សង្គមអន្តរជាតិ
អន្តរជាតិ
ស្វាមីអាយុ១០៦ឆ្នាំ និងភរិយាអាយុ១០៥ឆ្នាំ ប្រារព្ធខួបអាពាហ៍ពិពាហ៍៨០ឆ្នាំ
× ប្តីប្រពន្ធអាមេរិកវ័យចំណាស់ជាងគេលើលោកដែលកំពុងរស់រានមានជីវិត ប្រារព្ធខួបអាពាហ៍ពិពាហ៍លើកទី៨០ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នេះ នៅសហគមន៍ក្នុងក្រុង Austin រដ្ឋតិចសាស់។ ពួកគាត់សុទ្ធតែកើតនាអំឡុងឆ្នាំ១៩២០ ដោយលោកតា John Henderson ដែលជាស្វាមី មានអាយុ១០៦ឆ្នាំ រីឯលោកយាយ Charlotte មានអាយុ១០៥ឆ្នាំ។
មិត្តភក្តិ និងក្រុមគ្រួសាររបស់លោកតា Jonh និងលោកយាយ Charlotte បាននាំគ្នារៀបចំពិធីយ៉ាងអធិកអធមនៅសហគមន៍ Longhorn តាំងពីថ្ងៃទី១១ ខែធ្នូ ខណៈគូស្នេហ៍ដ៏ចំណាស់នេះ មានអាយុបូកបញ្ចូលគ្នាដល់ទៅ២១១ឆ្នាំ និង១៧៥ថ្ងៃ។ ជាមួយនឹងការតុបតែងផ្កាយ៉ាងស្រស់ស្អាត ក្រុមអ្នករៀបចំកម្មវិធី ក៏បានរៀបចំជា slideshow តាមរយៈការដាក់បញ្ចូលរូបថតអនុស្សាវរីយ៍របស់ពួកគាត់ទាំងពីរអស់រយៈជាច្រើនទសវត្សរ៍ផងដែរ។
លោក Jason Free ដែលជាសាច់ញាតិ និងជាអ្នកដែលជួយឲ្យគូស្នេហ៍ (World’s Oldest Living Couple) នេះចូលក្នុងបញ្ជី Guinness World Records កាលពីខែវិច្ឆិកា កន្លងមក នោះ បាននិយាយប្រាប់សារព័ត៌មាន KXAN ថា លោកតា Jonh និងលោកយាយ Charlotte គឺជាស្វាមីភរិយាដ៏អស្ចារ្យ និងជាគូស្នេហ៍នៃភាពរីករាយដ៏គំរូ»។
លោកបានបន្ថែមថា៖ «ពួកគាត់តែងតែសប្បាយចិត្តពេលនៅជិតគ្នា ធ្វើដំណើរជាមួយគ្នា និងរស់នៅជាមួយគ្នា។ ខួបអាពាហ៍ពិពាហ៍លើកទី៨០ ក៏មានន័យដូចជាពួកគាត់ចាប់ផ្តើមស្រឡាញ់គ្នាដំបូងយ៉ាងដូច្នោះដែរ»។
ពួកគាត់បានជួបគ្នានៅសាកលវិទ្យាល័យតិចសាស់ នៅឆ្នាំ១៩៣៤ និងរៀបការនៅឆ្នាំ១៩៣៩ ពោលគឺប៉ុន្មានខែប៉ុណ្ណោះក្រោយការចាប់ផ្តើមសង្គ្រាមលោកលើកទី២។ លោកតា John ក៏ជាអតីតកីឡាករបាល់ទាត់ម្នាក់ប្រចាំសាកលវិទ្យាល័យផងដែរ ដោយគាត់ តែងតែចូលរួមក្នុងការប្រកួតបែបកម្សាន្តនៅសហគមន៍ Longhorn ជារៀងរាល់ឆ្នាំ។
លោកតា John និងលោកយាយ Charlotte មិនធ្លាប់មានកូនជាមួយគ្នាឡើយ ប៉ុន្តែចំណងស្នេហ៍របស់ពួកគាត់នៅតែរឹងមាំ និងមានសុភមង្គល។ ពួកគាត់សុទ្ធតែបានអះអាងថា គន្លឹះដ៏សំខាន់នៃចំណងអាពាហ៍ពិពាហ៍របស់ពួកគាត់នោះ គឺការប្រើជីវិតរបស់នៅបែបសាមញ្ញ៕
© រក្សាសិទ្ធិដោយ thmeythmey.com