អន្តរជាតិ
រុស្ស៊ី​ចោទ​ប្រមុខ UN ថា មិន​អើពើ​នឹង​អាមេរិក​ដែល​ពន្យារពេល​ផ្ដល់​ទិដ្ឋាការ​ឲ្យ​មន្ត្រី​ខ្លួន​
26, Dec 2019 , 7:19 pm        
រូបភាព
​ទីក្រុង​មូ​ស្គូ នៅ​ថ្ងៃទី​២៥ ខែធ្នូ បាន​រិះគន់​ប្រមុខ​អង្គការសហប្រជាជាតិ (UN) លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស ដែល​មិន​ចាត់វិធានការ​លើ​ការតវ៉ា​របស់​រុស្ស៊ី​ប្រឆាំង​អាមេរិក​ពាក់ព័ន្ធ​ការអូសបន្លាយ​ពេល​ផ្ដល់​ទិដ្ឋាការ​សម្រាប់​មន្ត្រី​រុស្ស៊ី​ដែល​ត្រូវ​ចូលរួម​ប្រជុំ​នៅ​បុរី​ញូវយ៉ក​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី លោកស្រី Maria Zakharova និយាយថា មន្ត្រី​រុស្ស៊ី ត្រូវ​រង់ចាំ​រាប់​ខែ​ដើម្បី​ទទួលបាន​ទិដ្ឋាការ​ពី​អាមេរិក ទោះជា​អាមេរិក​មាន​កាតព្វកិច្ច​ផ្ដល់​ការអនុញ្ញាត​ឲ្យ​បាន​លឿន​ក្ដី​។

 
​រុស្ស៊ី នៅតែ​មិន​ស្ងប់​ចិត្តនឹង​អាមេរិក​ដែល​ពន្យារពេល​ផ្ដល់​ទិដ្ឋាការ​ឲ្យ​មន្ត្រី​ខ្លួន​ដើម្បី​ធ្វើដំណើរ​ទៅកាន់​ទីស្នាក់ការ​អង្គការសហប្រជាជាតិ​នៅ​បុរី​ញូវយ៉ក​។ រឿងរ៉ាវ ក៏​ធ្លាយ​ទៅដល់​អង្គ​លេខាធិការ​អង្គការសហប្រជាជាតិ អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស ដោយ​មន្ត្រី​ក្រសួងការបរទេស​រុស្ស៊ី​ចោទ​មន្ត្រី​កំពូល​រូបនេះ​ថា ធ្វើជា​ខ្វាក់ភ្នែក​ចំពោះមុខ​ទង្វើ​របស់​អាមេរិក​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី អ្នកស្រី Maria Zakharova លើកឡើង​ក្នុង​សេចក្ដីថ្លែងការណ៍​ថ្ងៃទី​២៥ ខែធ្នូ ថា មន្ត្រី​ក្រសួងការពារជាតិ​រុស្ស៊ី ក៏ត្រូវ​ធ្វើដំណើរ​ទៅកាន់​លេខាធិការដ្ឋាន​អង្គការសហប្រជាជាតិ ត្រូវ​រង់ចាំ​រាប់​ខែ​ឯណោះ​ដើម្បី​ទទួលបាន​ទិដ្ឋាការ​ពី​អាមេរិក​។ បើតាម​អ្នកនាំពាក្យ​ដដែល រឿង​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​អ្វីៗ​បានកើត​ឡើង​ដោយ​មិនមាន​ការ​អើពើ​បន្តិច​ណា​សោះ​ពី​សំណាក់​អគ្គលេខាធិការ ហ្គូ​តេ​រ៉េ​ស ដែល​នោះ​មានន័យថា លោក​ក៏​មិន​ខ្វល់​ការបំពាន​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​ដោយ​អាមេរិក​ដែរ​។​
 
​កន្លងទៅ ទីក្រុង​មូ​ស្គូ ចោទថា ទីក្រុង​វ៉ាស៊ីនតោន​មាន​ចេតនា​តែម្ដង​ក្នុងការ​អូសបន្លាយ​ពេល​ផ្ដល់​ទិដ្ឋាការ​សម្រាប់​មន្ត្រី​រុស្ស៊ី​ដែលមាន​ភារកិច្ច​នៅ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ​ក្នុង​ខែកញ្ញា​អំ​ឡុ​ពេល​កិច្ចប្រជុំ​មហាសន្និបាត​។ សកម្មភាព​បែបនេះ ត្រូវបាន​រុស្ស៊ី​អះអាងថា ជា​កត្តា​បន្ថែម​នាំ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​ដែល​កំពុង​ល្អក់កករ​កាន់តែ​យ៉ាប់យ៉ឺន​ខ្លាំង​ទៀត​។ 
 
​ដោយសារ​រឿងនេះ រុស្ស៊ី ក៏​កោះហៅ​មន្ត្រីការទូត​ជាន់ខ្ពស់​អាមេរិក​ទៅ​សួរ​ផងដែរ​។ រុស្ស៊ី​ប្រាប់​អាមេរិក​ថា ការពន្យារពេល​ផ្ដល់​ទិដ្ឋាការ​បែបនេះ ជា​រឿង​មិនអាច​ទទួលយក​បានឡើយ​។ 
 
​ក្រោម​កិច្ចព្រមព្រៀង​ជាមួយ​អង្គការសហប្រជាជាតិ អាមេរិក​ដែលជា​រដ្ឋ​ម្ចាស់ផ្ទះ មាន​កាតព្វកិច្ច​ផ្ដល់​ទិដ្ឋាការ​ដល់​មន្ត្រី​មកពី​ប្រទេស​សមាជិក​អង្គការសហប្រជាជាតិ​ទាំងអស់ ដែល​ត្រូវ​ចូលរួម​ការប្រជុំ​នានា​នៅ​ទីស្នាក់ការ​ក្នុង​ទីក្រុង​ញូវយ៉ក ពិសេស​កិច្ចប្រជុំ​មហាសន្និបាត​ដែល​ធ្វើ​រៀងរាល់ឆ្នាំ​។ សូម្បីតែ​មន្ត្រី​កូរ៉េខាងជើង ឬ​អ៊ីរ៉ង់​ដែល​អាមេរិក​គ្មាន​ទំនាក់ទំនង​ការទូត​អ្វី​នោះ ក៏មាន​សិទ្ធិ​ទទួលបាន​ទិដ្ឋាការ​ដើម្បី​ជាន់​ទឹកដី​ទីក្រុង​ញូវយ៉ក​នេះដែរ​៕ 

Tag:
 ​រុស្ស៊ី​
  UN
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com