អន្តរជាតិ
លោក ឌូ​ទើ​តេ សុខចិត្ត​ឲ្យ ICC ដាក់គុក តែ​ដាច់ខាត​មិន​ឆ្លើយ​សំណួរ​ពាក់ព័ន្ធ​សង្គ្រាម​គ្រឿងញៀន​
23, Dec 2019 , 10:07 am        
រូបភាព
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ។ រូបភាពពីការិយាល័យទំនាក់ទំនងប្រធានាធិបតី
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ។ រូបភាពពីការិយាល័យទំនាក់ទំនងប្រធានាធិបតី
ដោយ:
​មេដឹកនាំ​កំពូល​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បានប្រកាស​ដាច់ខាត​មិន​សហការ​ជាមួយនឹង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ក្នុងការ​ដំណើរការ​នីតិវិធី​របស់​តុលាការ​ពាក់ព័ន្ធ​ការសម្លាប់​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​នៅ​ហ្វីលីពីន​។ ក្នុង​គោលជំហរ​របស់លោក ឌូ​ទើ​តេ មានតែ​ប្រជាជន​ហ្វីលីពីន​នោះទេ ដែលមាន​សិទ្ធិ​ក្នុងការ​កាត់ក្តី និង​កំណត់​ជោគវាសនា នៃ​ការដឹកនាំ​របស់លោក​។

 
​នាឱកាស​បើក​កម្មវិធី​ប្រកួតប្រជែង​ក្នុងស្រុក​មួយ​នៅ​ថ្ងៃ​២០ ធ្នូ​កន្លងទៅ លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​អះអាងថា លោក មិន​ខ្លាចរអារ​នឹង​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ព្យួរ​លោក ឬ​ដាក់​លោក​ក្នុង​ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​សង្គ្រាម​គ្រឿងញៀន​របស់លោក​ឡើយ​។ ក៏ប៉ុន្តែ​លោក ដាច់ខាត​មិន​ឆ្លើយ​រាល់​សំណួរ​របស់​តុលាការ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់  Inquirer Net​។  
 
​នេះ គឺជា​សេចក្តីថ្លែងការណ៍​ចុងក្រោយបង្អស់​របស់លោក​ប្រធានាធិបតី ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់​នានា​របស់​មជ្ឈដ្ឋាន​ខាង​ក្រៅ ជាពិសេស​អង្គការ​ពាក់ព័ន្ធ​សិទ្ធិមនុស្ស លើ​រូបលោក ស្តីពី​ប្រតិបត្តិការ​សង្គ្រាម​គ្រឿងញៀន ដែល​បានសម្លាប់​ជនសង្ស័យ​រាប់ពាន់នាក់ គិត​ចាប់ពី​លោក ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​នៅ​ឆ្នាំ​២០១៦​មក​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ ខណៈដែល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ កំពុងតែ​ពិនិត្យមើល​លទ្ធភាព និង​ប្រមូល​ភស្តុតាង​ពាក់ព័ន្ធ​នានា​ដើម្បី​ដាក់បន្ទុក​លើ​ការដឹកនាំ​របស់​រដ្ឋបាល​ហ្វីលីពីន​បច្ចុប្បន្ន លោក ឌូ​ទេតើ បាន​អះអាងថា លោក រីករាយ​នឹង​ទទួល ប្រសិនបើ​តុលាការ​ចង់​ដាក់ទោស​លោក លើ​អ្វីដែល​លោក បានធ្វើ​កន្លងមកនេះ ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន​។ 
​ក៏ប៉ុន្តែ ដូច​សព្វមួយដង លោក បដិសេធ​ដាច់ខាត ក្នុងការ​សហការ និង​ឆ្លើយ​រាល់​សំណួរ​ជាមួយនឹង​តុលាការ ដ្បិត​ប្រមុខ​ដឹកនាំ​កំពូល​រូបនេះ អះអាងថា មានតែ​ប្រជាជន​ហ្វីលីពីន​ប៉ុណ្ណោះ​នោះទេ ដែលមាន​សិទ្ធិ​សម្រេច និង​វិនិច្ឆ័យ​លើ​សកម្មភាព​ដឹកនាំ​របស់លោក​។ 
 
​កន្លងមក លោក ឌូ​ទើ​តេ បានបញ្ជាក់​ច្បាស់​រួចហើយ​ថា ការណ៍​ដែល​លោក ត្រូវអនុវត្ត​គោលនយោបាយ​ឃោរឃៅ តាមរយៈ​ការបាញ់សម្លាប់​ជនសង្ស័យ​ពាក់ព័ន្ធ​ការជួញដូរ​គ្រឿងញៀន​នេះ គឺ​ដើម្បី​ធានា​ឲ្យ​បាន​នូវ​អ្នកជំនាន់ក្រោយ​ដែល​ស្អាតស្អំ និង​មាន​អនាគត ក៏ដូចជា​ទប់ស្កាត់​ការយក​ហ្វីលីពីន ជា​កន្លែង​សម្រាប់​ជួញដូរ​គ្រឿងញៀន​ផងដែរ​.
​គួររម្លឹកថា នៅ​ដើមឆ្នាំ​២០១៨​កន្លងទៅ អគ្គ​រដ្ឋអាជ្ញា នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បានប្រកាស​បើក​ការពិនិត្យ និង​វិនិច្ឆ័យ​បឋម​លើ​ស្ថានភាព នៃ​សង្គ្រាម​គ្រឿងញៀន​របស់លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ដែល​របាយការណ៍​សិទ្ធិមនុស្ស​ជាច្រើន អះអាងថា របប​ដឹកនាំ​លោក បានសម្លាប់​ទាំង​ជនសង្ស័យ និង​ឈ្មួញ​គ្រឿងញៀន​រាប់ពាន់នាក់​។ 
 
​បច្ចុប្បន្ន តុលាការ កំពុង​បន្ត​នីតិវិធី ដើម្បី​ឈានទៅដល់​ការបើក​ស៊ើបអង្កេត​ផ្លូវការ និង​ពេញលេញ​មួយ ដែល​ត្រូវបាន​រំពឹងថា នឹងត្រូវ​ធ្វើឡើង​ក្នុង​ឆ្នាំ​២០២០ ពោលគឺ​បន្ទាប់ពី​តុលាការ​បញ្ចប់​ការ ពិនិត្យ​ជាបឋម និង​ក្នុងករណី​ដែល​រកឃើញថា ពិតជា​មានការ​ប្រព្រឹត្ត​សកម្មភាព​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅក្នុង​ការដឹកនាំ​របស់​លោក​ឌូ​ទើ​តេ​មែន​៕ 
 

Tag:
 ហ្វីលីពីន​
  ICC
© រក្សាសិទ្ធិដោយ thmeythmey.com