អន្តរជាតិ
UN៖​សេដ្ឋកិច្ច​សកល​ខាតបង់​៣,៦​ទ្រី​លាន​ដុល្លារ​រាល់​ឆ្នាំ​ព្រោះ​អំពើពុករលួយ​
28, Dec 2019 , 8:59 am        
រូបភាព
រូបភាពតំណាង
រូបភាពតំណាង
ដោយ:
​អំពើពុករលួយ ធ្វើ​ឲ្យ​សេដ្ឋកិច្ច​សកលលោក​ខាតបង់​ដល់​ទៅ ៣,៦ ទ្រី​លាន​ដុល្លារ ប្រចាំឆ្នាំ ។ លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ António Guterres លើកឡើង​បែបនេះ​ក្នុង​ថ្ងៃ «​ប្រឆាំង​អំពើពុករលួយ​» អន្តរជាតិ កាលពី​ថ្ងៃ ០៩ ធ្នូ ឆ្នាំ​២០១៩ ។ លោក សង្កត់ធ្ងន់ថា លុយ​១​ទ្រី​លាន​ដុល្លារ ត្រូវបាន​បង់​ក្នុង​ទម្រង់​ជា «​ស៊ីសំណូក សូកប៉ាន់​» ជា​រៀងរាល់ឆ្នាំ ខណៈ​២,៦ ទ្រី​លាន​ដុល្លារ​ផ្សេងទៀត ត្រូវបាន​លួច ហើយ​ទាំងអស់នេះ គឺ​មកពី​អំពើពុករលួយ​។

 
«​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ គឺជា​ក្តី​ក​ខ្វល់​ជាស​កល ព្រោះថា អំពើពុករលួយ ត្រូវបាន​រកឃើញ​ទាំង​ក្នុង​បណ្តា​ប្រទេស​អ្នកមាន និង​ប្រទេស​ក្រីក្រ ហើយ​ភស្តុតាង បង្ហាញថា វា​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​យ៉ាង​ធំធេង​»​។ អង្គការសហប្រជាជាតិ បាន​សរសេរ​បែបនេះ​លើ​វេ​ប​សាយ​របស់ខ្លួន ដោយ​បន្ថែមថា  អំពើ​រលួយ​នេះ រួមចំណែក​ដល់​អស្ថិរភាព និង​ភាពក្រីក្រ ហើយ​វា​ជា​កត្ដា​ដ៏​ចម្បង​មួយ​ក្នុងការ​បង្អក់​ដំណើរការ​អភិវឌ្ឍ​ប្រទេស​។ 
 
«​អំពើពុករលួយ​» អាចធ្វើ​ឡើង​ក្រោម​ទម្រង់​ជាច្រើន​ដូចជា ការស៊ីសំណូក​សូកប៉ាន់​, ការកេងប្រវ័ញ្ច​, ការលាង​លុយកខ្វក់​, ការ​គេច​បង់ពន្ធ និង​បក្ខពួកនិយម​។​ល​។ ទោះ​កើតឡើង​ក្នុង​ទម្រង់​បែបណាក៏ដោយ អំពើពុករលួយ តែងតែ​ទាមទារ​ឲ្យ​មាន​អ្នក​បង់ខាត ហើយ​ជារឿយៗ​វា​នាំ​ឲ្យ​ស្ថាប័ន​ចុះ​ខ្សោ​, ខ្វះ​ការរីកចម្រើន និង​ពុំ​អាច​ផ្តល់​សេវាកម្ម​សាធារណៈ​ប្រកបដោយ​ប្រសិទ្ធភាព​ជាដើម​។​
 
