អត្ថបទពាណិជ្ជកម្ម
អេ អឹម ខេ ត្រូវបាន​ទទួលស្គាល់​ជា «​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឆ្នើម​នៅ​កម្ពុជា​»
26, Dec 2019 , 3:21 pm        
រូបភាព
ដោយ: ថ្មីៗ
 គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អេ អឹម ខេ ភីអិលស៊ី ត្រូវបាន​ទទួលស្គាល់​ជា​«​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឆ្នើម​នៅ កម្ពុជា​ប្រចាំឆ្នាំ​២០១៩» ពី Global Business Outlook​។ អេ អឹម ខេ ត្រូវបាន​វិនិច្ឆ័យ​ទៅលើ​លក្ខខណ្ឌ និង​គោលការណ៍​ជាច្រើន ដូចជា​ការច្នៃប្រឌិត​ផ្នែក​បច្ចេកវិទ្យា មាន​ជម្រើស​ច្រើន​ក្នុង​ការបង់​សង​កម្ចី ចំណាយ​ថ្លៃ​សេវា​ទាប សេវា​លឿន​រហ័ស​ទាន់​ចិត្ត ការបង់​សង​ត្រលប់​មាន​ភាពបត់បែន អនុវត្ត​គោលនយោបាយ​ការពារ​អតិថិជន​ពេញលេញ សេវាកម្ម​ល្អ បុគ្គលិក​មាន​វិជ្ជាជីវៈ​ខ្ពស់ និង​រួសរាយ​រាក់ទាក់ ដោះស្រាយ​បញ្ហា​ប្រកបដោយ​ប្រសិទ្ធភាព​សម្រាប់​អតិថិជន​។
 
​អេ អឹម ខេ គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដំបូង​គេ​បង្អស់ ដែល​បង្កើត​នាយកដ្ឋាន​ស្រាវជ្រាវ​ឯករាជ្យ​នៅក្នុង​ស្ថាប័ន ដើម្បី​ស្រាវជ្រាវ​ផ្នែក​ទីផ្សារ ការស្ទង់មតិ​ផ្សេងៗ អំពី​ភាព​ពេញចិត្ត​របស់​អតិថិជន និង​សិក្សា​ពី​ការយល់ឃើញ និង​ឥរិយាបថ​របស់​អតិថិជន​ផងដែរ​។​
 
​លោក គា បូរាណ ប្រធាន​យក​ប្រតិបត្តិ អេ អឹម ខេ មានប្រសាសន៍ថា ពានរង្វាន់​នេះ បង្ហាញ​ឲ្យ​ឃើញថា អេ អឹម ខេ បាន និង​កំពុងតែ​ធ្វើ​កិច្ចការ​ជាច្រើន ដើម្បី​បំពេញតម្រូវការ​អតិថិជន​របស់ខ្លួន ដោយ​ផ្តល់ជូន​សេវា​ហិរញ្ញវត្ថុ​សម្បូរបែប​នៅ​កន្លែង​តែមួយ ជាពិសេស​អតិថិជន​ដែល​រស់នៅ​តំបន់​ជនបទ​។ លោក គា បូរាណ បន្ថែម​៖«​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ជោគជ័យ​របស់ អេ អឹម ខេ ដោយសារតែ​ការបង្កើត​វប្បធម៌​នៃ​ការច្នៃប្រឌិត ក្នុង​ការផ្តល់សេវា​ធនា​គារ​បែប​ទំនើប ដល់​អតិថិជន ព្រមទាំង​ការអភិវឌ្ឍ​ឥតឈប់ឈរ នូវ​ប្រព័ន្ធ​ធនាគារ​ស្នូល​របស់​យើង ដើម្បី​ធានាថា អតិថិជន មានការ​ពេញចិត្ត​លើ​សេវាកម្ម និង​ផលិតផល​របស់ អេ អឹម ខេ​»​។ 


 
​លោក បូរាណ បាន​បន្ថែមថា អេ អឹម ខេ ក៏បាន​វិនិយោគ​យ៉ាង​យកចិត្តទុកដាក់ ទៅលើ​បច្ចេកវិទ្យា​ថ្មី ដើម្បី​ពង្រីក​វិសាលភាព ដោយ​ធានា​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​លើ​ប្រតិបត្តិការ​។ អេ អឹម ខេ គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ឈានមុខ​គេ លើ​វិសាលភាព​ប្រតិបត្តិការ និង​ចំនួន​អតិថិជន​ប្រាក់កម្ចី​។ គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០១៩ នេះ អេ អឹម ខេ ធ្វើ​ប្រតិបត្តិការ​ក្នុងភូមិ​ចំនួន ១២.៦៧៤ ស្មើនឹង​៩០% នៃ​ចំនួន​ភូមិ​សរុប​នៅ​កម្ពុជា មាន​ការិយាល័យ​សរុប​ចំនួន ១៤៩ បុគ្គលិក​ជាង ៣.០០០​នាក់ ម៉ាស៊ីន​ដក​/​ដាក់​ប្រាក់​ចំនួន​៥៦ និង​ភ្នាក់ងារ​ជាង ៥.០០០​កន្លែង ទូទាំងប្រទេស​។ 
 
​អេ អឹម ខេ កំពុង​បម្រើសេវា​ជូន​អតិថិជន​ចំនួន​ជិត ៩០​ម៉ឺន​នាក់ ជាមួយនឹង​ផលប័ត្រ​ប្រាក់កម្ចី​ជាង ៣២០​លាន ដុល្លារ​អាមេរិក និង​ប្រាក់​បញ្ញើ​ជាង ១៨០​លាន ដុល្លារ​អាមេរិក​។ អេ អឹម ខេ ក៏បានផ្តល់​សេវា​ធានារ៉ាប់រង​ខ្នាតតូច លើ​សុខភាព និង​គ្រោះថ្នាក់ ដល់​អតិថិជន​ប្រាក់កម្ចី​របស់ខ្លួន​ជាង ៣២០.០០០ នាក់​នៅ​ទូទាំងប្រទេស ដើម្បី​ការពារ​ពួកគេ ពី​ភាព​តានតឹង​ផ្នែក​ហិរញ្ញវត្ថុ​ដែល​កើតមាន​យថាហេតុ​។ 
 
​អេ អឹម ខេ មាន​ផលិតផល និង​សេវាកម្ម​ជាច្រើន កំពុង​ផ្តល់ជូន​អតិថិជន​ដូចជា​៖ សេវា​ប្រាក់កម្ចី ប្រាក់​សន្សំ សេវា​ផ្ទេរប្រាក់​ក្នុង និង​ក្រៅប្រទេស សេវា​ទូទាត់​វិក្កយបត្រ សេវា​បង់​រំលស់ ធានារ៉ាប់រង​ខ្នាតតូច ធនាគារ​ចល័ត សេវា​បើកប្រាក់​បៀវត្សរ៍ ម៉ាស៊ីន​ដក​-​ដាក់​ប្រា​ក់ដោយ​ស្វ័យប្រវត្តិ (ATMs/CDMs) និង​សេវា​ហិរញ្ញវត្ថុ​ផ្សេងទៀត​៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com