កីឡាអន្តរជាតិ
អន្តរជាតិ
Lampard ចង់​សើរើ​រឿង Mourinho ដែល​មិន​ខ្វល់​ពី​យុវជន រហូត​របូត Salah និង De Bruyne
25, Dec 2019 , 7:19 pm        
រូបភាព
​លោក Frank Lampard ហាក់​ចង់​កកាយ​រឿង​ចាស់​របស់លោក Jose Mourinho បន្ទាប់ពី​អ្នកចាត់ការ​ទូទៅ Chelsea រូបនេះ​អះអាងថា​នឹង​គាំទ្រ​ពេញទំហឹង​ចំពោះ​កីឡាករ​យុវជន​ដែលមាន​ទេពកោសល្យ ជាជាង​បោះបង់​ពួកគេ​ចោល​។ Lampard បានលើកឡើង​ពី​កីឡាករ​ឆ្នើម​ពីររូប​ដូចជា Mohamed Salah និង Kevin De Bruyne ដែល​របូត​ចេញពី​តោ​ខៀវ កាល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់ Mourinho​។​


Lampard បាន​ឡើងទៅ​ដឹកនាំ Chelsea នា​ដើមរដូវ​កាល រដូវ​កាល​នេះ ខណៈ​ក្រុម​ស្ថិតក្រោម​ការហាមឃាត់​ផ្ទេរ​កីឡាករ​ចូល​មួយ​រដូវ​កាល ដែល​បង្ខំ​ឲ្យ​លោក​ត្រូវ​ប្រើប្រាស់​កី​ឡករ​មាន​ស្រាប់ និង​ផ្តល់ឱកាស​សម្រាប់​កីឡាករ​ក្មេងៗ​ដូចជា Mason Mount, Tammy Abraham និង Fikayo Tomori ជាដើម​។​
 
​អ្វីដែល​នឹកស្មាន​មិន​ដល់​កីឡាករ​យុវជន​ទាំង​៣​រូ​នេះ​មិន​ធ្វើ​ឲ្យ​អ្នកចាត់ការ​របស់​ពួកគេ​ខកចិត្ត​ឡើយ តាមរយៈ​ការបង្ហាញ​ខ្លួន​យ៉ាង​ល្អ​សម្រាប់​ក្រុម រហូត​មានការ​កោះហៅ​ឲ្យ​ចូល​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ថែមទៀត​។​
 
​ការបង្ហាញ​ខ្លួន​ដ៏​ភ្ញាក់ផ្អើល​នេះ បានធ្វើ​ឲ្យ​អ្នកចាត់ការ​សញ្ជាតិ​អង់គ្លេស​អះអាងថា​លោក​នឹងមិន​មើលរម្លង​កីឡាករ​យុវជន​របស់​ក្រុម​លោក​ឡើយ បើទោះបីជា​តុលាការ​អាជ្ញាកណ្តាល​ផ្នែក​កីឡា​បាន​កាត់បន្ថយ​ការដាក់ទណ្ឌកម្ម​ជុំវិញ​បម្រាម​ទិញ​កីឡាករ​ត្រឹម​ខែមករា ខាងមុខនេះ​។ Lampard បញ្ជាក់​ច្បាស់ៗ​ថា នឹងមិន​ធ្វើ​ឲ្យ​មាន​កំហុស​ម្តងទៀត​សម្រាប់ Chelsea ដូចដែល​លោក Mourinho អនុញ្ញាត​ឲ្យ​កីឡាករ​វ័យក្មេង​របស់​ខ្លួន​ក្លាយជា​កីឡាករ​លំដាប់​ពិភពលោក​សម្រាប់​ក្រុម​ផ្សេងទៀត​នោះទេ​។​


 
Mourinho សញ្ជាតិ​ព័រ​ទុ​ហ្គា​ល់ ដែល​សព្វ​ថ្ងៃជា​អ្នកចាត់ការ​ទូទៅ Tottenham Hotspur ធ្លាប់បាន​លក់ Kevin De Bruyne ពី Chelsea ទៅ​ក្រុម Wolfsburg ហើយ​អនុញ្ញាត​ឲ្យ Mohamed Salah ទៅ Fiorentina ខ្ចី​ជើង​មុន​លក់​ទៅ Roma ដាច់​។ បច្ចុប្បន្ន De Bruyne និង Salah បាន​ក្លាយជា​កីឡាករ​ដ៏​មាន​ឥ​ទ្ធ​ពល​របស់​ក្រុម Manchester City និង Liverpool រៀងៗ​ខ្លួន​។​
 
«​ខ្ញុំ​ជឿជាក់​លើ​កីឡាករ​វ័យក្មេង​។ ខ្ញុំ​បាន​មើល​ការលេង​របស់ Mason Mount តាំង​ពីមុន រហូត​ក្នុង​ជ័យជម្នះ ២-០ លើ​ក្រុម Spurs ចុង​សប្តាហ៍​មុន ហើយ​មិន​ត្រឹមតែ Mount ទេ ខ្ញុំ​គិតថា Abraham ក៏​អស្ចារ្យ និង Tomori ក៏​ដូចគ្នា​ដែរ​។ ទាំងអស់​នេះហើយ​ជា​មូលហេតុ​ដែល​ខ្ញុំ​ចង់​ប្រាប់​អ្នក​ទាំងអស់គ្នា​ឲ្យ​មានការ​អត់ធ្មត់​ជាមួយ​កីឡាករ​វ័យក្មេង ពីព្រោះ​ពួកគេ​ជា​ក្មេងប្រុស ហើយ​ពួកគេ​នៅមាន​ពេលវេលា​ច្រើន​ដើម្បី​បង្ហាញ​ទេពកោសល្យ​របស់​ពួកគាត់​»​។ នេះ​ជាការ​រៀបរាប់​របស់ Lampard ដែល​ជួយ Chelsea ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៤ ក្នុង​តារាង Premier League ដោយ​រកបាន​៣២​ពិន្ទុ និង​នាំ​ក្រុម​ឈានទៅ​កាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ Chmapions Leageu៕





Tag:
 Frank Lampard
  Jose Mourinho
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com