អន្តរជាតិ
សមាជិកសភា​ជប៉ុន​ម្នាក់ ត្រូវ​ចាប់ខ្លួន ក្រោយ​សង្ស័យ​ទទួល​សំណូក​ពី​ក្រុមហ៊ុន​កាស៊ីណូ​ចិន​
25, Dec 2019 , 8:19 pm        
រូបភាព
អ្នកបង្កើតច្បាប់របស់បក្សសេរីប្រជាធិបតេយ្យ លោក Tsukasa Akimoto​។ រូបភាព៖ Kyodo News
អ្នកបង្កើតច្បាប់របស់បក្សសេរីប្រជាធិបតេយ្យ លោក Tsukasa Akimoto​។ រូបភាព៖ Kyodo News
​ព្រះរាជអាជ្ញា​ទីក្រុង​តូ​ក្យូ នៅ​ថ្ងៃទី​២៥ ខែឧសភា បាន​ឃាត់ខ្លួន​សមាជិកសភា​រប​ស់​បក្ស​សេរី​ប្រជាធិបតេយ្យ​ឈ្មោះ Tsukasa Akimoto ជុំវិញ​ការសង្ស័យ​ទទួលយក​ប្រាក់​សំណូក​ពី​ក្រុមហ៊ុន​ចិន​ដែល​ចង់​បើក​កាស៊ីណូ​នៅក្នុង​ប្រទេស​ជប៉ុន​។


 
​លោក Tsukasa Akimoto គឺជា​អតីត​អនុរដ្ឋមន្ត្រី​ម្នាក់​របស់​រដ្ឋាភិបាល​ស៊ិន​ហ្សូ អា​បេ ដែលមាន​វ័យ ៤៨​ឆ្នាំ ដែល​ទទួលបន្ទុក​ជា​អ្នកត្រួតពិនិត្យ​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល ស្តីពី​គម្រោង​បង្កើត​កន្លែង​កម្សាន្ត​ចម្រុះ​(Integrated Resort) ដែល​ត្រូវដាក់​ឲ្យ​ដំណើរការ​នៅ​ដើមឆ្នាំ ២០២០​នេះ​។ តាមរយៈ​គម្រោង​នេះ​អ្នកបង្កើត​ច្បាប់ លោក Akimoto ត្រូវបាន​ព្រះរាជអាជ្ញា​ជប៉ុន​ចាប់ខ្លួន ពីបទ​ទទួលយក​សំណូក​ពី​ក្រុមហ៊ុន​ចិន​ប្រមាណ​ជាង ៣​ម៉ឺន​ដុល្លារ ដើម្បី​ផ្តល់​សិទ្ធិ​ឲ្យ​បើក​កាស៊ីណូ​នៅក្នុង​ប្រទេស​ជប៉ុន​។  
 
​ពាក់ព័ន្ធ​ទៅនឹង​ការចាប់ខ្លួន​នេះ ការិយាល័យ​របស់លោក Akimoto បាន​ចោទសួរ​ដេញដោល​ពី​ដីកាចាប់ខ្លួន ប៉ុន្តែ​ព្រះរាជអាជ្ញា បាន​បដិសេធ​បញ្ចេញយោបល់​លើ​បញ្ហា​នេះ​។ លោក Akimoto បាន​ទាត់ចោល បទចោទប្រកាន់​របស់​ព្រះរាជអាជ្ញា និង​អះអាង បទ​ចោទ គ្មាន​មូលដ្ឋាន​ច្បាស់លាស់​។ សរសេរ​លើ​បណ្តាញ​សង្គម Twitter សមាជិក​បក្ស​សេរី​ប្រជាធិបតេយ្យ​រូបនេះ បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ « ខ្ញុំ​មិន​ធ្លាប់​ពាក់ព័ន្ធ​នឹង​អំពើ​ទុច្ចរិត​នេះ​ពីមុនមក​ទេ​។ ខ្ញុំ​នឹង​បន្ត​ជំទាស់​បញ្ហា​នេះ​រហូត​»​។ 
 
​ទាក់ទង​បញ្ហា​នេះដែរ អ្នកនាំពាក្យ​រដ្ឋាភិបាល​ជប៉ុន លោក Yoshihide Suga បាន​បញ្ជាក់ថា លោក​មិន​បានដឹង​ពី​ដីកាចាប់ខ្លួន​លោក Akimoto ទេ ប៉ុន្តែ​អ្វីដែល​សំខាន់ រដ្ឋាភិបាល​កំពុង​រៀប​ចំ​ឲ្យ​មាន​កន្លែង​កម្សាន្ត​បែប​ចម្រុះ ឲ្យ​កាន់តែ​ឆាប់​កាន់តែ​ល្អ​។ គោលនយោបាយ កន្លែង​កម្សាន្ត​បែប​ចម្រុះ​នេះ រួមមាន​កាស៊ីណូ ហាន​លក់​សំលៀកបំពាក់ សណ្ឋាគារ​ជាដើម ក្នុង​គោលបំណង​ជួយ​ជំរុញ​សេដ្ឋកិច្ច​ក្នុង​តំបន់ ភ្ញៀវទេសចរ ចំណូល​ពន្ធ ជាដើម​។ នេះ​បើ​ផ្អែក​ទៅតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​សូមបញ្ជាក់ថា គម្រោង​កសាង​កន្លែង​ក​ម្សា​ន្ត​បែប​ចម្រុះ​មួយ​នេះ បានទទួល​ការមិន​ពេញចិត្ត​ជាច្រើន​ពី​សំណាក់​ប្រជាជន​នៅក្នុង​ប្រទេស​។ តាមរយៈ​ការ​ស្រង់​មតិ ដោយសារ​ព័ត៌មាន Jiji នៅ​ខែតុលា ប្រជាជន ៥៧,៩​ភាគរយ បាន​ជំទាស់​ពី​ការបង្កើត​កន្លែង​កម្សាន្ត​ប្រភេទ​នេះ ខណៈពេល​សំឡេងគាំទ្រ​មានតែ ២៦,៦​ភាគរយ​តែប៉ុណ្ណោះ​៕

Tag:
 ​ជប៉ុន​
© រក្សាសិទ្ធិដោយ thmeythmey.com