ជាតិ
បញ្ហានាំអង្ករចេញមិនស្របតាមផែនការ ធ្វើឱ្យសម្ដេច ហ៊ុន សែន រអ៊ូថា កម្ពុជា «មានមាសតែខ្វះក្រដាសខ្ចប់»
× ភ្នំពេញ៖ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងជាថ្មីថា កសិកម្មកម្ពុជា ប្រៀបបានដូចជាមាស ប៉ុន្តែខ្វះក្រដាសខ្ចប់។ ការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល គឺចង់សំដៅទៅលើការផលិតបាននូវទិន្នផលកសិកម្មស្រូវច្រើន ប៉ុន្តែការនាំចេញអង្ករវិញ វាធ្វើមិនបានល្អតាមផែនការគ្រោងទុក។
«រឿងយើង គឺរឿងមានមាសខ្វះក្រដាសខ្ចប់។ គោលនយោបាយយើង គឺដាក់ចេញការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករឱ្យបាន១លានតោន»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន ដែលបានពន្យល់ថា គោលដៅទាំងពីររបស់កម្ពុជានេះ សម្រេចបានតែមួយទេ នោះគឺផលិតស្រូវបានច្រើន រហូតដល់អតិរេក(ទិន្នផលលើស ឬនៅសល់)ជិត៦លានតោន ប៉ុន្តែការនាំចេញអង្ករវិញ គឺបានតែ៥៨ម៉ឺនតោន ដែលផ្ទុយពីផែនការនាំចេញ១លានតោនក្នុងមួយឆ្នាំ។
ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី២៦ ធ្នូនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសង្កត់ធ្ងន់ថា បញ្ហាដែលនាំឱ្យកម្ពុជា មិនអាចនាំចេញអង្ករឱ្យបាន១លានតោននេះ ដោយសារកម្ពុជា នៅខ្វះអ្នកវិនិយោគលើវិស័យស្រូវអង្ករ និងខ្វះបច្ចេកទេសកែច្នៃជាដើម។
«អ៊ីចឹងទេ បានជាឥឡូវនេះ យើងកំពុងខិតខំទាញអ្នកវិនិយោគ ដើម្បីឱ្យមកវិនិយោគក្នុងស្រុក(លើវិស័យស្រូវអង្ករ)តែម្ដង។ យើងកន្លងទៅនេះ ខ្វះឡរសម្ងួត ខ្វះម៉ាស៊ីនកិនស្រូវ ខ្វះឃ្លាំង ដូច្នេះជម្រើសដែលនៅសល់ គឺលក់(ស្រូវ ដែលនៅសល់ជិត៦លានតោន) ទៅឱ្យប្រទេសជិតខាង»។ នេះជាការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាល ដែលបានបន្ថែមថា ស្រូវដែលនៅសល់នេះ គឺលក់ឱ្យទៅវៀតណាម៧០ភាគរយ និងថៃ ៣០ភាគរយ។
ជាមួយគ្នានេះសម្ដេច ហ៊ុន សែន អំពាវនាវឱ្យអ្នកវិនិយោគបរទេសទាំងអស់ មកដាក់ទុនរកស៊ីនៅកម្ពុជា លើការកែច្នៃផលិតផលកសិកម្ម សម្រាប់នាំចេញ ទាំងផ្នែកឧស្សហកម្ម-កសិកម្ម និងផ្នែកឧស្សាហកម្មបច្ចេកវិទ្យា។
ការនាំចេញអង្កររបស់កម្ពុជាក្នុងរយៈពេលចុងក្រោយនេះ ហាក់មិនសូវកើនឡើងនោះ ដោយសារអង្ករកម្ពុជាត្រូវប្រកួតប្រជែងជាមួយអង្ករប្រទេសជិតខាង។ ម្យ៉ាងវិញទៀតកម្ពុជា នៅជួបបញ្ហាសំខាន់ផ្សេងទៀត ដូចកង្វះទំនើបកម្មកសិកម្ម និងការចំណាយថ្លៃដើមខ្ពស់។ ជាពិសេសបញ្ហាប្រែប្រួលអាកាសធាតុ ទឹក និងពូជស្រូវ។ នេះជាការបញ្ជាក់របស់លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា(CRF)។
ត្រង់ចំណុចនេះលោក សុង សារ៉ន ពន្យល់ថា គ្រឿងបរិក្ខារសម្រាប់ធ្វើកសិកម្ម ដូចជាគ្រឿងយន្តជាដើម ត្រូវនាំចូលក្នុងតម្លៃថ្លៃ ដែលធ្វើឲ្យចំណាយការភ្ជួររាស់ ច្រូតកាត់ ការដឹកជញ្ជូនថ្លៃ។ លោកបន្ថែម រីឯការកែច្នៃនាំចេញរបស់រោងម៉ាស៊ីនកិនស្រូវ នៅចំណាយខ្ពស់លើការដឹកជញ្ជូនជាដើម។ លោកជំរុញឲ្យក្រសួងពាក់ព័ន្ធត្រូវកែលម្អប្រព័ន្ធធារាសាស្ត្រ ការដឹកជញ្ជូន និងជួយសម្របសម្រួលបញ្ហាឃ្លាំងស្តុកឡសម្ងួតជាដើម។
តែយ៉ាងណាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក សុង សារ៉ន ដែលទើបចូលកាន់តំណែងថ្មីនេះ ប្ដេជ្ញាឲ្យការនាំចេញអង្ករនឹងសម្រេចបាន ១លានតោន ក្នុងរយៈពេល៣ឆ្នាំ ពោលគឺក្នុងអាណត្តិទី៣ ដែលលោកធ្វើជាប្រធានសហព័ន្ធនេះ៕
Tag:
ហ៊ុន សែន
កសិកម្ម
ស្រូវអង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com