ពីនេះ ពីនោះ
«ទន់» មានសូរដូចនឹងពាក្យ«ទុន» តែមានខ្លឹមសារខុសគ្នា
× ថ្វីដ្បិតរវាងពាក្យទាំងពីរនេះមានសូរសៀងស្រដៀងគ្នាក៏ពិតមែន តែអត្ថន័យខុសគ្នាដាច់ស្រឡះតែម្តង។ វចនានុក្រមខ្មែររបស់សម្តេច ជួន ណាត បានបញ្ជាក់ខ្លឹមសារខុសគ្នារវាងពាក្យទាំងពីរនេះ។
«ទន់»សំដៅលើ បត់បែន, ពត់បាន ច្របាច់ច្របល់បាន,មិនបាក់មិនបែក។ «ទន់»មានន័យផ្ទុយពីពាក្យ«រឹង»។
បើតាមវចនានុក្រមខ្មែរដដែល ពាក្យ«ទុន»វិញ សំដៅលើប្រាក់ដើម,របស់ដើម,ប្រាក់ ឬជារបស់សម្រាប់ចាយ សម្រាប់ប្រកបកិច្ចការ ឲ្យចម្រើនប្រយោជន៍ឡើង។ ដើមទុន,ខាតទុន ជាដើម។
នៅក្នុងវចនានុក្រមខ្មែរមានពាក្យជាច្រើនទៀត ដែលមានសូរសៀងដូចគ្នា តែន័យខុសគ្នា។ នោះមានជាពាក្យ គុណ,គន់ ឬគុន, កោត,កោដិ,កោដ្ឋ, កា,ការ,កាណ៍ និងការណ៍, កំពុង,កំពង់ ជាដើម។ ពាក្យទាំងនេះគេកំណត់ថា ជាសន្ទានុក្រមសទិសសូរ(ពាក្យដែលមានសូរសព្ទដូចគ្នា តែអត្ថន័យខុសគ្នា)៕
© រក្សាសិទ្ធិដោយ thmeythmey.com