អន្តរជាតិ
មនុស្ស​៨​នាក់​ស្លាប់​និង​រាប់រយ​ដេកពេទ្យ ក្រោយ​ពុល​ស្រា​ទឹកដូង​នៅ​ហ្វីលីពីន​
23, Dec 2019 , 4:46 pm        
រូបភាព
ដោយ:
​មនុស្ស​៨​នាក់​បាន​បាត់​បង់ជីវិត និង​រាប់រយ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ក្នុងប្រទេស​ហ្វីលីពីន ក្រោយ​ផឹកស្រា​ទឹកដូង ដែល​ជឿថា មាន​ផ្ទុក​កម្រិត​មេ​តា​ណុល​ខ្ពស់​ពេក​។ អាជ្ញាធរ​ហ្វីលីពីន អះអាង​បែបនេះ នៅ​ថ្ងៃទី​២៣ ខែធ្នូ​។

 
​ជនរងគ្រោះ​ទាំងអស់ បាន​មាន​វត្តមាន​ក្នុង​ពី​ធី​ជួបជុំ​មួយ​នៅពេល​ចុង​សប្តាហ៍​ក្នុង​ទីក្រុង Rizal ភាគ​អាគ្នេយ៍​នៃ​រដ្ឋធានី​ម៉ានីល ។ បន្ទាប់មក ពួកគេ​បាន​អះអាងថា​ឈឺក្រពះ ក្រោយ​ផឹកស្រា​មួយ​ប្រភេទ ដែល​អ្នក​ក្នុងស្រុក​ហ្វីលីពីន​ស្គាល់​ថា «lambanog»​។ 
 
​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP អ្នកនាំពាក្យ​មន្ទីរពេទ្យ​រដ្ឋ​មួយកន្លែង​ក្នុង​រដ្ឋធានី ម៉ានីល បញ្ជាក់ថា ជនរងគ្រោះ​៩​នាក់ កំពុងស្ថិត​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​។ ម្យ៉ាងវិញទៀត ប៉ូលិស​ហ្វីលីពីន អះអាងថា សរុបទៅ ជន​គ្រោះ ៣០០​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នានា​ក្នុង​ទីក្រុង​ម៉ានីល​។ ហើយ​អ្នក​ទាំងនោះ បាននាំគ្នា​ផឹកស្រា​ប្រភេទ​ដូចគ្នា ដែល​បាន​ទិញ​នៅក្បែរ​តំបន់​នោះ​។ 
 
​មែនទែនទៅ រដ្ឋាភិបាល​ហ្វីលីពីន បានដាក់​បម្រាម​ជាបន្ទាន់​លើ​ការលក់​ភេសជ្ជៈ​ប្រភេទ​នេះ ដែលមាន​តម្រូវការ​ខ្ពស់​នៅ​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ណូអែល​។ ភាគច្រើន​នៃ​ស្រា​ទឹកដូង​ដែលមាន​ដាក់លក់​លើ​ទីផ្សារ ត្រូវបាន​ផលិតឡើង​ដោយ​ប្រជាជន​តំបន់​នោះ​ផ្ទាល់​តែម្តង​។ កន្លងទៅ រដ្ឋាភិបាល ធ្លាប់បាន​ព្រមាន​ប្រឆាំងនឹង​ការលក់​ភេសជ្ជៈ​មាន​ជាតិ​អាកុល​ដែល​គ្មាន​ចុះបញ្ជី​ត្រឹមត្រូវ​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP វេជ្ជបណ្ឌិត​ហ្វីលីពីន​ម្នាក់​ឈ្មោះថា Del Rosario បាន​និយាយថា ការ​លាយ​ច្របាច់​គ្នា​រវាង​ទឹកដូង និង​មេ​តា​ណុល អាច​បង្ក​ឲ្យ​មនុស្ស​ស្លាប់ និង​ងងឹតភ្នែក​។ ហើយ កាលពី​ឆ្នាំមុន មនុស្ស​ជាង ១០​នាក់​បាន​ស្លាប់​ដោយសារតែ​ផឹកស្រា​ទឹកដូង ដែល​បាន​រកឃើញថា មាន​ផ្ទុក​ជាតិ​មេ​តា​ណុល​ខ្ពស់​ពេក​៕ 

Tag:
 ហ្វីលីពីន​
  ស្រា​ទឹកដូង
© រក្សាសិទ្ធិដោយ thmeythmey.com