អន្តរជាតិ
ប្រធានាធិបតី​តៃវ៉ាន់ ស្នើ​ឲ្យ​សភា​ជជែក​បន្ថែម​លើ​សំណើ​ច្បាប់​ប្រឆាំង​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​
26, Dec 2019 , 2:30 pm        
រូបភាព
លោកស្រីប្រធានាធិបតី Tsai Ing-wen នៅក្នុងកម្មវីធីមួយ។ រូបភាព៖ Reuters
លោកស្រីប្រធានាធិបតី Tsai Ing-wen នៅក្នុងកម្មវីធីមួយ។ រូបភាព៖ Reuters
​ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី Tsai Ing-wen នៅ​ថ្ងៃទី​២៥ ខែធ្នូ បាន​ជំរុញ​ឲ្យ​រដ្ឋសភា ពិភាក្សា​បន្ថែមទៀត ជុំវិញ​សំណើ​ច្បាប់​ស្តីពី​ការប្រឆាំង​ការ​ជ្រៀត​ជ្រែ​ត​កិច្ចការ​ផ្ទៃក្នុង ដើម្បី​ទប់ស្កាត់​ឥទ្ធិពល​របស់​ទីក្រុង​ប៉េកាំង​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​តៃវ៉ាន់​នា​ថ្ងៃ​ខាងមុខ​។ សំណើ​ច្បាប់​នេះ ត្រូវបាន​គណបក្សប្រឆាំង​ជំទាស់​ថា គ្រាន់តែ​ជា​ឧបករណ៍​នយោបាយ និង​ចាត់ទុក​បក្សប្រឆាំង​ជាទី​ភ្នាក់ងារ​របស់​បក្ស​កុម្ម​យ​និ​ស្ត​ចិន ។


 
​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន (DPP) របស់​តៃវ៉ាន់ បាន​ជំរុញ​សំណើ​ច្បាប់​ស្តី​ការប្រឆាំង​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ជាថ្មី ទៅ​សភា ដើម្បី​អនុម័ត​។ គេ​រំពឹងថា សំណើ​ច្បាប់​អាច​ត្រូវបាន​រដ្ឋសភា​អនុម័ត​មុន​ដំណាច់ឆ្នាំ ២០១៩​នេះ​។ ពោលគឺ​ធ្វើយ៉ាងណា​ឲ្យ​សំណើ​ច្បាប់​មួយ​នេះ ត្រូវអនុម័ត មុន​ការបោះឆ្នោត​ប្រធានាធិបតី​តៃវ៉ាន់ ក្នុង​គោលបំណង​ទប់ស្កាត់​ឥទ្ធិពល​ចិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​បោះឆ្នោត​មួយ​នេះ​។ 
 
​ដោយនិយាយ​ពី​ការទប់ស្កាត់​ឥទ្ធិពល​របស់​ចិន​ចំៗ លោកស្រី Tsai Ing-wen បាន​អះអាងថា ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក បានអនុម័ត​ច្បាប់​ស្តីពី​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង ដើម្បី​ការពារ​ការពង្រីក​ឥទ្ធិពល​របស់​ចិន ចំណែក​តៃវ៉ាន់​ក៏​ដូចគ្នា​។ ក្នុង​ពិធី​ធ្វើ​បទ​បង្ហាញ​គោលនយោបាយ ដែល​ចាក់ផ្សាយ​នៅលើ​កញ្ចក់​ទូរទស្សន៍​របស់​តៃវ៉ាន់ ប្រមុខរដ្ឋ​លើកឡើងថា តៃវ៉ាន់​ត្រូវតែ​មានច្បាប់​នេះ ព្រោះ​ទឹកដី​មួយ​នេះ បាន​ប្រឈម​បញ្ហា​ដោយផ្ទាល់​ជាច្រើន​ជាមួយ​ចិនដីគោក​។ 
 
​ជុំវិញ​ការរិះគន់​ច្រើន​ជុំវិញ​សំណើ​ច្បាប់ លោកស្រី Tsai ប​បន្តទៀតថា ប្រជាជន​តៃវ៉ាន់​មួយចំនួន​គិតថា សំណើ​ច្បាប់​នេះ គឺជា​ការ​ញុះញង់ និង​ប្រៀបប្រដូច​ទៅនឹង​ច្បាប់​សង្គ្រាម ប៉ុន្តែ​វា​មិន​ដូច្នេះ​ទេ​។ ដើម្បី​ឲ្យ​មនុស្ស​មួយចំនួន​យល់​ពី​សំណើ​ច្បាប់​មួយ​នេះ កាន់តែ​លំអិត លោកស្រី Tsai បាន​ជំរុញ​ឲ្យ​ប្រជាជន​ទាំងនោះ ចូលទៅក្នុង​រដ្ឋសភា ដើម្បី​ពិភាក្សា​ឲ្យ​កាន់តែ​ច្បាស់លាស់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​ចំណែក​បក្សប្រឆាំង គូ​មិញ​តាង​(Kuomintang) ដែល​និន្នាការ​ចង់បាន​ទំនាក់ទំនង​ល្អជា​មួយ​ទីក្រុង​ប៉េកាំង​វិញ ក៏បាន​រិះគន់​សំណើ​ច្បាប់​នេះ​ផងដែរ​។ បក្ស​គូ​មិញ​តាង បាន​ជំទាស់​ថា សំណើ​ច្បាប់​ស្តីពី​ប្រឆាំង​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​នេះ គ្រាន់តែ​ជា​ឧបករណ៍​នយោបាយ​រប​ស់លោក​ស្រី Tsai និង​គណបក្ស​របស់លោក​ស្រី​ដើម្បី​រក​សំឡេងឆ្នោត​នា​ថ្ងៃ​ខាងមុខ និង​លាប​ពណ៌​បក្ស​គូ​មិញ​តាង​ថា ជាទី​ភ្នាក់ងារ​របស់​ប​ក្ស​កុ​ម្មុយ​និ​ស្ត​តែប៉ុណ្ណោះ ។​
 
​ប្រសិន​គ្មាន​ការប្រែប្រួល​ទេ រដ្ឋសភា​តៃវ៉ាន់ នឹង​បោះឆ្នោត​អនុម័ត​លើ​សំណើ​ច្បាប់​ស្តីពី​ការប្រឆាំង​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​នេះ​នៅ​សប្តាហ៍​ក្រោយ​។ តាមរយៈ​សំណើ​ច្បាប់​មួយ​នេះ តៃវ៉ាន់​នឹង​ហាមឃាត់​សកម្មភាព​នយោបាយ និង​ការទទួល​មូលនិធិ​ទាំងឡាយ​ពី​សំណាក់​ប្រទេស​ជាស​ត្រូវ ៕

Tag:
 តៃវ៉ាន់​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com