អន្តរជាតិ
ជប៉ុន ព្យួរ​ក​បុរស​ចិន​ម្នាក់​លើ​ករណី​ប្លន់​និង​សម្លាប់​មនុស្ស​៤​នាក់
26, Dec 2019 , 3:35 pm        
រូបភាព
ដោយ:
​ជប៉ុន នៅ​ថ្ងៃ​ព្រហស្បតិ៍ ២៦ ធ្នូ បានសម្រេច​ព្យួរ​ក បុរស​ជនជាតិ​ចិន​ម្នាក់​ដែល​ត្រូវបាន​កាត់ទោស​លើ​បទ​ឃាតកម្ម​លើ​គ្រួសារ​ជនជាតិ​ជប៉ុន​ដែលមាន​សមាជិក ៤ នាក់​។ បើតាម​ការបញ្ជា​ក់រប​ស់​រដ្ឋមន្ត្រី​យុត្តិធម៌​ជប៉ុន អ្នកស្រី Masako Mory ។ ករណី​ឃាតកម្ម​ដ៏​ឃោរឃៅ​នេះ បាន​កើតឡើង​ក្នុង​ឆ្នាំ​២០០៣ ។

 
​អ្នកស្រី​រដ្ឋមន្ត្រី Masako Mori បាន​បញ្ជាក់ថា អ្នកស្រី​បាន​បញ្ជា​ឲ្យ​កាត់ទោស​ប្រហារជីវិត ដោយ​ការព្យួរ​កលើ​បុរស​ចិន​ម្នាក់ ឈ្មោះថា Wei Wei ក្រោយពី​មានការ​ពិនិត្យ​ពិចារណា​យ៉ាង​ល្អិតល្អន់ ជុំវិញ​ករណី​ប្លន់ និង​ឃាតកម្ម ដែល​បុរស​រូបនេះ​បាន​ប្រព្រឹត្ត​ជាមួយ​សិស្ស​ពីរ​នាក់​ផ្សេងទៀត​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​បុរស​ចិន Wei បច្ចុប្បន្ន​អាយុ ៤០ ឆ្នាំ គឺជា​អតីត​សិស្ស​ភាសា​ម្នាក់​ដែល​បាន​រៀន​ក្នុងប្រទេស​ជប៉ុន​។ លោក​បាន​រកឃើញថា​មានទោស​កំហុស​ក្នុងករណី​ឃាតកម្ម​លើ​មនុស្ស​៤​នាក់  ក៏ប៉ុន្តែ​បាន​អះអាងថា លោក​ពុំមែន​ជា​មេគំនិត​ក្នុង​សំណុំរឿង​នេះឡើយ​។ 
 
​បក្ខពួក​របស់​បុរស​ចិន​នេះ បាន​ចូល​ប្លន់​ផ្ទះ​បុរស​ជា​អ្នកជំនួញ​ជនជាតិ​ជប៉ុន​ម្នាក់​ឈ្មោះថា Shinjiro Matsumoto អាយុ ៤១ ឆ្នាំ ដែល​បាន​រស់នៅក្នុង​ទីក្រុង Fukuoka ភាក​ខាង​និរតី​នៃ​ប្រទេស​ជប៉ុន កាលពី​ខែ មិថុនា ឆ្នាំ​២០០៣ ដោយ​សម្លាប់​លោក​ដោយ​ប្រើ​ខ្សែរឹត​ក​។ 
 
​ចំណែក​ភរិយា​លោក ឈ្មោះថា Chika អាយុ​៤១ ឆ្នាំ ត្រូវបាន​ច្រមុជ​ទឹក​សម្លាប់​ក្នុង​អាង  ហើយ​កូនៗ​ពួកគេ ត្រូវបាន​រឹត​ក​សម្លាប់​ដូច​ឪពុក​ដែរ​។ សាកសព​របស់​ជនរ​ង​គ្រោះ ត្រូវបាន​រកឃើញ​បោះចោល​ក្នុង​ឆ្នេរសមុទ្រ Hakata ដោយ​ដៃ​ជាប់​ខ្នោះ​និង​ខ្លួនប្រាណ​ជាប់​ដោយ​របស់​ធ្ងន់ៗ​ដើម្បី​កុំ​ឲ្យ​អណ្ដែត​ទឹក​។ ជនសង្ស័យ​២​នាក់​ផ្សេងទៀត បាន​ព្យាយាម​រត់គេចខ្លួន​ទៅកាន់​ប្រទេស​ចិន ក៏ប៉ុន្តែ​ត្រូវ​ចាប់ខ្លួន​នៅ​ទីនោះ​។ 
 
​សម្រាប់​ការកាត់ទោស​ប្រហារជីវិត​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ២៦ ធ្នូ នេះ គឺជា​ការកាត់ទោស​លើក​ទី​២ ក្នុង​ឆ្នាំ​២០១៩ ក្រោយពី​តុលាការ​ជប៉ុន បានសម្រេច​ព្យួរ​ក​បុរស​២ នាក់ ក្រោយ​កាត់ទោស​ពួកគេ​ពីបទ​ឃាង​កម្ម​ក្នុង​ខែសីហា ។ ដោយមាន​អ្នកទោស​ជាង ១០០ នាក់​ស្ថិតក្នុង​ការត្រៀម​កាត់ទោស​ប្រហារជីវិត ប្រទេស​ជប៉ុន​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ប៉ុណ្ណោះ ដែល​រក្សា​ទោស​ប្រហារជីវិត ហើយ​ការគាំទ្រ​ជា​សាធារណៈ​សម្រាប់​ទោស​នេះ នៅតែ​ខ្ពស់​ទោះបីជា​មានការ​រិះគន់​ពី​អន្តរជាតិ ក្នុងនោះ​ក្រុម​សិទ្ធិមនុស្ស​ជាដើម ៕

Tag:
 ជប៉ុន​
  ចិន​
  ឃាតកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com