អន្តរជាតិ
នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ អង្វរ​ពលរដ្ឋ​ថៃ​កុំ​ផឹក​គ្រឿង​ស្រវឹង​ហើយ​បើកបរ
27, Dec 2019 , 12:29 pm        
រូបភាព
លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា កំពុងលើកបង្ហាញប្រដាប់វាស់ជាតិអាកុល អំឡុងពិធីសម្ពោធចំណតរថយន្តក្រុង នៅថ្ងៃ ២៦ ខែ ធ្នូ ឆ្នាំ ២០១៩  ប្រភពរូប៖ សារព័ត៌មានថៃ The Nation
លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា កំពុងលើកបង្ហាញប្រដាប់វាស់ជាតិអាកុល អំឡុងពិធីសម្ពោធចំណតរថយន្តក្រុង នៅថ្ងៃ ២៦ ខែ ធ្នូ ឆ្នាំ ២០១៩ ប្រភពរូប៖ សារព័ត៌មានថៃ The Nation
ដោយ:
​ខណៈ​ពិធី​ឆ្លង​ឆ្នាំ​សកល ២០២០ ខិតចូល​មកដល់ លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃទី​២៦ ខែធ្នូ បាន​សំណូមពរ​ដល់​ប្រជាជន​ថៃ កុំ​ឲ្យ​ពិសា​គ្រឿង​ស្រវឹង ហើយ​បើកបរ​។ ទន្ទឹមនេះ មេដឹកនាំ​រូបនេះ ក៏បាន​លើកឡើង​ពី​សសរស្តម្ភ​បី ដើម្បី​ទទួលបាន​សុភមង្គល​ផងដែរ​។​

 
​ថ្លែង​អំឡុង​ពិធី​បើកសម្ពោធ​ចំណតរថយន្ត​ក្រុង​ថ្មី​មួយកន្លែង​ក្នុង​រាជធានី​បាងកក លោក ប្រា​យុទ្ធ លើកឡើងថា អំឡុងពេល​ឆ្លង​ឆ្នាំ​ថ្មី​ខាងមុខនេះ លោក​ចង់​ឲ្យ​មនុស្ស​គ្រប់គ្នា​ប្រុងប្រយ័ត្ន​លើ​ដងផ្លូវ​កាត់បន្ថយ​ការស្លាប់ និង​គ្រោះថ្នាក់​។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ថៃ The Nation លោកនាយក​រដ្ឋមន្ត្រី គូសបញ្ជាក់​ពី​សសរស្តម្ភ​ចំនួន ៣ សម្រាប់​សុភមង្គល ដោយ​លោក​ហៅ​ពួកវា​ថា «3Ls» ដូចជា ស្រលាញ់​ខ្លួនឯង (Love yourself), ស្រលាញ់​គ្រួសារ (Love family) និង​ស្រលាញ់​អ្នកដទៃ (Love others) ។  លោក បន្តថា​៖ «​នៅពេល​គ្រោះថ្នាក់​កើតឡើង សសរស្ដម្ភ​ទាំងបី​នេះ​ត្រូវ​បាត់បង់ ដូច្នេះហើយ កុំ​សេព​គ្រឿង​ស្រវឹង ហើយ​រក្សា​ល្បឿន​បើកបរ​អ្នកទាប​ជាង ៨០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​»​។ 
 
​បើតាម​លោក ប្រា​យុទ្ធ រដ្ឋាភិបាល​ថៃ សង្ឃឹមថា អត្រា​គ្រោះថ្នាក់​ចរាច​ណ៍​នឹង​ស្ថិតនៅ​អត្រា​សូន្យ​ភាគរយ ទោះបីជា​វា​ពិបាក​នឹង​កើតឡើង​ក៏ដោយ​។ ដោយ​ចាត់ទុក ប៉ូលិស និង​ប្រជាជន​ថៃ ជា​ក្រុមគ្រួសារ​លោក មេដឹកនាំ​ថៃ​រូបនេះ​ចង់​ឲ្យ​ពួកគេ​មាន​សុវត្ថិភាព​អំឡុង​ថ្ងៃ​ឆ្លង​ឆ្នាំនេះ​។ 
 
​សូមបញ្ជាក់ថា មនុស្ស ១៣ ៦៩២​នាក់ បាន​ស្លាប់ និង​៧៥៧ ០១០ នាក់​រងរបួស ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងប្រទេស​ថៃ អំឡុងពេល​១០​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៩​នេះ ។ ជា​មធ្យម គ្រោះថ្នាក់​ចរាចរណ៍ សម្លាប់​មនុស្ស ៤៥​នាក់​ក្នុង​មួយថ្ងៃ​។ នេះ​បើតាម​របាយការណ៍​ចុងក្រោយ ចុះផ្សាយ​ដោយ​កាសែត​បាងកក​ប៉ុស្តិ៍​។ បើតាម​អង្គការ​សុខភាព​ពិភពលោក (WHO) ប្រទេស​ថៃ ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស​លំដាប់​ទី​៨ ដែលមាន​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​អាក្រក់​បំផុត​លើ​ពិភពលោក​៕

Tag:
 ថៃ​
  ប្រា​យុទ្ធ​ចន្ទ​អូ​ចា​
  គ្រឿង​ស្រវឹង​
  ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com