តុលាការធម្មនុញ្ញរបស់ថៃ ប្រកាសនឹងសម្រេចកាត់ក្តីថាត្រូវរំលាយបក្សអនាគតឆ្ពោះទៅមុខ (FFP) របស់សេដ្ឋីថៃវ័យក្មេង លោក Thanathron ឬយ៉ាងណា ជុំវិញការចោទប្រកាន់ថា បក្សនេះប៉ុនប៉ងផ្តួលរំលំរបប រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ ដោយអះអាងថា មានភស្តុតាងគ្រប់គ្រាន់ តុលាការ រំពឹងថានឹងបើកសវនាការកាត់ក្តី នាខែក្រោយ ។
ក្នុងសេចក្តីថ្លែងការណ៍ ចុះថ្ងៃអាទិត្យ ២២ ខែធ្នូ តុលាការថៃ គូសបញ្ជាក់ថា គ្មានការជំនុជម្រះក្តីណាមួយ នឹងត្រូវធ្វើឡើងក្នុងសំណុំរឿងនេះឡើយ ព្រោះថា តុលាការមានភស្តុតាងគ្រប់គ្រាន់រួចរាល់ហើយ។ យ៉ាងណាមិញ ក្រៅពីរំពឹងនឹងរៀបចំឡើងនាខែមករា ឆ្នាំ២០២០ តុលាការ ពុំបានកំណត់យកកាលបរិច្ឆេទច្បាស់លាស់ណាមួយនៅឡើយទេ។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃបាងកកប៉ុស្តិ៍ ។
ពាក្យបណ្ដឹងដែលបានដាក់ក្នុងខែកក្កដា ឆ្នាំ២០១៩ ដោយមេធាវីថៃម្នាក់ឈ្មោះថា Natthaporn Toprayoon ចោទប្រកាន់ថា បក្សអនាគតឆ្ពោះទៅមុខ (FFP) ចង់ផ្តួលរំលំរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញរបស់ថៃ ។ បក្សថ្មីថ្មោងរបស់លោក Thanathron ដែលទទួលបានកៅអីច្រើនលំដាប់ទី៣ ក្នុងការបោះឆ្នោតទូទៅក្នុងខែមីនាកន្លងទៅ បានបដិសេធការចោទប្រកាន់នេះ។ ប្រសិនបើបានកាត់ទោសមែននោះ បក្សនេះអាចត្រូវរំលាយចោល។
អ្នកនាំពាក្យរបស់បក្ស FFP អ្នកស្រី Pannika Wanich បាននិយាយថា ខ្លួនធ្លាប់បានស្នើឲ្យមានការជំនំជម្រះពេញលេញមួយសម្រាប់រឿងក្តីនេះ ក៏ប៉ុន្តែត្រូវបានតុលាការបដិសេធ ។ តុលាការអះអាងថា ខ្លួនមានភស្តុតាងគ្រប់គ្រានសម្រាប់កាត់ក្តីសំណុំរឿងនេះ ដោយពុំចាំបាច់មានការស៊ើបសួរណាមួយឡើយ ដោយផ្អែកលើវាក្យខណ្ឌ ៥៨(១) នៃច្បាប់នីតិវិធីរបស់តុលាការធម្មនុញ្ញ។
តាមបាងកកប៉ុស្តិ៍ អ្នកស្រី Pannika នៅថ្ងៃចន្ទ ២៣ ធ្នូ បានលើកឡើងបែបនេះ៖«ប្រសិនបើ តុលាការបញ្ជាឲ្យបើកការស៊ើបសួរ យើងនឹងត្រៀមលក្ខណៈ ព្រោះថា សាក្សី និងភស្តុតាង នឹងត្រូវបានហៅ។ ក៏ប៉ុន្តែដោយគ្មានការស៊ើបសួរទេនោះ យើងគ្រាន់តែត្រូវរៀបចំសម្រាប់ការកាត់ក្តីដែលយើងពុំអាចស្មានទុកមុន»។
ម្យ៉ាងវិញទៀត បក្សអនាគតឆ្ពោះទៅមុខ កំពុងប្រឈមហានិភ័យនៃការរំលាយចោលរួចហើយ ដ្បិតរឿងក្តីដាច់ដោយឡែកមួយទៀតថា បានបញ្ជូនទៅកាន់តុលាការធម្មនុញ្ញថៃ ពីសំណាក់គណៈកម្មការរៀបចំការបោះឆ្នោតថៃ។ នាដើមខែធ្នូនេះ គជបថៃ បានសម្រេចថា បក្សនេះ បានបំពានច្បាប់បោះឆ្នោតដោយព្រមទទួលលុយកម្ចីពីប្រធានបក្សខ្លួន គឺលោក Thanathorn Juangroongruangkit ។
នៅថ្ងៃទី២៣ ខែធ្នូ ប៉ូលិសក្រុងបាងកក ក៏បានកោះហៅលោក Thanathorn និងថា្នក់ដឹកនាំបក្សផ្សេងទៀតឲ្យបង្ហាញខ្លួន នៅថ្ងៃសុក្រ ២៧ ខែធ្នូ ខាងមុខ ដើម្បីមកទទួលបទចោទប្រកាន់ប្រឆាំងពួកគេពាក់ព័ន្ធនឹងការតវ៉ាក្នុងកណ្ដាលរាជធានីបាងកក ។ អាជ្ញាធរថៃ បានចោទប្រកាន់ពួកបក្សប្រឆាំងនេះថា ធ្វើសកម្មភាពតវ៉ាដោយពុំផ្តល់ដំណឹងដល់សមត្ថកិច្ចជាមុន, រាំងស្ទះចរាចរណ៍, បរាជ័យក្នុងការគ្រប់គ្រងពួកបាតុករ និងប្រើប្រាស់ប្រដាប់បំពងសំឡេងដោយគ្មានការអនុញ្ញាតជាដើម។
គួររម្លឹកដែរថា បាតុករប្រមាណ ២ ទៅ ៣ពាន់នាក់ បានមានវត្តមាននៅថ្ងៃទី ១៤ ធ្នូ ដើម្បីបង្ហាញពីកំហឹងពួកគេប្រឆាំងរដ្ឋាភិបាល និងគាំទ្រលោក Thanathorn ក្រោយការសម្រេចកាត់ក្តីពីសំណាក់តុលាការធម្មនុញ្ញថៃក្នុងការដកហូតតំណែងសមាជិកសភារបស់លោក។ សម្រាប់ការដកហូតនេះដែរ តុលាការថៃ អះអាងថា លោកបានបំពានច្បាប់ការបោះឆ្នោតថៃមួយ ដោយហាមឃាត់ម្ចាស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយពីការចូលធ្វើតំណាងរាស្ត្រ។ តុលាការបានបដិសេធការអះអាងរបស់លោក Thanathorn ថា លោកបានលក់ភាគហ៊ុនរបស់លោកទាំងអស់ក្នុងក្រុមហ៊ុនផលិតកម្មប្រព័ន្ធផ្សព្វផ្សាយ មុនពេលលោកឈរឈ្មោះជាបេក្ខភាពតំណាងរាស្ត្រ៕