ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល​ចង់បាន​វិនិយោគ​ឧស្សាហកម្ម​សំខាន់​ពីរ គឺ​កែច្នៃ​កសិផល និង​ឧស្សាហកម្ម​ប្រើ​ជំនាញ​
27, Dec 2019 , 7:19 pm        
រូបភាព
រូបពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន
រូបពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន
ដោយ:
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចង្អុលបង្ហាញ​ថា គោលនយោបាយ​ឧស្សាហកម្ម​របស់​កម្ពុជា គឺ​ទាក់ទាញ​ការវិនិយោគ​លើ​វិស័យ​ចំនួន​ពីរ​ជា​អាទិភាព គឺ​កែច្នៃ​កសិផល និង​ឧស្សាហកម្ម​ប្រើ​ជំនាញ​ខ្ពស់​។ ការលើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​បែបនេះ គឺ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នៅ​ថ្ងៃទី​២៦​ខែធ្នូ​។​


 
​ប្រសាសន៍​សម្ដេច ហ៊ុន សែន ៖



 
«​គោលនយោបាយ​ឧស្សាហកម្ម​របស់​យើង​បន្ត គឺ​យើង​ចង់​ទាក់ទាញ​លើ​ផ្នែក​២​សំខាន់ ទី​១​ឧស្សាហកម្ម​កែច្នៃ​ផលិតផល​កសិកម្ម ដែល​មិន​ទាមទារ​ទុន​ធំ​ពេក​ទេ សហគ្រាស​ធុន​តូច និង​មធ្យម​ត្រូវ​ដំណើរការ​អាហ្នឹង ទាំង​អ្នក​ក្នុងស្រុក និង​អ្នក​ក្រៅ​ស្រុក​»​។ នេះ​ជាការ​គូសបញ្ជាក់​របស់​សម្ដេច ហ៊ុន សែន ។ សម្ដេច​បន្តថា​៖«​រីឯ​ការចង់បាន​ទី​២ គឺ​ការវិនិយោគ​ទៅលើ​ឧស្សាហកម្ម​បច្ចេកវិទ្យា ទោះបីជា​យើង​នៅ​រក្សា​ឧស្សាហកម្ម​អតិពលកម្ម ដែល​ប្រើ​កម្លាំង​ច្រើន​ដូចជា​វិស័យ​កាត់ដេរ ប៉ុន្តែ​បើ​យើង​នៅ​ទ្រឹង​ប៉ុ​ណ្នឹ​ង​ទៅ​មិន​រួច​ទេ អ៊ីចឹង​ត្រូវ​ទាញយក​ឧស្សាហកម្ម​ជំនាញ​ខ្ពស់​»​។​
 
​ប្រមុខ​រដ្ឋាភិបាល និង​របាយការណ៍​រប​ស់​ធនាគារ​ពិ​ភ​លោក​ដែល​ចេញផ្សាយ​កន្លងមក លើកឡើង​ដូចគ្នា គឺ​កម្ពុជា​កំពុងមាន​ភាព​ទាក់ទាញ​ការវិនិយោគ​រោងចក្រ​ឧស្សាហកម្ម​មិនមែន​កាត់ដេរ ដូចជា​ឧស្សាហកម្ម​ដំឡើង​យានយន្ត គ្រឿង​បង្គុំ​អេឡិចត្រូនិក គ្រឿងបន្លាស់​ជាដើម ពិសេស​ការវិនិយោគ​ពី​ក្រុមហ៊ុន​ជប៉ុន​។   ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ការនាំចេញ​ឧស្សាហកម្ម​ប្រភេទ​នេះ​បាន​កាន់កាប់​ទំហំ​នាំចេញ​របស់​កម្ពុជា​កាន់​តែ​ធំ​ដែលមាន​ប្រមាណ​១០​ភាគរយ​នៃ​ការនាំចេញ​សរុប បើ​ធៀប​នឹង​ទំហំ​មិន​ដល់​២​ភាគរយ​ផង​នៅ​ឆ្នាំ​២០១០​។ ប៉ុន្តែ​បើតាម​ធនាគារពិភពលោក កម្ពុជា​ត្រូវ​ពង្រឹង​ធនធានមនុស្ស កែលម្អ​បរិយាកាស​ធុរកិច្ច និង​បញ្ចុះ​ថ្លៃដើម​ផលិតកម្ម ដើម្បី​ភាព​ទាក់ទាញ​ការវិនិយោគ​ទាំងនោះ​៕

Tag:
 កែច្នៃ​កសិផល​
  ឧស្សាហកម្ម​ជំនាញ​ខ្ពស់​
© រក្សាសិទ្ធិដោយ thmeythmey.com