សង្គមអន្តរជាតិ​
អន្តរជាតិ
ថៃ​គ្រោង​ស្នើ​ដាក់ «​បុណ្យ​សង្ក្រាន្ត​» និង «​តុម​យ៉ាំ​» ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​
24, Dec 2019 , 12:10 pm        
រូបភាព
ទិដ្ឋភាពអបអរសង្ក្រាន្តនៅ​បាងកក កាលពីថ្ងៃទី១៣ ខែ​មេសា​ ឆ្នាំ​២០១៩។ រូបថត AFP
ទិដ្ឋភាពអបអរសង្ក្រាន្តនៅ​បាងកក កាលពីថ្ងៃទី១៣ ខែ​មេសា​ ឆ្នាំ​២០១៩។ រូបថត AFP
ដោយ:
ក្រសួង​វប្បធម៌​ថៃ បានសម្រេច​ចិត្ត​ជ្រើស​យក​ពិធីបុណ្យ «​សង្ក្រាន្ត​» ដើម្បី​ដាក់បញ្ចូល​ក្នុង​បញ្ជី​កេរ្តិ៍មរតក​អរូបី​របស់​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ​។ បន្ថែម​ពី​បុណ្យប្រពៃណី​ថៃ​នេះ អាហារ​ថៃ​មួយ​ប្រភេទ​ទៀត គឺ​ស៊ុប​តុម​យ៉ាំ ក៏​ត្រៀម​ដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​របស់​យូណេស្កូ​នេះ​ផងដែរ​។



​ក្រសួង​វប្បធម៌​ថៃ កំពុង​រៀបចំ​ឯកសារ​ដើម្បី​សុំ​ការអនុម័ត​ពី​គណៈរដ្ឋមន្ត្រី​នា​ខែកុម្ភៈ ឆ្នាំ​២០២០ ខាងមុខ ដើម្បី​សុំ​ចុះបញ្ជី​បុណ្យចូលឆ្នាំ​ប្រពៃណី​ថៃ ដែល​ត្រូវបាន​ស្គាល់​ជាទូទៅ​ថា បុណ្យ​ចូល​សង្ក្រាន្ត ជា​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុ​ស្ត៍ ដោយ​ដកស្រង់​សម្តី​របស់​រដ្ឋមន្ត្រី​វប្បធម៌​ថៃ​។

​ជាមួយគ្នានេះដែរ ស៊ុប​តុម​យ៉ាំ​ឆ្នាំងភ្លើង (Tom Yam Kung) ក៏​នឹង​ជ្រើសរើស​ដោយ​ក្រសួង​វប្បធម៌​ថៃ​ដើម្បី​ដាក់​ប​ញ្ជូ​ល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​អរូបី​ផងដែរ​។ នេះ​បើតាម​ប្រភពព័ត៌មាន​ថៃ​ដដែល​។ អង្គការ​យូនេស្កូ រំពឹង​នឹង​ប្រកាស​ពី​ការសម្រេចចិត្ត​ខ្លួន​លើ​ការជ្រើសរើស​ទាំងពីរ​រ​បស់​ក្រសួង​វប្បធម៌​ថៃ​នេះ​នា​ឆ្នាំ ២០២២ ខាងមុខ​។​

​គួរ​រម្លឹក​ផងដែរ​ថា នៅ​ជំនួប​កាលពី​ថ្មីៗ​នេះ​ក្នុង​រដ្ឋធានី​បូ​ហ្គោ​តា នៃ​ប្រទេស​កូ​ឡុំ​ប៊ី ពីថ្ងៃ​ទី​០៩ ដល់ ទី​១៤ ខែធ្នូ ឆ្នាំ​២០១៩ គណៈកម្មាធិការ​អន្តរជាតិ​របស់​អង្គការ​យូនេស្កូ បានសម្រេច​អនុម័ត ម៉ាស្សា​ថៃ (Nuad Thai) សម្រាប់​ការដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​មនុស្សជាតិ​។ ម្យ៉ាងវិញទៀត របាំ​ល្ខោន​ន​រា​ហ៍ (Nora) មកពី​ភាគខាងត្បូង កំពុង​រង់ចាំ​ការអនុម័ត​សម្រាប់​ការដាក់​ប​ញ្ជូ​ល​ក្នុង​បញ្ជី​បេតិកភណ្ឌ​របស់​យូនេស្កូ នា​ឆ្នាំ​២០២១ ខាងមុខ​ផងដែរ​៕




Tag:
 ថៃ​
  សង្ក្រាន្ត​
  បេតិកភណ្ឌ​ពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com