ពីនេះ ពីនោះ
តើគេប្រើពាក្យ«ទេសចរ» និង«ទេសចរណ៍»ខុសគ្នាដូចម្តេច?
× ការប្រើប្រាស់នូវពាក្យ «ទេសចរ» និង ពាក្យ «ទេសចរណ៍» មិនដូចគ្នាទេ។ ពាក្យ «ទេសចរ» ត្រូវបានប្រើប្រាស់ ដោយសំដៅទៅលើមនុស្ស។ រីឯ ពាក្យ «ទេសចរណ៍» វិញ គឺសំដៅទៅលើសកម្មភាពនៃការដើរកម្សាន្ត នៅកន្លែងណាមួយ។
វចនានុក្រមខ្មែររបស់សម្តេច ជួន ណាត បានបញ្ជាក់ថា «ទេសចរ» គឺជាជនអ្នកធ្វើដំណើរលំហែកម្សាន្ត។ ឧទាហរណ៍ថា៖«ជារៀងរាល់ឆ្នាំ ទេសចរបរទេសរាប់លាននាក់ បានធ្វើដំណើរមកប្រទេសកម្ពុជា។ អ្វីដែលគួរឲ្យទាក់ទាញនិងចាប់អារម្មណ៍ជាងគេ សម្រាប់ពួកទេសចរបរទេសទាំងនោះ គឺប្រាសាទបុរាណរបស់ខ្មែរ ជាពិសេសប្រាសាទអង្គវត្ត»។
ចំណែកឯ «ទេសចរណ៍» គឺជាការធ្វើដំណើរកម្សាន្តលំហែចិត្តនៃជនបរទេស។ នេះជាការពន្យល់នៅក្នុងវចនានុក្រម សម្តេច ជួន ណាត ដដែល។ ឧទាហរណ៍ថា៖«វិស័យទេសចរណ៍ គឺជាផ្នែកដ៏សំខាន់មួយ ដែលអាចពង្រឹងសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា»។ គេប្រើពាក្យ«ទេសចរណ៍»សំដៅលើទីកន្លែងផងដែរ ជាឈ្មោះក្រសួងទេសចរណ៍ ដែលទទួលបន្ទុកផ្នែកសក្តានុពុលទេសចរណ៍របស់ប្រទេសកម្ពុជា។
© រក្សាសិទ្ធិដោយ thmeythmey.com