​អង្គការសហប្រជាជាតិ បានដាក់​អំពើពុករលួយ​ក្នុង​បញ្ជី «​ឧបសគ្គ​មួយ​ក្នុងចំណោម​ឧបសគ្គ​ធំ​បំផុត​» ដើម្បី​សម្រេច គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០៣០​របស់ខ្លួន ដែល​រួមមាន ការលុបបំបាត់​ភាពអត់ឃ្លាន និង​ភាពក្រីក្រ ក៏ដូចជា ពង្រឹង​ការអប់រំ សុខុមាលភាព និង​ហេដ្ឋារចនាសម្ព័ន្ធ ជាដើម​។ ម្ល៉េះ​ហើយ​ទើប  កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ (UNDP) និង​ការិយាល័យ UN ទទួលបន្ទុក​ឧក្រិដ្ឋកម្ម​និង​គ្រឿងញៀន បាន​បង្កើត​យុទ្ធនាការ​អន្តរជាតិ​មួយ​ដើម្បី​បំពាក់បំប៉ន់​មនុស្ស​គ្រប់គ្នា រាប់​ពី​អ្នកនយោបាយ ដល់​មេ​សហជីព​ពាណិជ្ជកម្ម ជាមួយ​ចំណេះដឹង និង​បច្ចេកទេស​ប្រយុទ្ធ​នឹង​អំពើពុករលួយ​ក្នុងប្រទេស​ពួកគេ​។ 
 
​ម្យ៉ាងទៀត ការស្ទង់មតិ​ឆ្នាំ​២០១៧​មួយ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ ដែលមាន​អ្នកចូលរួម (​មនុស្សពេញវ័យ​) ១៦១ ១៣៦ បាន​បង្ហាញថា ២៥​ភាគរយ​នៃ​ប្រជាជន​នៅ​ទូទាំង​ពិភពលោក អះអាងថា ពួកគេ បាន​បង់ថ្លៃ​សំណូក នៅពេល​ប្រើ​សេវាកម្ម​សាធារណៈ​ក្នុងពេល​១២​ខែ​ចុងក្រោយ​។ មិនជា​រឿង​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ឡើយ មនុស្ស ៥៧​ភាគរយ បាន​និយាយថា ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​របស់រ​ដ្ឋា​ភិ​បាល​ពួកគេ គឺ​គ្មាន​ប្រសិទ្ធភាព​ឡើយ​។ ការស្ទង់មតិ​ដដែល ក៏​រកឃើញ​ទៀតថា ប៉ូលិស និង​មន្ត្រី​សាធារណៈ ជាប់​ចំណាត់ថ្នាក់​ជា​ក្រុម​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំង​បំផុត បើ​ផ្អែកលើ មធ្យមភាគ​ជាស​កល ។ 
 
​ដំណឹង​ល្អ គឺថា ច្រើនជាង​ពាក់កណ្ដាល​នៃ​អ្នក​ដែល​បាន​ចូលរួម​ផ្តល់​មតិ បាន​លើកឡើងថា ពួកគេ​មាន​ទំនុកចិត្ត​ក្នុងការ​ផ្លាស់ប្តូរ​របៀប​របប​ដ៏​អាក្រក់​មួយ​នេះ​។ អារម្មណ៍​នេះ គឺជា​អ្វីដែល​អង្គការសហប្រជាជាតិ សង្ឃឹម​នឹង​លើកកម្ពស់ នាពេលនេះ និង​ពេលខាងមុខ ។  
 
​មនុស្ស ច្រើនតែ​គិតថា  អំពើពុករលួយ គឺជា​របៀបរបប​មួយ​នៃ​ជីវិត ហើយ​ពួកគេ​គិតថា ការប្រព្រឹត្ត​រឿងនេះ គឺជា​រឿង​ធម្មតា​។ យ៉ាងណាមិញ គ្រប់​សង្គម វិស័យ និង​ប្រជាជន​ទាំងអស់ នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​ការ​រួមគ្នា​ប្រឆាំងនឹង​អំពើពុករលួយ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ​។ នេះ​ការបញ្ជាក់​របស់​អង្គការសហប្រជាជាតិ​៕
 
 

Tag:
 អំពើពុករលួយ​
  អង្គការសហប្រជាជាតិ​
  សេដ្ឋកិច្ច​សកល​
© រក្សាសិទ្ធិដោយ thmeythmey.com