អន្តរជាតិ
សម្ដេច​ប៉ាប​បន្ទាប់ អាចជា​ជនជាតិ​ហ្វីលីពីន​?
28, Dec 2019 , 1:59 pm        
រូបភាព
សម្ដេចប៉ាបហ្វ្រង់ស៊ីស (ស្ដាំ) និងកាឌីណាល់ហ្វីលីពីន Luis Antonio Tagle (ឆ្វេង)។​ រូបភាព AFP
សម្ដេចប៉ាបហ្វ្រង់ស៊ីស (ស្ដាំ) និងកាឌីណាល់ហ្វីលីពីន Luis Antonio Tagle (ឆ្វេង)។​ រូបភាព AFP
​សម្ដេច​ប៉ាប​លើក​ក្រោយ​អាចជា​ជនជាតិ​ហ្វីលីពីន​? នេះ​ជា​សំណួរ​ដែល​លេចឡើង​បន្ទាប់ពី​កាឌីណាល់ (Cardinal) ជនជាតិ​ហ្វីលីពីន Luis Antonio Tagle ត្រូវបានតែងតាំង​ដោយ​សម្ដេច​ប៉ាប​ហ្វ្រ​ង់​ស៊ី​ស​ឲ្យ​កាន់តំណែង​ខ្ពស់​នៅ​បុរី​វ៉ា​ទី​កង់​។ ការ​កាន់តំណែង​ខ្ពស់​នេះ ត្រូវបាន​គេ​មើលឃើញថា ជាការ​លុត​ដំ​សមត្ថភាព​របស់​កាឌីណាល់​រូបនេះ ហើយ​ដែល​អាច​ស្នង​តំណែង​បន្ត​ពី​ប្រមុខ​សាសនា​គ្រិស្ត​កាតូលិក​បច្ចុប្បន្ន​ដែលជា​ជនជាតិ​អា​ហ្ស​ង់​ទីន​។

 
​សម្ដេច​ប៉ាប​ហ្វ្រ​ង់​ស៊ី​ស (Pope Francis) បានតែងតាំង​កាឌីណាល់​ហ្វីលីពីន Luis Antonio Tagle ជា​ប្រមុខ​ការិយាល័យ Congregation for the Evangelization of Peoples កាលពី​ថ្ងៃទី​៨ ខែធ្នូ​។ ទទួលបន្ទុក​ផ្សព្វផ្សាយ​គោលការណ៍​គ្រិស្តសាសនា​នៅ​ជុំវិញ​ពិភពលោក ការិយាល័យ​នេះ ស្ថិត​ក្នុងចំណោម​ការិយាល័យ​ទាំង​៩ ដែល​ត្រូវបាន​ចាត់ទុកជា​គណៈរ​ដ្ឋ​មន្ត្រី​របស់​សម្ដេច​ប៉ាប​ផ្ទាល់​។ ការណ៍​នេះ ធ្វើ​ឲ្យ​បព្វជិត​ហ្វីលីពីន​រូបនេះ មាន​តួនាទី​ធំ​ក្នុង​ក្បាលម៉ាស៊ីន​បុរី​វ៉ា​ទី​កង់​។​
 
​ជាងនេះទៅទៀត សម្ដេច​ប៉ាប ក៏​កំពុង​ធ្វើកំណែទម្រង់​ការិយាធិបតេយ្យ​នៅក្នុង​បុរី​វា់ទី​កង់ ដ្បិត​កន្លងមក​រង​ការរិះគន់​ខ្លាំង​រឿង​ពុករលួយ និង​ការដណ្ដើម​អំណាច​រវាង​មន្ត្រីជាន់ខ្ពស់​។ ក្នុងការ​កែទម្រង់​នេះ ការិយាល័យ​របស់​កាឌីណាល់ Tagle នឹងត្រូវ​ច្របាច់​បញ្ចូល​ជាមួយ​ការិយាល័យ​មួយទៀត ហើយ​ឈរ​ពីលើ​ការិយាល័យ Congregation for the Doctrine of the Faith ។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​ហ្វីលីពីន Rappler ។ 
 
​ដោយសារ​កំណែទម្រង់​នេះ ការិយាល័យ​របស់​កាឌីណាល់ Tagle នឹង​ឈរ​លំដាប់​ទី​ពីរ​បន្ទាប់ពី​លេខាធិការដ្ឋាន​បុរី​វា់ទី​កង់​។ ប្រមុខ​លេខាធិការដ្ឋាន​នេះ ជា​ដៃស្ដាំ​របស់​សម្ដេច​ប៉ាប ហើយក៏​ជា​នាយករដ្ឋមន្ត្រី​របស់​វ៉ា​ទី​កង់​ផងដែរ​។ បានន័យថា កាឌីណាល់​ហ្វីលីពីន កាន់តំណែង​ជាន់ខ្ពស់​បំផុត​មួយ​ក្នុង​បុរី​វ៉ា​ទី​កង់​ដែល​គ្រប់​គ្រង់​អ្នកប្រតិបត្តិ​សាសនា​គ្រិស្ត​រាប់រយ​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​។​
 
​នៅពេល​តំណែង​សម្ដេច​ប៉ាប​ទំនេរ​ស្ថាពរ សម្ដេច​ប៉ាប​ថ្មី នឹងត្រូវ​ជ្រើសរើស​ដោយ​ក្រុម​កាឌីណាល់​ជាន់ខ្ពស់​ដែលជា​សមាជិក College of Cardinals ។ បច្ចុប្បន្ន បព្វជិត​ដែលមាន​ឋានៈ​ជា​កាឌីណាល់ មាន​ប្រហែល​២០០​នាក់​។ ក្នុង​ដំណើការ​ជ្រើសរើស​ប្រមុខ​វិហារ​កាតូលិក​ថ្មី សមាជិក College of Cardinals ទាំងអស់ ដែល​ធ្វើដំណើរ​មកពី​គ្រប់ទិសទី ត្រូវ​ជួបជុំគ្នា​នៅ​ទី​សម្ងាត់​បំផុត​រហូត​ទាល់តែ​ជ្រើសរើស​សម្ដេច​ប៉ាប​ថ្មី​បាន​៕  
 

Tag:
 ​ហ្វីលីពីន​
  សម្ដេច​ប៉ាប​
  Tagle
© រក្សាសិទ្ធិដោយ thmeythmey.com