អន្តរជាតិ
មិនធម្មតា! អាមេរិកបញ្ជូនយន្តហោះស៊ើបការណ៍បួនគ្រឿងព្រមគ្នាហោះលើឧបទ្វីបកូរ៉េ
× កងទ័ពអាមេរិក បានបញ្ជូនយន្តហោះស៊ើបការណ៍ដល់ទៅបួនគ្រឿងហោះពីលើឧបទ្វីបកូរ៉េព្រមគ្នា។ នេះបើតាមការបញ្ជាក់របស់វេសាយតាមដានការហោះហើរនៅថ្ងៃទី២៥ ខែធ្នូ។ វត្តមានដ៏កម្រនៃយន្តហោះយកការណ៍ម្ដងបួនបែបនេះ កើតឡើងស្របពេលមានការបារម្ភថា កូរ៉េខាងជើងអាចបាញ់មីស៊ីលចម្ងាយឆ្ងាយណាមួយ ជាអំណោយថ្ងៃបុណ្យគ្រិស្តម៉ាសឲ្យអាមេរិក។ នេះក៏បង្ហាញថា វ៉ាស៊ីនតោនតានដានឥតប៉ប្រិចភ្នែកផែនការរបស់ព្យុងយ៉ាង។
មួយរយៈពេលចុងក្រោយនេះ អាមេរិកបានបញ្ជូនយន្តហោះស៊ើបការណ៍ឲ្យហោះពីលើឧបទ្វីបកូរ៉េជាបន្តបន្ទាប់ដើម្បីតាមដានសកម្មភាពកូរ៉េខាងជើង។ អាចថាជារឿងមិនធម្មតាមួយ យន្តហោះស៊ើបការណ៍អាមេរិកដល់ទៅបួនគ្រឿង បានហោះក្នុងពេលតែមួយពីលើ និងជុំវិញឧបទ្វីបកូរ៉េនៅថ្ងៃទី២៤ និងទី២៥ ខែធ្នូ។
បើតាមការផ្សាយរបស់វេបសាយ Aircraft Spots ដែលតាមដានចរាចរណ៍ផ្លូវអាកាស យន្តហោះស៊ើបការណ៍ទាំងបួនមាន RC-135W Rivet Joint, E-8C, RQ-4 Global Hawk និង RC-135S Cobra Ball ។ បេសកកម្មរបស់យន្តហោះយកការណ៍ទាំងបួន គឺតាមដានសកម្មភាពខុសប្លែកពីធម្មតាណាមួយរបស់កូរ៉េខាងជើង ដែលបានគំរាមឲ្យអំណោយគាប់ចិត្តសម្រាប់អាមេរិកអំឡុងថ្ងៃឈប់សម្រាកបុណ្យគ្រិស្តម៉ាស។
យន្តហោះ RC-135W និង E-8C ហោះលើកម្ពស់ជិត៩,៥គីឡូម៉ែត្រ ខណៈយន្តហោះ RQ-4 Global Hawk ហោះលើកម្ពស់១៦គីឡូម៉ែត្រ។ យន្តហោះ RC-135S Cobra Ball ធ្វើដំណើមកពីមូលដ្ឋានទ័ពអាកាសអាមេរិកនៅជប៉ុន Kadena ហើយធ្វើបេសកកម្មនៅពីលើសមុទ្រខាងកើត ឬសមុទ្រជប៉ុន។ បើតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap យន្តហោះចាក់សាំង KC-135R ក៏ហោះពីលើសមុទ្រខាងកើតនេះដែរ។
វត្តមានយន្តហោះស៊ើបការណ៍ព្រមគ្នាបែបនេះ បង្ហាញពីការយកចិត្តទុកដាក់របស់អាមេរិកលើសភាពការណ៍នៅឧបទ្វីបកូរ៉េ ស្របពេលកូរ៉េខាងជើងប្រុងធ្វើសកម្មភាពគឃ្លើនម្ដងទៀត។ ការគំរាមផ្ដល់អំណោយថ្ងៃគ្រិស្តម៉ាស ត្រូវបានគេមើលឃើញថា ជាសញ្ញានៃការចាប់ផ្ដើមឡើងវិញការសាកល្បងមីស៊ីលបាលីស្ទិក ខណៈឱសានវាទរបស់កូរ៉េខាងជើងឲ្យអាមេរិកផ្លាស់ប្ដូរគោលនយោបាយចរចានោះ ខិតកៀកមែនទែនទៅហើយ។
យន្តហោះអាមេរិក ទំនងប្រមូលព័ត៌មានទាក់ទងសកម្មភាពកូរ៉េខាងជើងដែលទាក់ទងការបាញ់មីស៊ីល ឬក៏ការវិវត្តណាមួយនៅទីតាំងបាញ់មីស៊ីលរបស់ព្យុងយ៉ាង។ មជ្ឈមណ្ឌលបាញ់ផ្កាយរណប Sohae អាចជាគោលដៅរបស់របស់យន្តហោះអាមេរិក ព្រោះទីនោះ កូរ៉េខាងជើងបានប្រកាសពីជោគជ័យលើការសាកល្បងដ៏សំខាន់ចំនួនពីរ ដែលគេជឿថា ជាការសាកល្បងម៉ាស៊ីនបាញ់រ៉ុក្កែត។ បើមានការបាញ់មីស៊ីលមែននោះ Sohae អាចជាជើងទម្រើមិនខាន៕
Tag:
អាមេរិក
កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com