សី​នៅ​ក្រុង Meishan ជាដើម​៕








© រក្សាសិទ្ធិដោយ thmeythmey.com