កីឡាអន្តរជាតិ
អន្តរជាតិ
​ក្រោយ​ដាក់ទុន​ជាមួយ​ក្លិប​ក្នុងស្រុក រូបសំណាក​របស់ Ibrahimovic ត្រូវគេ​លួច​កាត់​ច្រមុះ​
25, Dec 2019 , 8:59 am        
រូបភាព
​រូបសំណាក​របស់​កីឡាករ Zlatan Ibrahimovic ដែល​សង់​នៅក្រៅ​កីឡដ្ឋាន Malmo ត្រូវគេ​លួច​កាត់​ច្រមុះ​ចោល​។


 
​នេះ​មិនមែនជា​សកម្មភាព​បំផ្លាញ​រូបសំណាក​របស់ Ibrahimovic លើក​ទី​១​ឡើយ​។ មូលហេតុ​នៃ​ការ​កាត់​ច្រមុះ​នេះ កើតឡើង​ក្រោយ​មាន​ដំណឹង​ថា​អតីត​ខ្សែប្រយុទ្ធ Manchester United រូបនេះ​បានដាក់​ទុន​លើ​ក្លិប Hammarby​។ Hammarby ជា​ក្រុម​គូប្រជែង​របស់ Malmo ដែលមាន​មូលដ្ឋាន​ក្នុង​លី​គ​កីឡាបាល់ទាត់​កំពូល​របស់​ស៊ុយអែត​ដូចគ្នា​។​
 
 Ibrahimovic អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​ស៊ុយអែត វ័យ​៣៨​ឆ្នាំ បានបង្ហាញ​ខ្លួន​លើកដំបូង​ក្នុង​អាជីព​កីឡាករ​បាល់ទាត់​របស់​ខ្លួន​ជាមួយ​ក្រុម Malmo កាលពី​២០​ឆ្នាំមុន​។ ការ​បំ​ផ្លា​ច​រូបសំណាក​នេះ ត្រូវបាន​គេ​ជឿជាក់ថា​ជា​ទង្វើ​របស់​ក្រុម​អ្នកគាំទ្រ Malmo ដែល​មិន​ពេញចិត្ត​ចំពោះ​អ្វីដែល Ibrahimovic ធ្វើជា​មួយក្រុម​គូប្រជែង​។​
 
​លោក Peter Linde ដែលជា​វិចិត្រករ​បង្កើត​រូបសំណាក​នេះ ក៏បាន​អំពាវនាវ​សុំ​ឲ្យ​បញ្ឈប់​ការបំផ្លាញ​នេះ​បន្តទៀត​។​
 
Ibrahimovic សព្វថ្ងៃ​កំពុង​ប្រកប​ជា​ជីព​ជាមួយ​ក្រុម LA Galaxy នៃ​លី​គ​កីឡាបាល់ទាត់​កំពូល​អាមេរិក (MLS) ដោយ​បង្ហាញខ្លួន​៥៦​ប្រកួត និង​ស៊ុត​បញ្ចូល​ទី​បាន​៥២​គ្រាប់ ក្រោយ​ចាក​ចេញពី Man Utd កាលពី​ឆ្នាំ​២០១៨​។ យ៉ាងណាក៏ដោយ អតីត​សមាជិក​ក្រុម Ajax, Juventus, Inter Milan, Barcelona, AC Milan, Paris St-Germain រូបនេះ គ្រោង​ចាក​ចេញពី​ក្រុម​នៅ​អាមេរិក នៅក្រោយ​បញ្ចប់​រដូវ​កាល​នេះ ហើយ​កំពុង​សម្លឹង​រក​ក្លិប​ថ្មី​ផងដែរ​៕
 


Tag:
 Zlatan Ibrahimovic
  Malmo
© រក្សាសិទ្ធិដោយ thmeythmey.com